រដ្ឋាភិបាល​បាន​និង​កំពុង​ស្វះ​ស្វែងរក​ដៃគូ​វិនិយោគ​ពី​វិស័យ​ឯកជន ដើម្បី​សាងសង់​ទីក្រុង​ថ្មី​មួយ ដែល​គ្រោង​ដាក់​ឈ្មោះ​ថា «​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ​» ស្ថិត​នៅ​ប្រជុំ​រវាង​ទន្លេសាប និង​ទន្លេមេគង្គ​។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ភឿ​ង សុ​ភ័​ណ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ច័ន្ទ​ថា រដ្ឋាភិបាល​បាន​និង​កំពុង​ស្វែងរក​ដៃគូ​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​សាងសង់​ទីក្រុង​ថ្មី​មួយ​ដែល​មាន​ទំហំ​ផ្ទៃដី​ពី​២ ទៅ​៣​ម៉ឺន​ហិ​កតា និង​គ្រោង​ចំណាយ​ទឹកប្រាក់​វិនិយោគ​៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​វិនិយោគ​ចិន​ចំនួន​៣​ដែល​បាន​ចាប់អារម្មណ៍​លើ​គម្រោង​នេះ តែ​មិន​ទាន់​ប្រាកដប្រជា​ទេ ប៉ុន្តែ​បើ​ពួក​គេ​ប្រាកដប្រជា​ទាល់តែ​ពួក​គេ​ទម្លាក់​លុយ​ចូល​មក​។

លោក​បន្ត​ថា ៖ «​ការ​សាងសង់​ទីក្រុង​ថ្មី​នេះ នឹង​ដំណើរការ​នៅ​ពេល​ណា​មាន​ថវិកា ព្រោះ​រដ្ឋាភិបាល​មិន​ចង់​ចំណាយ​ទឹកប្រាក់​ច្រើន​បែប​នេះ​ទេ ទើប​យើង​ចង់​បានការ​សហការ​ពី​វិស័យ​ឯកជន​»​។

លោក​បន្ត​ថា ៖ «​ទីក្រុង​ថ្មី​នេះ​អាច​នឹង​ចំណាយ​រយៈពេល​ជាង​១០​ឆ្នាំ​ក្នុង​ការ​សាងសង់ ប្រសិនជា​មាន​ថវិកា​គ្រប់គ្រាន់ ហើយ​ប្លង់​មេ​របស់​ទីក្រុង​នេះ​បាន​រៀបចំ​រួចរាល់​ហើយ​»​។

លោក ភឿ​ង សុ​ភ័​ណ្ឌ បាន​បន្ត​ថា រយៈពេល​៥៨០​ឆ្នាំ​ហើយ កម្ពុជា​មិន​ធ្លាប់​កសាង​ទីក្រុង​ថ្មី​ទេ «​ហេតុនេះ​ទើប​យើង​នឹង​សាងសង់​ទីក្រុង​ថ្មី​នេះ​ដោយ​ដាក់​ឈ្មោះ​ទីក្រុង​នាគរាជ​សម្តេច​តេ​ជោ ត្រូវ​នឹង​ឆ្នាំ​កំណើត​របស់​សម្តេច​» ដែល​អគារ​ក្នុង​ទីក្រុង​នេះ​នឹង​រចនា​ដូច​រូប​នាគ​ផុស​ចេញពី​ដី​។ លោក​បន្ត​ថា​៖ «​យើង​បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រោម​ដី ផ្លូវគោក និង​ផ្លូវទឹក រួចរាល់​ក្នុង​ប្លង់​មេ​រួច​ហើយ ដោយ​ធានា​ថា មិន​មាន​បញ្ហា​ចរាចរណ៍​បាន​រយៈពេល ៥០០​ឆ្នាំទៅ​មុខ​ទៀត​»​។

លោក​បន្ត​ថា ៖ «​សំណង់​ទីក្រុង​នេះ​នឹង​មាន​លក្ខណៈ​ទំនើប តាម​រចនាប័ទ្ម​ខ្មែរ​ទំនើប ដើម្បី​រក្សា​អត្តសញ្ញាណ​ជាតិ​»​។

ទោះជា​យ៉ាងណា​លោក ភឿ​ង សុ​ភ័​ណ្ឌ មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទីតាំង​នៃ​ទីក្រុង​នេះ​ច្បាស់លាស់​នៅឡើយ​ទេ​។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​ថ្លែង​ថា លោក​ស្វាគមន៍​គម្រោង​នេះ ប្រសិនជា​សាងសង់​បាន​វា​នឹង​ជួយ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ ប៉ុន្តែ​លោក​មិនសូវ​មាន​សុទិដ្ឋិនិយម​ពី​ការ​សាងសង់​ទីក្រុង​នេះ​ឡើយ ដោយ​លោក​បាន​ថ្លែង​ថា លោក​មិនសូវ​មាន​ជំនឿ​ពី​ការ​សាងសង់​ទីក្រុង​នេះ​ទេ «​យើង​រង់ចាំ​មើល ប៉ុន្តែ​បើ​សាងសង់​បាន​លោក​ពិតជា​អបអរសាទរ​»​។

