មន្ត្រី​ជំនាញ​មួយ​ចំនួន​នៅ​តាម​ព្រំដែន​ខ្មែរ​-​យួន​បាន​និយាយ​ថា បន្លែ​និង​ផ្លែ​ឈើ​នាំ​ចូល​ពី​ប្រទេស វៀតណាម មាន​ចំនួន​រាប់​សិប​តោន​ក្នុង​មួយ​ថ្ងៃ​ៗ ហើយ​ថា​អំឡុង​ពេល​ដែល​យួន​ដឹង​ថា​ប្រជាពលរដ្ឋ​បាន​និង​កំពុង​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ដែល​តាម​ទំនៀមទម្លាប់​ខ្មែរ​តែង​ប្រារ​ព្វ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​០១​រោច​ដល់​ថ្ងៃ​ទី​១៥​រោច ខែភទ្របទ​រៀង​រាល់​ឆ្នាំ ហើយ​ឆ្នាំ​២០១៧​នេះ ថ្ងៃ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ង​ទី​២១ ខែកញ្ញា​នោះ ឈ្មួញ​ជនជាតិ​យួន​និង​រដ្ឋាភិបាល​យួន​បាន​ប្រាក់​ចំណូល​រាប់​លាន​ដុល្លារ​ពី​ការ​នាំ​បន្លែ​និង​ផ្លែ​ឈើ​ចូល​ប្រទេស​ខ្មែរ​។

សូម​បញ្ជាក់​ថា កន្លង​មក​បើ​តាម​ក្រុម​មន្ត្រី​ជំនាញ​ខាង​វិស័យ​កសិកម្ម​នៃ​អង្គការក្រៅរដ្ឋាភិបាល​បាន​និយាយ​ថា កម្ពុជា​បាន​នាំ​បន្លែ​ពី​ប្រទេស​វៀតណាម​ប្រមាណ​៨០​ភាគរយ ក្នុង​នោះ​គ្រាន់តែ​ស្លឹកគ្រៃ​ក្នុង​មួយ​ថ្ងៃ​៥០​តោន និង​ក្រូចឆ្មារ​ជាង​១០​តោន ។

ចំណែក​ក្រុម​អ្នក​សេដ្ឋវិទូ​ផ្នែក​កសិកម្ម​បាន​និយាយ​ថា មាន​មូលហេតុ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​កសិករ​ខ្មែរ មិន​អាច​ផលិត​កសិកម្ម​ដោយ​ខ្លួនឯង​បាន​ដូច​ជា​៖ កសិករ​មិន​ទាន់​ទទួល​បាន​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ​គ្រប់គ្រាន់ កង្វះខាត​ប្រព័ន្ធ​ធា​រាស្ត្រ កង្វះ​ការ​ផ្សព្វផ្សាយ និង​គ្មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​ផលិត​ជាដើម​។ ជាង​នេះ​ទៀត បញ្ហា​គ្មាន​ទីផ្សារ​លក់​ផលិតផល​របស់​ខ្លួន ក៍​មិន​មាន​ភាព​ច្បាស់លាស់ ឬ គ្មាន​តែ​ម្តង ។

ម្យ៉ាងទៀត ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង​ដូច​ជា​ថៃ​និង​វៀតណាម​ច្រើន​ស​ន្ឋឹ​កស​ន្ឋា​ប់​បែប​នេះ បាន​ធ្វើ​ឲ្យ​តម្លៃ​កសិផល​ខ្មែរ​ធ្លាក់​ថ្លៃ កសិករ​ផលិត​ខាត​ទាំង​ថ្លៃដើម (​គ្រាប់ពូជ​និង​ជី​) និង​កម្លាំង​ពលកម្ម​ជាដើម ។

ដោយឡែក​ថ្មី​ៗ​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ថា​ខ្លួន​គ្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​ដោយ​គ្រោង​ចំណាយ​ថវិកា​៦១,៦​លាន​ដុល្លារ (៣៦,៣​លាន​ដុល្លារ​បាន​មក​ពី​កម្ចី​ឥណទាន​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម សល់​ពី​នោះ​ជា​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន​) ។

នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្តន៍​ជា​ផ្លូវការ​នូវ​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាត​តូច​ដែល​ប្រព្រឹត្ត​ធ្វើ​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៧ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ប៉ាន សូរ​ស័ក្តិ ផលិតផល​ដែល​ស្ថិត​ក្នុង​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាត​តូច​នេះ​រួម​មាន​៖ ស្រូវ ដំឡូង​មី បន្លែ មាន់​ស្រែ​និង​សរសៃសូត្រ ។

បើ​តាម​លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ដដែល គម្រោង​នេះ​ក៍​នឹង​ជួយ​កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​ជិតខាង​ផង​ដែរ ។

ក្រុម​អ្នកវិភាគ​ក៍បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ការ​នាំ​បន្លែ​ពី​ប្រទេស​ជិតខាង​ឲ្យ​បាន​ជាង​៦០​ភាគរយ ការ​រក​ទីផ្សារ​លក់​កសិផល​ខ្មែរ និង​ជំរុញ​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ​ដល់​កសិករ មាន​ប្រព័ន្ធ​ធារាសាស្ត្រ​គ្រប់គ្រាន់ និង​ជំរុញ​ការ​ដាំ​ដុះ​ដោយ​ប្រើ​ជីធម្មជាតិ នោះ​កសិផល​ខ្មែរ​នឹង​មាន​តម្លៃ ហើយ​ពលរដ្ឋ​ខ្មែរ​ទទួលទាន​បន្លែ​ខ្មែរ​មាន​រស់ជាតិ និង​គ្មាន​ជាតិ​គីមី​ដូច​សម័យ​មុន​ៗ ៕