ភ្នំពេញ​ ៖ រដូវ​ប្រមូល​ផល​ស្ករត្នោត​នា​ដើមឆ្នាំ ២០១៧ កន្លង​មក​ស្ទើរតែ​មិន​គ្រប់​តម្រូវការ​នាំ​ចេញ​ដោយ សារ​ការផលិត​ស្ករត្នោត​មានគុណ​ភាព​ផលិត​នៅ​មាន​កំរិត ទិន្នផល​ស្ករត្នោត​ខេត្តកំពង់ស្ពឺនៅក្នុងឆ្នាំនេះមានការកើនឡើងខ្ពស់ ហើយនឹងបន្ត​កើនឡើងកាន់តែច្រើននា​ឆ្នាំ​២០១៨ ។

លោក សំ សា​រឿ​ន ប្រធាន​សមាគម​លើកកំពស់​ស្ករត្នោត​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី ពេល​ថ្មី​ៗ​នេះ​ថា ស្ករត្នោត​របស់​សមាគម​ស្ទើរតែ​គ្មាន​ដាក់​លក់​ក្នុង​ទីផ្សារ​ក្នុងស្រុក​នោះ​ទេ ។ ហើយ​មិន​រញ៉េរញ៉ៃ ទៅ​ឡូ​កឡំ​ជាមួយ​ស្ករ​ក្រហម​លក់​នៅ​ក្នុង​ផ្សារ​ដេប៉ូ​នោះ​ដែរ ។

ស្ករត្នោត ស្ករ​ក្រហម​របស់​សមាគម​ន៍ នៅ​ខេត្តកំពង់ស្ពឺ គឺ​មាន​ក្រុមហ៊ុន​៨ សំរាប់​ទទួល​ទិញ​យក​ទៅ​កែ​ច្នៃ​ទៅ​ជា​ម្សៅ​ស្ករ​សំរាប់​នាំ​ចេញ​ទាំងអស់​ ។ ប៉ុន្តែ​សមាជិកសមាគម​យើង ផលិត​ស្ករត្នោត​ស្ទើរតែ​មិន​បាន​គ្រប់​តាម​កិច្ចសន្យា​របស់​ក្រុមហ៊ុន ។

រដូវ​ប្រមូល​ផល​ស្ករត្នោត​នា​ដើមឆ្នាំ ២០១៧ កន្លង​មក​សមាគម​ប្រមូល​ស្ករ​បាន​ចំនួន​តែ១៤២​តោន នៅ​ពេល​ទីផ្សារ​នាំ​ចេញ តម្រូវការ​រហូត​ទៅ​ដល់៣៥០​តោន ​។ ពេល​ខ្លះ​អាកាសធាតុ​មិន​អំណោយផល ឱ្យ​ការ​ផលិត​ស្ករត្នោត ។

កសិករ​ធ្វើ​ស្ករត្នោត​លក់​ឱ្យ​ក្រុមហ៊ុននាំចេញ៥,០០០ រៀល ក្នុង​មួយ​គីឡូក្រាម ហើយ​ក្រុមហ៊ុន​លក់​ចេញថ្លៃ ៦,៥០០​រៀល​ក្នុង ១​គីឡូក្រាម ។ ឆ្នាំ​២០១៧ បរិមាណ​ស្ករត្នោត នាំ​ចេញ កើន​៤០​ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៦​។ ស្ករ​ល្អ​លុះត្រាតែ​ទឹកត្នោត​មានគុណ​ភាព នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក សំ សា​រឿ​ន ។

លោក សំ សា​រឿ​ន បន្តថា ​បំពង់​ទឹកត្នោត​នៅ​សមាជិកសមាគម​ប្រើ​បំពង់​ឬ​ស្សី ឬ​បំពង់​ជ័រ​សំរាប់​ត្រង់​ទឹកត្នោត​យក​មក​រំងាស់​ឱ្យទៅ​ជា​ស្ករ គឺ​ទឹកត្នោត​ទាំងនោះ​មិន​ឱ្យ​រក្សា​ទុក​នៅ​ក្នុង​បំពង់​លើស ១៥​ម៉ោង​នោះ​ទេ​ ។ បើ​ទឹកត្នោត​នៅ​ក្នុង​បំពង់​លើស​ពី​១៥​ម៉ោង នាំ​ឱ្យ​ទឹកត្នោតជូរ រំងាស់​ទៅ​ជា​ស្ករ​អត់​មានគុណ​ភាព ហើយ​អ្នក​ឡើងត្នោត​ត្រូវ​ប្រើ​ពេល​ជាក់លាក់​គ្រប់​ៗ​គ្នា ទើប​ទឹកត្នោត​ថ្លា​ផ្អែម​ត្រជាក់​ ។

