ភ្នំពេញ ៖ តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ បាន​ឲ្យ​ដឹង​ថា ក្រសួងសុខាភិបាល បាន​រក​ឃើញ ពង​ដង្កូវ​ព្រូន ទ្រី​ស៊ី​ណែ​ឡា នៅ​ក្នុង​សាច់សត្វ​ឆៅ ដែល​ប្រជាពលរដ្ឋ បាន​បរិភោគ កាលពី​កំឡុង​បុណ្យ​ភ្ជុំបិណ្ឌ កន្លង​ទៅ​នេះ ដែល​បណ្ដាល​ឲ្យ​មនុស្ស​៨​នាក់​ស្លាប់ ជា​បន្ដបន្ទាប់ នៅ​ភូមិ ច្រក​គោល ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ (​តំបន់​ព្រៃ​ឡង់​) ខេត្ដកំពង់ធំ ។

ក្រសួង​បាន បញ្ជាក់​ទៀត​ថា ការ​បរិភោគ​សាច់សត្វ​ព្រៃ​ប្រហែលជា​៣​ទៅ​៤​សបា្ដហ៍ មុន​ពួក​គាត់​ឈឺ ហើយ​មាន អ្នក​ឈឺ មាន​រោគ​សញ្ញា ដូច​ជា ៖ គ្រុន​ក្ដី រាក​ក្អួត ឈឺ​សាច់ដុំ អស់កម្លាំង ហើម​ដៃ​ហើមជើង និង​ឈឺសន្លាក់ ដែល​អ​កា​រៈ​រោគ​នេះ ចាប់ផ្ដើម តាំងពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៧ ដោយ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ មាន​ករណី ឈឺ​សរុប​៣៣​ករណី ក្នុង​នោះ​ស្លាប់​៨​នាក់ (​ប្រុស​) ។

ក្នុង​ចំណោម​អ្នកជំងឺ​១៣​នាក់ ដែល​បាន​មក​សំរាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្ដកំពង់ធំ មន្ទីរពេទ្យ​កាល់​ម៉ែ​ត និង​មន្ទីរពេទ្យ​កេតុមាលា ក្រុមការងារ និង​ក្រុម​គ្រូពេទ្យ បាន​យក​សំណាក​កោសិកា​សាច់ដុំ ដើមដៃ អ្នកជំងឺ​៣​នាក់ និង​ឈាម ពី​អ្នកជំងឺ​៩​នាក់​ទៅ​វិភាគ ហើយ​សំណាក​អ្នកជំងឺ​៣​នាក់ ត្រូវ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា មាន​ដង្កូវ​ព្រូន ទ្រី​ស៊ី​ណែ​ឡា នៅ​ក្នុង​សាច់ដុំ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដែល​លទ្ធផល បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ពង​ដង្កូវ​ព្រូន ទ្រី​ស៊ី​ណែ​ឡា ពិតប្រាកដ​មែន ។

សូម​រំលឹក​ថា មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ បណ្តាល​ឱ្យ​មាន មនុស្ស​ជា​ច្រើន​ឈឺ​ស្លាប់ និង​មនុស្ស​ជា​ច្រើន​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ​តែ​ការ​បរិភោគ សាច់សត្វ​ឆៅ ។

ស្ថិត​នៅ​ច្រក​តោ ក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ជិត​បរិវេណ តំបន់​ព្រៃ​ឡង់ មាន​ប្រជាពលរដ្ឋ​ចំណាកស្រុក ជា​ច្រើន​បាន​ស្នាក់​នៅ មាន​ទាំង​មន្ត្រី ឧទ្យាន​អនុរក្ស​ការពារ ឧទ្យាន​ធនធានធម្មជាតិ​តំបន់​ព្រៃ​ឡង់ និង​ប្រជាពលរដ្ឋ​ចំនួន​៦​នាក់​ទៀត ក្នុង​នោះ​នៅ​ភូមិ​ត្បូង​ទឹក ស្លាប់​២​នាក់ ចំណែក​ប្រជាពលរដ្ឋ​៥​នាក់​ទៀត​ដែល​រស់នៅ​ភូមិ​ឈូក ឃុំ​សណ្តាន់ បាន​ឈឺ​ស្លាប់ ជា​បន្តបន្ទាប់ នឹង​ខ្លះ​ទៀត​កំពុង ឈឺ​ធ្ងន់ ហើយ​បាន​ដឹក​ចេញពី​មន្ទីរពេទ្យ​បង្អែក ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត បន្ទាប់​ពី​បរិភោគ​សាច់សត្វ​ព្រៃ កាលពី​ថ្ងៃអាទិត្យ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧​។

រីឯ​ខាង​មន្ត្រី ឧ​ទ្យា​នុ​រក្សា​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ម្នាក់​បាន​ស្លាប់ ក្នុង​ចំណោម​អ្នកជំងឺ​ទាំង​១៣​នាក់ ដែល​បាន​ឈឺ​ព្រម​ៗ​គ្នា​នោះ​អ្នក​ទាំ​នោះ​រស់នៅ​ភូមិ​គគី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ ។

ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ករណី​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​ខាងលើ​នេះ គឺ​មិនមែន​មក​ពី​កើត​ជំងឺឆ្លង​អ្វី​នោះ​ទេ គឺ​មក​ពី​ពួក​គាត់​នាំ​គ្នា​បរិភោគ សាច់សត្វ ព្រៃ​ដែល​នៅ​ឆៅ​មិន​បាន​ឆ្អិន ៕

Comments

comments