ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ កញ្ញា ២០១៧ នេះលោក ឱ​ក ប៊ុ​ង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ ថ្លែង​ក្នុង​ជំនួប​ជាមួយ​បណ្តា​រោងចក្រ​កាត់ដេរ​កម្ពុជា បានអោយដឹង​ថា កម្ពុជា​ទើបតែ​បាន​ដាក់​សំណើ​អនុគ្រោះ​ពន្ធ​ នាំចូលទៅ​របស់​អា​មេ​រិ​ក លើ​ផលិតផល​ស្បែកជើង ឆ្នាំ​២០១៧ ។ សំណើ​នេះធ្វើឡើងកាលពីថ្ងៃ​ទី​២៥ ឧសភា ​២០១៧ ហើយនឹង​ត្រូវ​អនុម័ត​ដោយ​សភា​ នា​ពេល​ខាង​មុខ បន្ទាប់​ពី​អា​មេ​រិ​ក​ទទួល​បាន​សំណើ​ពី​ប្រទេស​ដែល​ពាក់ព័ន្ធ ។

លោក ឱ​ក ប៊ុ​ង បន្ត​ថា ក្រសួងពាណិជ្ជកម្ម​កំពុង​ទាមទារ​ឱ្យ​អា​មេ​រិ​ក​ព​ន្លឿ​ន​ការ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ក្របខ័ណ្ឌ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​ផ្តល់​ឱ្យ​កម្ពុជា​នូវ​ពន្ធ​សេរី​-​កូតា​សេរី (DFQF) ឱ្យ​បាន​យ៉ាងតិច​៩៧% ដូចដែល​អា​មេ​រិ​ក​ធ្លាប់​បាន​សន្យា​ក្នុង​សន្និសីទ​រដ្ឋមន្ត្រី​នៅ​ទីក្រុង​ហុងកុង កាលពី​ឆ្នាំ​២០០៥ ។

លោក​រដ្ឋលេខាធិការ​ជំរុញ​ឱ្យ​បណ្តា​រោងចក្រ​ផលិត​ស្បែកជើង​នៅ​កម្ពុជា​ទាំងអស់ រៀបចំ​សំណើ​ដោយឡែក​សម្រាប់​ផលិតផល​ស្បែកជើង ។

លោក​បញ្ជាក់​ថា ជោគជ័យ​នៃ​ការ​ដាក់​សំណើ​ទាំងនេះ នឹង​ផ្តល់​ប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា ពិសេស​បណ្តា​រោងចក្រ​ទាំងអស់ ដើម្បី​បង្កើន​ចង្វាក់​ផលិតកម្ម​លើ​ផលិតផល​ស្បែកជើង​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​អា​មេ​រិ​ក ដែល​ជាទី​ផ្សារ​ធំ​ជាងគេ​ទី​២ ​បន្ទាប់​ពី​ទីផ្សារ​អឺរ៉ុប ក្នុង​អត្រាពន្ធ​សូន្យ ​និង​មិន​មាន​កំណត់​កូតា ។

ប​ច្ចប្ប​ន្នទី​ផ្សា​រអា​មេ​រិ​ក ស្ថិត​ក្នុង​លំដាប់​ទី​២​បន្ទាប់​ពី​សហគមន៍​អឺរ៉ុប ហើយការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​អា​មេ​រិ​ក មាន​ទំហំ​ប្រហែល ជាង​២​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​មាន​ផលិតផល​សម្លៀក​បំពាក់​ប្រមាណ ១,៧ ប៊ី​លាន​ដុល្លា​អា​មេ​រិ​ក និង​ផលិតផល​ស្បែកជើង​និង​កាបូប​ប្រមាណ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្រៅពី​សំណើ​ពន្ធ​សេរី​-​កូតា​សេរី​ដល់​អា​មេ​រិ​ក​នៅ​ពុំ​ទាន់​ឆ្លើយ​តប យើង​មាន​បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ផ្តល់​ពន្ធ​សេរី​ដល់​កម្ពុជា ។ ក្នុង​នោះ​រួម​មាន ប្រទេស​អូស្ត្រាលី ណូ​វែ​ល​សេ​ឡង់ ណរ​វ៉េ និង​ស្វី​សបាន​ផ្តល់​១០០% សហគមន៍​អឺរ៉ុប​៩៩% កា​ណា​ដា​៩៨.៦% ជប៉ុន​៩៧.៩% និង​ចិន​៩៧% ។

ទោះ​យ៉ាងណា​ក៏​ដោយ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អា​មេ​រិ​ក​ស្ថិត​ក្នុង​កម្រិត​ថេរ​នៅឡើយ​ក្នុង​រយៈពេល​ដប់​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​និង​កា​ណា​ដា មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ៕