លោក សា រឿ​ន បាន​បញ្ជាក់​ថា សមាជិកសមាគម​អ្នក​ឡើងត្នោត​មាន​ចំនួន ១៧៨​នាក់ គឺ​មាននៅ ស្រុក​ឧតុង្គ ស្រុក​សំរោង​ទង និង​ស្រុក​អង្គស្នួល ។ កសិករ​ដែល​មាន​លទ្ធភាព​ឡើង​ដើម​ត្នោត​បាន​ច្រើន​ដើម​គឺ ៣០​ដើម​អាច​អាច​ទទួលផល​ស្ករ​បាន ៣០​គីឡូក្រាម ក្នុង​មួយ​ថ្ងៃ បើ​គិត​ចំណូល​ប្រចាំ​ថ្ងៃ​វិញ បាន​ប្រមាណ ១៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ។ ធានា​ថា​បាន​ផល​ចំណូល​ប្រមាណ ៣០០០​ដុល្លារ ក្នុង​មួយ​រដូវ​ឡើងត្នោត ។ រីឯ​អ្នក​ឡើងត្នោត​មធ្យមភាគ​ច្រើន បាន​ផល​ចំណូល ២៥០០​ដុល្លារ​ក្នុង​មួយ​រដូវ ។

ដោយសារ​ស្ករត្នោត ឬ​ស្ករ ក្រហម​មាន​តម្លៃនៅលើទីផ្សារ មិន​ថា​ក្នុងស្រុក​ឬ​នាំ​ចេញ ធ្វើ​ឱ្យ​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន កំពុង​ក្លែងបន្លំ​ចេះ​ល្បិច​ចេះ​ច្នៃ​យក​ស្ករស ដែល​មាន​តម្លៃ​ថោក​តែ​ជាង ២,០០០ ទៅ ៣,០០០ រៀល ក្នុង​មួយ​គីឡូក្រាម ទៅ​ច្នៃ​ធ្វើ​ជា​ស្ករ​ក្រហម ដោយ​លាយ​ជាមួយ​ប្រេងឆា ប្រេងសណ្តែក អំបិល និង​សារធាតុ​គីមី​មួយ​ចំនួន​ទៀត រំងាស់​នឹង​ខ្ទះ វឹក​-​កូរ ចេញ​ជា​ស្ករក្រហមក្លែងក្លាយ ​ដូច​ស្ករត្នោត ហើយ​ដឹក​លក់​ចរាចរណ៍​តាម​ផ្សារ​ក្នុង​ក្រុងភ្នំពេញ ពិសេស​ផ្សារ​ច្បារ​អំពៅ និង​ផ្សារ​ដេប៉ូ ។ មួយ​ថ្ងៃ​ត្រូវ​បាន​គេ​ផលិត​ស្ករ​ក្រហម​បែប​នេះ បាន១០​តោន សំរាប់​ស្តុក​លក់​នៅ​លើ​ទីផ្សារ ។

ដើម​ត្នោត​មាន​ប្រយោជន៍​ណាស់ គេ​ប្រើ​វា​សម្រាប់​សង់ផ្ទះ ផ្កា​គេ​កៀប​យក​ទឹក ស្លឹក​ធ្វើ​មួក ឬ​ស្មុ​ក និង​ស្លឹកកណ្តប​ប្រក់់ផ្ទះ ផ្លែ​សម្រាប់​ធ្វើ​អាហារ និង​ឫស​របស់​វា​សម្រាប់​ធ្វើ​ថ្នាំបុរាណ ។ សព្វថ្ងៃ ត្នោត​ជា​និមិត្តរូប​ជាតិ​ស្ករត្នោត​តំបន់​កំពង់ស្ពឺ ស្ថិត​នៅ​ខាងលិច​រាជធានី​ភ្នំពេញ ហើយ​ស្ករត្នោត​មានឈ្មោះ​ល្បី​ជាងគេ​នៅ​ប្រទេស​កម្ពុជា ។ ការ​ប្រមូល​ផល និង​ការ​កែ​ច្នៃ​ឱ្យទៅ​ជា​ស្ករត្នោត​បាន​ធ្វើ​ឡើង​ត​ៗ​គ្នា​ពី​បុព្វបុរស​មក គឺជា​បេតិកភណ្ឌ​វប្បធម៌​មរតក ។ ចំណេះដឹង​នេះ​មាន​ភាព​សម្បូរ​បែប​តាំងពី​រាប់​ឆ្នាំ​មក​ហើយ និង​ជា​កេរដំណែល​បទ​ពិសោធន៍​ដ៏​ច្រើន​លើសលប់ ៕