ណា​សា ៖ សារព័ត៌មាន​រុ​ស្ស៊ី Sputnik បាន​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​អោយ​ដឹង​ថា ក្នុងអំឡុងពេល​នៃ​ការ​ហោះ​ជុំវិញ​ភព​ព្រហស្បតិ៍ (Jupiter) យានអវកាស Juno របស់​អង្គការ NASA បាន​ផ្តិត​យក​រូបភាព​ស្អាត​ៗ​បន្ថែម​ទៀត​ជា​លើក​ទី​០៨ នៃ​បរិយាកាស​ពោ​ពេញ​ដោយ​ព្យុះ​ពពក​កួច​ខ្មួលខ្មាញ់ ពីលើ​ភព​ដ៏​ធំ​មួយ​នេះ ។

រូបភាព​ថត​នៅ​ជុំវិញ​ប៉ូ​ល​ខាងត្បូង​របស់​ភព​ព្រហស្បតិ៍ ដោយ​យានអវកាស Juno ដែល​ស្ថិត​នៅ​ចម្ងាយ​ពីលើ​ភព​មួយ​នេះ ចន្លោះ​ចាប់ពី ១២,១៤៣ ទៅ ២២,៩០៨ គីឡូម៉ែត្រ ។

រូបភាព​ទាំងឡាយ​នៃ​ភព​ព្រហស្បតិ៍ ដែល Juno ថត​បាន គឺ​តាម​រយៈ​ការ​ប្រើប្រាស់​កាមេរ៉ា ដែល​មាន​ឥទ្ធិពល​ជាងគេ​បំផុត​ឈ្មោះ JunoCam ដែល​បំពាក់​នៅ​លើ​យានអវកាស​នេះ ។

បេសកកម្ម​យានអវកាស Juno ត្រូវ​គេ​រំពឹង​ថា នឹង​បន្តដំណើរ​ការ​រហូត​ខែកក្កដា ឆ្នាំ​២០១៨ នៅ​ពេល​ដែល​យាន​ផ្កាយ​រណប​មាន​តម្លៃ​១.១​ពាន់​លាន​ដុល្លារ​នេះ ត្រូវ​បាន​បាញ់​បង្ហោះ​កាលពី​ខែសីហា ឆ្នាំ​២០១១ ហើយ​ទៅ​ដល់​ភព​ព្រហស្បតិ៍ នា​ខែកក្កដា ឆ្នាំ​២០១៦ ។

ទាក់ទង​នឹង​ភព​ព្រហស្បតិ៍​នេះ ជា​ភព​មាន​ទំហំ​ធំ​ជាងគេ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ដោយ​មាន​អង្កត់ផ្ចិត​ស្មើនឹង ១៣៩,៨២២ គីឡូម៉ែត្រ ប្រៀប​នឹង​ភព​ផែនដី គឺ​ធំ​ជាង ៣១៨ ដង ។

ភព​ព្រហស្បតិ៍ ជា​ភព​ដែល​មាន​ពន្លឺ​ភ្លឺ​ជាងគេ​លំដាប់ថ្នាក់​ទី​៤ ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ បន្ទាប់​ពី​ភព​ដែល​មាន​ពន្លឺ​ខ្លាំង​ជាងគេ​គឺ​ព្រះអាទិត្យ ទី​២ ភព​ព្រះ​ចន្ទ និង​ទី​៣ ភព​សុក្រ ។

បើ​ប្រៀបធៀប​ជាមួយ​ភព​ផែនដី​ក្នុង​មួយ​ថ្ងៃ​ដែល​មាន​រយៈពេល​២៤​ម៉ោង​នោះ នៅ​លើ​ភព​ព្រហស្បតិ៍ វិញ​គឺ​រយៈពេល​មួយ​ថ្ងៃ​ស្មើនឹង​៩​ម៉ោង និង​៥៥​នាទី ហើយ​វា​ចំណាយពេល ១១,៨ ឆ្នាំ នៃ​ភព​ផែនដី ដើម្បីរ​ង្វិ​ល​ជុំ​ព្រះអាទិត្យ​បាន​មួយ​លើក ។

មាន​យានអវកាស​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភព​ព្រហស្បតិ៍ រួម​មាន Pioneer ទី​១​និង​ទី​២, Voyager ទី​១​និង​ទី​២, Galileo, Cassini, Ulysses, New Horizons និង​ថ្មី​ៗ​នេះ គឺ Juno ៕