ភ្នំពេញ ៖ ក្នុង​ឋានៈ​ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម​ប្រដាល់​គុន​ខ្មែរ ឃី​ម ឌី​ម៉ា នឹង​ផ្អាក​ការ​ប្រកួត​មួយ​រយៈ ដើម្បី​រង់ចាំ​មើល​សិនថា តើ​ក្រសួងអប់រំ​យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​នយោបាយ​បែប​ណា តើ​គេ​អនុញ្ញាត​ឲ្យ​ម្ចាស់​មេដាយមាស​ ទៅ​ប្រកួត​នៅតាម​ស្ថានីយ៍ទូរទស្សន៍​នានា បាន​ឬទេ ?

ឃុន ឌី​ម៉ា ​គេ​ស្កាល់​ជា​ទូទៅ​ថា ឃី​ម ឌី​ម៉ា ​ដែលឪពុក​របស់​គេ​ឈ្មោះ ហេង ប៊ុ​ន​ឃី​ម ដែល​កាលពី​អម្លុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ គេ​ក៏​ជា​អ្នក​ប្រដាល់​មួយ​រូប​ដែរ របស់​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ លោកមិនសូវ​ជា​លេចមុខ​លេច​មាត់​ប៉ុន្មាន​ទេ នៅ​រាជធានី​ភ្នំពេញ ដោយសារ​តែ​កាលនោះ មិនសូវ​មាន​សង្វៀន​ប្រដាល់តាម​ស្ថានីយ៍ទូរទស្សន៍​ណាហៅ​លោក ហេង ប៊ុ​ន​ឃី​ម ឡើងវ៉ៃទេ ។ លោកជា​អ្នក​ដើរ​វ៉ៃ​តាម​ជាយ​ដែន​មួយ​រូប ដែល​ខ្លាំង​គ្រាន់បើ​ដែរ ។

ឪពុក​របស់ ឃុន ឌី​ម៉ា លោក ហេង ប៊ុ​ន​ឃី​ម ធ្លាប់​ត្រូវ​អ្នក​ប្រដាល់​ថៃ​វ៉ៃ​ឲ្យ​ដាច់​ពោះវៀន​ទៀត​ផង ហើយ​តាំងពី​មាន​បញ្ហា​ដាច់​ពោះវៀន​មក​នោះ លោក ប៊ុ​ន​ឃី​ម បាន​បើក​ក្លិប​មួយ​ដោយ​ខ្លួនឯង​តែ​ម្ដង ។ ឌី​ម៉ា ជា​មន្ត្រី​កងរាជអាវុធហត្ថ អីចឹង​ហើយ​ទើប​រាល់​ការ​ប្រកួត​តាម​សង្វៀន​នានា លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​គេ​ជា​និច្ច ។

លោក ថៃ អ៊ូ ដែល​ជា​ប្រធាន​សមាគម​ប្រដាល់​ខេត្តបន្ទាយមានជ័យ និយាយ​ថា មេដាយមាស​មួយ​នេះ ឌី​ម៉ា ជួយ​លើកមុខ​លើក​មាត់​ដល់​ខេត្តបន្ទាយមានជ័យ សម្បើម​ណាស់ ។

ដោយឡែក ចំពោះ​ការ​ប្រកួត​តាម​សង្វៀន​ទូរទស្សន៍​នានា​វិញ​នោះ លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន បាន​បញ្ជាក់​ថា ប្រសិនបើ​មិន​មាន​បម្រាម​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ទេ​នោះ តម្លៃ​ខ្លួន​របស់​គេ​ត្រូវ​តែ​ខ្ពស់​ជាង​មុន ។

ប្រមុខ​ប្រដាល់​គុន​ខ្មែរ គឺ​លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន បាន​និយាយ​ឲ្យ​ដឹង​ថា ឃុន ឌី​ម៉ា ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម​ប្រដាល់​គុន​ខ្មែរ​លើក​ទី​២៩ ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម ។ មាន​ទូរទស្សន៍​ច្រើន​ណាស់ ដែល​ទាក់ទង​មក​សហព័ន្ធ​សុំ​យក ឌី​ម៉ា ទៅ​ប្រកួត​តែ​លោក​សុំ​ឲ្យ​គេ​រង់ចាំ​សិន ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​ប្រសាសន៍​ថា ឌី​ម៉ា គេ​អាច​ប្រកួត​តាម​ស្ថានីយទូរទស្សន៍​នានា​បាន តែ​ត្រូវ​រក្សាខ្លួន​ឲ្យ​បាន​ល្អ​ផង ព្រោះ​គេ​នៅ​មាន​ហ្គេ​ម​ជា​ច្រើន​ទៀត​ត្រូវ​លេង ។ ការ​ប្រកួត​កីឡា​អាស៊ី (ASIAN Games) នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី នា​ឆ្នាំ​២០១៨ ក៏​មាន​កីឡា​គុន​ខ្មែរ​នេះ​ដែរ ហេតុនេះ ឌី​ម៉ា គឺជា​អត្ត​ព​លិ​ក​គុន​ខ្មែរ​មួយ​រូប ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​នោះ ៕

Comments

comments