លោក​បន្ត​ថា ៖ «​និយាយ​ពី​ការ​សាងសង់​ទីក្រុង វា​ងាយស្រួល សរសេរ​ក៏​ងាយស្រួល តែ​ការ​ធ្វើ​ពិតប្រាកដ​មិន​ងាយស្រួល​ទេ​។ ជាក់ស្តែង​មើល​តែ​ក្រុង​ថ្មី ត្បូងឃ្មុំ រហូត​មក​ទល់​ពេល​នេះ ធ្វើ​បាន​ប៉ុនណា​ហើយ​»​។

ទោះជា​យ៉ាងណា​លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​សម្តែង សុទិដ្ឋិនិយម​ចំពោះ​គម្រោង​អភិវឌ្ឍន៍​នេះ ដោយ​លោក​បាន​ថ្លែង​ថា សម្រាប់​គម្រោង​សាងសង់​ទីក្រុង​ថ្មី​នេះ និង​ទំហំ​ទីក្រុង​ថ្មី​នេះ​មិនធំ​នោះ​ទេ​។ អ្វី​សំខាន់​គឺ​ការ​រៀបចំ​ឲ្យ​មាន​ប្លង់​មេ​ច្បាស់លាស់​ពិតជា​ល្អ​ប្រសើរ និង​អាច​ធ្វើ​ទៅ​បាន​ហើយ​។

លោក​បន្ត​ថា ៖ «​ទីក្រុង​ធំ​បែប​នេះ មិនមែន​សាងសង់​១​ឆ្នាំ ឬ​២​ឆ្នាំ​ទេ វា​ត្រូវការ​រយៈពេល​១០​ឆ្នាំ​ឡើង​ទៅ ព្រោះ​វា​ជា​ពេលវេលា​សម​ស្រប ដោយសារ​កំណើន​ប្រជាសាស្ត្រ និង​ប្រាក់​ចំណូល​ប្រជាជន​ក៏​កើនឡើង​»​។

លោក​បន្ត​ថា ៖ «​ប្រសិនជា​ទីក្រុង​នេះ​ស្ថិត​នៅ​ស្រប​ផ្លូវជាតិ​លេខ​៦ វា​ពិតជា​ល្អ​ប្រសើរ ព្រោះ​តំបន់​នេះ​មាន​ទីក្រុង​រណប​ពីរ​បី​រួច​ទៅ​ហើយ ហេតុនេះ​បើសិន​គម្រោង​ទីក្រុង​ថ្មី​មក​តំបន់​នេះ ពិតជា​អាច​ទៅ​រួច និង​មាន​សក្តានុពល​អាច​ផ្គួប​គ្នា​បាន​»​។

លោក​បណ្ឌិត វ៉ា​ន់ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម បាន​ថ្លែង​ថា តំបន់​ដែល​គ្រោង​រៀបចំ​ទីក្រុង​នេះ​មាន​ដី​ទំនាប​បន្តិច ប៉ុន្តែ​ជា​តំបន់​មាន​បរិស្ថាន​ល្អ និង​ខ្យល់អាកាស​បរិ​សុ​ទ្ឋ ដោយសារ​វា​ជា​តំបន់​ដី​ទំនាប និង​មាន​ទន្លេ​នៅ​ជុំវិញ​។ តែ​យ៉ាងណា​តំបន់​នេះ​ជាទី​ទំនាប​ដែល​ទាមទារ​ឲ្យ​មានការ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​បញ្ចៀស​ការ​លិចលង់​នា​ពេល​អនាគត​។

លោក​បន្ត​ថា ទោះជា​យ៉ាងណា រដ្ឋាភិបាល​មិន​គួរ​អភិវឌ្ឍ​តែ​នៅ​ក្បែរ​ទីក្រុង​ភ្នំពេញ​នោះ​ទេ គួរ​ពង្រីក​ទៅ​កាន់​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច ដើម្បី​ឲ្យ​របាយ​នៃ​ការ​អភិ​វ​ឌ្ឈ​មិន​ឃ្លាត​គ្នា​ពេក​រវាង​ទីក្រុង និង​ជនបទ និង​មិន​ធ្វើ​ឲ្យ​មាន​ប្រជាជន​ចំណាកស្រុក​ច្រើន​។

លោក​បន្ត​ថា ៖ «​រដ្ឋាភិបាល​សាងសង់​ទីក្រុង​នឹង​បាន​ផល​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច ធ្វើ​ឲ្យ​ប្រជាជន​ទទួល​បានការ​ងារ និង​ផលប្រយោជន៍ ប៉ុន្តែ​រដ្ឋាភិបាល​គួរ​ផ្តោត​ទៅ​កាន់​ខេត្ត​ដទៃ ព្រោះ​បើ​គម្រោង​ថ្មី​នេះ​នៅ​ជិត​ក្រុងភ្នំពេញ វា​ហាក់​ដាក់​ទម្ងន់​បន្ថែម​ទៀត សម្រាប់​ទីក្រុង​នេះ​»​។ លោក​បន្ត​ថា ៖ «​បើក​សាង​ទីក្រុង​ក្បែរ​ក្រុងភ្នំពេញ នឹង​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​ការ​បំពុលបរិស្ថាន​បន្ថែម​ទៀត​»៕

អត្ថបទ ៖P Post