ប្រជាពលរដ្ឋ​ចំនួន​៧​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់​ប៉ុន្មាន​ថ្ងៃ​មកនេះ​ចាប់តាំងពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ ដោយសារ​តែ​ហូប​ស្រា​ច្រើន និង​សាច់សត្វ​ព្រៃ​មិន​ឆ្អិន​ល​ល្អ ។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា មនុស្ស​ទាំង​០៧​នាក់​ដែល​ស្លាប់​នោះ​ម្នាក់​ជាម​ន្ដ្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​ព្រៃ​ឡង់​, ៣​នាក់​រស់នៅ​ឃុំ​សណ្ដាន់ និង​៣​នាក់ ទៀត​រស់នៅ​ឃុំ​មាន​រិ​ទ្ធ ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ។

អភិបាលស្រុក​សណ្ដាន់ លោក ឡុ​ង គី​សឹង បាន​ប្រាប់​អង្គភាព Fresh News នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ថា ក្រោយ​ពី​មាន​ហេតុការណ៍​នៅ​ថ្ងៃ​ដំបូង ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ ដែល​មន្ត្រី ឧ​ទ្យា​នុ​រក្ស បរិស្ថាន​ព្រៃ​ឡង់​ម្នាក់ បាន​ឈឺ​ធ្ងន់​ហើយ​ត្រូវ​បាន លោក សាយ សំ​អាល់ រដ្ឋមន្ដ្រីក្រសួង​បរិស្ថាន​បញ្ជូន​ទៅ​សង្គ្រោះ ប៉ុន្ដែ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​។ អភិបាលស្រុក​បន្ដ​ថា ក្រោយមក​កម្លាំង​អាជ្ញាធរ​បាន​ចុះ​ទៅ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ស្លាប់​នេះ​បណ្ដាល​មក​ពី​គាត់​បរិភោគ​សាច់​ឆៅ ដែល​មាន​ជាតិ​ប៉ារ៉ាស៊ីត​។

ដោយឡែក​ពលរដ្ឋ​៣​នាក់​ផ្សេង​ទៀត នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ គាត់​បាន​ទៅ​ដើរ​ព្រៃ ហើយ​ហូប​ស្រា​ច្រើន ដោយ​ស្រា​នោះ​ជា​ស្រា​ប្រភេទ​ខ្លាំង​, ទើប បណ្ដាល​ឲ្យ​ស្លាប់ ហើយ​ពលរដ្ឋ​៣​នាក់ នៅ​ឃុំ​មាន​រិ​ទ្ធ​នោះ មាន​ជំងឺ​ឈឺ​ថ្កាត់​ក៏​បណ្ដាល​ឲ្យ​ស្លាប់​ដូច​គ្នា​ផង​ដែរ ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹង​ថា នាយកដ្ឋាន​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​អ​ង្គេ​ត​ស្រាវជ្រាវ​នៅ​មូលដ្ឋាន និង​រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​បាន​បរិភោគ​សាច់​ព្រៃ​មិន​បាន​ចំអិន​ល្អ និង​ប៉ះពាល់​អាយុជីវិត​កន្លង​មក​ផង​ដែរ មន្ត្រី​យើង​បាន​ចុះ​អប់រំ ផ្ទាល់​នៅ​ទីកន្លែង និង​ពុំ​រក​ឃើញ​មាន​ករណី​កើតឡើង​ថ្មី​ទៀត​ទេ​។

ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាជន​ដែល​រស់នៅ​ក្បែរ​ព្រៃ​ទាំងអស់ សូម​បរិភោគ​សាច់​ចំអិន​ល្អ និង​កុំ​បរិភោគ​សាច់​ព្រៃ​ឆៅ​ឲ្យ​សោះ ព្រោះ​អាច​រង​គ្រោះ​ដូច​កើត មាន​កន្លង​មកនេះ​។ មន្ត្រី​ជំនាញ​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​។ ក្រសួងសុខាភិបាល បាន​បញ្ជូន​មន្ត្រី​ជំនាញ​ថ្នាក់​ជាតិ​បន្ថែម​ទៀត ព្រមទាំង​ចែក ឱសថ​ព្យាបាល និង​ការពារ​ជំងឺ​ព្រូន Trichenolla Spiralis ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​ឲ្យ​ប្រាកដ​ថា ពុំ​មាន​ប្រជាពលរដ្ឋ​រង​គ្រោះ​ឡើយ​៕

Comments

comments