ក្រសួងសុខាភិបាល​បាន​រក​ឃើញ​ជំងឺ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា ឬ​ហៅ​ថា ទ្រី​ស៊ី​ណែ​ឡូ​ស៊ី​ស គឺជា​ជំងឺ​មួយ​ដែល​ចម្លង​មក​មនុស្ស តាម​រយៈ​ការ​បរិភោគ​សាច់​ឆៅ ឬ បរិភោគ​សាច់​ចម្អិន​មិន​បាន​ឆ្អិន​ល្អ ដែល​សាច់​នោះ​មាន​ផ្ទុក​ដង្កូវ​ព្រូន​ប្រភេទ​នេះ​។

បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧​នេះ បាន​ពន្យល់​ថា រោគ​សញ្ញា​ដំបូង​នៃ​ការ​ពុល ដោយសារ​បរិភោគ​សាច់សត្វ​ព្រៃ ដែល​ផ្ទុក​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា រួម​មាន​៖ ការ​ក្អួតចង្អោរ រាករូស ក្អួត អស់កម្លាំង និង​គ្រុនក្តៅ ហើយ​ករណី​ឈឺពោះ​អាច​កើត​មាន​ឡើង​ក្នុងអំឡុងពេល ១​ថ្ងៃ ទៅ​២​ថ្ងៃ បន្ទាប់​ពី​ឆ្លង​ដង្កូវ​ព្រូន​ទ្រី​ស៊ី​ណែ​ឡា ចូល​ក្នុង​ខ្លួន​មនុស្ស​។

សេចក្តី​ជូន​ព័ត៌មាន​ដដែល​បាន​ពន្យល់​ទៀត​ថា​៖«​បន្ទាប់​ពី​រោគ​សញ្ញា​ដំបូង​មក មាន​អាកា​រៈ​ដូច​ជា​ឈឺក្បាល គ្រុនក្តៅ ក្អក ហើម​មុខ​និង​ត្របកភ្នែក (​អាច​មាន​ហើម​ដៃ ហើមជើង​) ឈឺសន្លាក់ និង​ឈឺ​សាច់ដុំ រមាស់​ស្បែក រាក ឬ​ទល់លាមក​។ រោគ​សញ្ញា​ផ្សេង​ទៀត​ជា​ធម្មតា​ចាប់ពី​២​ទៅ​៨​ស​ប្ដា​ហ៍ បន្ទាប់​ពី​បរិភោគ​សាច់​ដែល​មាន​ដង្កូវ​ព្រូន​នេះ​។ ហើយ​រោគ​សញ្ញា​ធ្ងន់ធ្ងរ មាន​ដូច​ជា​ពិបាកធ្វើ​ចលនា និង​បង្ក​បញ្ហា​ដល់​បេះដូង និង​ដង្ហើម ដែល​បណ្ដាល​មក​ពី​ការ​រាតត្បាត​នៃ​ដង្កូវ​ព្រូន​នេះ នៅ​ក្នុង​សរីរាង្គ​របស់​មនុស្ស (​ដូច​ជា​សួត បេះដូង ថ្លើម និង​ខួរក្បាល​ជាដើម​) អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​»​។

ក្រសួងសុខាភិបាល ក៍បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ភូមិ​ច្រក​តោ​ល ឃុំ​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ មាន​រោគ​សញ្ញា​ខាងលើ​នេះ ប្រញាប់​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទី​ពេទ្យ ដើម្បី​ទទួល​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ចៀសវាង​ទុក​យូរ​ដែល​ធ្វើ​ឲ្យ​ដង្កូវ​ព្រូន​វាយលុក​ចូល​ប្រព័ន្ធ​សេរី​រា​ង្គ​ច្រើន​កន្លែង ដែល​នាំ​ឲ្យ​បាត់បង់​ជីវិត​។

គួរ​រំ​ឮ​កថា ប្រជាពលរដ្ឋ​ចំនួន​៧​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់​ប៉ុន្មាន​ថ្ងៃ​មកនេះ​ចាប់តាំងពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ ដោយសារ​តែ​ហូប​ស្រា​ច្រើន និង​សាច់សត្វ​ព្រៃ​មិន​ឆ្អិន​ល​ល្អ ។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា មនុស្ស​ទាំង​០៧​នាក់​ដែល​ស្លាប់​នោះ​ម្នាក់​ជាម​ន្ដ្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​ព្រៃ​ឡង់​, ៣​នាក់​រស់នៅ​ឃុំ​សណ្ដាន់ និង​៣​នាក់ ទៀត​រស់នៅ​ឃុំ​មាន​រិ​ទ្ធ ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ។

អភិបាលស្រុក​សណ្ដាន់ លោក ឡុ​ង គី​សឹង បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ថា ក្រោយ​ពី​មាន​ហេតុការណ៍​នៅ​ថ្ងៃ​ដំបូង ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ ដែល​មន្ត្រី ឧ​ទ្យា​នុ​រក្ស បរិស្ថាន​ព្រៃ​ឡង់​ម្នាក់ បាន​ឈឺ​ធ្ងន់​ហើយ​ត្រូវ​បាន លោក សាយ សំ​អាល់ រដ្ឋមន្ដ្រីក្រសួង​បរិស្ថាន​បញ្ជូន​ទៅ​សង្គ្រោះ ប៉ុន្ដែ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​។ អភិបាលស្រុក​បន្ដ​ថា ក្រោយមក​កម្លាំង​អាជ្ញាធរ​បាន​ចុះ​ទៅ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ស្លាប់​នេះ​បណ្ដាល​មក​ពី​គាត់​បរិភោគ​សាច់​ឆៅ ដែល​មាន​ជាតិ​ប៉ារ៉ាស៊ីត​។

ដោយឡែក​ពលរដ្ឋ​៣​នាក់​ផ្សេង​ទៀត នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ គាត់​បាន​ទៅ​ដើរ​ព្រៃ ហើយ​ហូប​ស្រា​ច្រើន ដោយ​ស្រា​នោះ​ជា​ស្រា​ប្រភេទ​ខ្លាំង​, ទើប បណ្ដាល​ឲ្យ​ស្លាប់ ហើយ​ពលរដ្ឋ​៣​នាក់ នៅ​ឃុំ​មាន​រិ​ទ្ធ​នោះ មាន​ជំងឺ​ឈឺ​ថ្កាត់​ក៏​បណ្ដាល​ឲ្យ​ស្លាប់​ដូច​គ្នា​ផង​ដែរ ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ឲ្យ​ដឹង​កាល​យប់​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹង​ថា នាយកដ្ឋាន​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​អ​ង្គេ​ត​ស្រាវជ្រាវ​នៅ​មូលដ្ឋាន និង​រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​បាន​បរិភោគ​សាច់​ព្រៃ​មិន​បាន​ចំអិន​ល្អ និង​ប៉ះពាល់​អាយុជីវិត​កន្លង​មក​ផង​ដែរ មន្ត្រី​យើង​បាន​ចុះ​អប់រំ ផ្ទាល់​នៅ​ទីកន្លែង និង​ពុំ​រក​ឃើញ​មាន​ករណី​កើតឡើង​ថ្មី​ទៀត​ទេ​៕

Comments

comments