ពលរដ្ឋ​មួយចំនួនរស់នៅ​ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា ខែត្រ​ស្វាយ​រៀង​ចាត់​ទុក​ការ​បោះតម្រុយ​ព្រំដែន​លេខ ១៩៨ និង ១៩៩ កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ចូល​ដី​ខ្មែរ​រាប់រយ​ហិ​កតារ ដែល​ភាគច្រើន​ជា​ដីស្រែ​ពលរដ្ឋ​នៅ​តំបន់​នោះ​។ អ្នក​ភូមិ​មួយ​ចំនួន​ដែល​បាត់បង់​ដីស្រែ ហាក់​ខ្លាចរអា​ក្នុង​ការ​ប្ដឹង​ករណី​នេះ​ទៅ​អាជ្ញាធរ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ ព្រោះ​បារម្ភ​ខ្លាច​អាជ្ញាធរ​ចោទ​ថា ជា​មនុស្ស​របស់​គណបក្សប្រឆាំង​។

តម្រុយ​ព្រំដែន​លេខ ១៩៨ និង​១៩៩​ថ្មី ដែល​ទើប​បោះ​កាលពី​ស​ប្ដា​ហ៍​មុន ឋិត​នៅ​ភូមិ​គោក​តែ​ក ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា ខែត្រ​ស្វាយ​រៀង​បាន​ក្លាយជា​បញ្ហា​ក្ដៅ​គគុក របស់​ពលរដ្ឋ​ច្រើន​គ្រួសារ​រស់នៅ​តំបន់​នោះ ដែល​ពួក​គាត់​ចាត់​ទុក​ថា តម្រុយ​ព្រំដែន​នោះ រំកិល​ចូល​ដី​ខ្មែរ​រាប់រយ​ហិ​កតារ តាម​បណ្ដោយ​ព្រំដែន​ច្រើន​គីឡូម៉ែត្រ ត្បិត​បង្គោល​ព្រំដែន​ចាស់​គឺ​ឋិត​នៅ​ឆ្ងាយ​ពី​បង្គោល​ព្រំដែន​បច្ចុប្បន្ន​។

ពលរដ្ឋ​រស់នៅ​ឃុំ​ច​ន្ទ្រា​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ កញ្ញា ថា ការ​បោះតម្រុយ​ព្រំដែន​កាលពី​ថ្ងៃ​ទី​២៣ កញ្ញា​កន្លង​ទៅ​ថ្មី​ៗ​នេះ គឺ​មិន​មាន​តម្លាភាព​នោះ​ទេ ពោល​បាន​ខិតចូល​ដីស្រែ​ចម្ការ​ពលរដ្ឋ​ច្រើន​គ្រួសារ​។ លោក​ថា ក្រៅពី​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ បោះបង្គោល​ចូល​ដី​ខ្មែរ​ក្ដី អាជ្ញាធរ​វៀតណាម បាន​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​សកម្មភាព​ជីក​កាយ​ដី នៅ​តំបន់​ជាប់​ខ្សែបន្ទាត់​ព្រំដែន​នោះ​ទេ ដោយ​អះអាង​ថា ជា​តំបន់ហាមឃាត់ ឬ​តំបន់​ស​។ លោក​អះអាង​ថា ដីស្រែ​របស់​អ្នក​ភូមិ​ខ្លះ​មាន​ទំហំ ២​ហិ​កតារ រហូត​ដល់ ៥​ហិ​កតារ បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជា​បន្តបន្ទាប់ តាំងពី​ឆ្នាំ​១៩៧៩​មក​៖ «​បើ​និយាយ​បោះ​ចូល​គឺ​មិន​តិច​គ្រួសារ​ទេ​ច្រើន​ណាស់ ប៉ះពាល់​ដី​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន​ច្រើន​ដែរ​។ អាហ្នឹង​វា​ចូល​រាប់រយ​ហិ​កតារ ខ្សែក្រវាត់​ព្រំដែន​គិត​ជា​គីឡូម៉ែត្រ ប្រហែល​ចូល​១០​គីឡូ​ដី​ជាង​»​។

បុរស​ដដែល​បន្ត​ថា នៅ​ឃុំ​ច​ន្ទ្រា នៅ​ចំណុច​ចំពុះទារ អាជ្ញាធរ​វៀតណាម ធ្លាប់​បាន​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​ពុះ​យក​ដី​ខ្មែរ​ជាង ៥០០​ហិ​កតារ កាលពី​ឆ្នាំ​២០១៥ ដែល​ឋិត​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ១៩៦ និង ១៩៧​។ លោក​ថា ដី​ខ្មែរ​របូត​ចូល​ទៅ​វៀតណាម​នេះ អាជ្ញាធរ​កម្ពុជា​ហាក់​ធ្វើ​មិនដឹងមិនឮ បើ​ទោះបីជា​ពលរដ្ឋ​ខ្មែរ​ប្ដឹងផ្ដល់​រឿង​ក្ដី​៖ «​ខ្ញុំ​យល់​ឃើញ​ថា មិន​មាន​តម្លាភាព​រវាង​ខ្សែបន្ទាត់​ព្រំដែន​រវាង ប្រទេស​ហ្នឹង​ប្រទេស​ដែល​នៅ​ជាប់​ខាង​គ្នា បើ​និយាយ​ពី​ការ​សោកស្ដាយ​វា​ហួស​នឹង​និយាយ​»​។

ជំទប់​ទី ២ ឃុំ​ច​ន្ទ្រា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ឃុ​ត ថៃ​ហេង ទទួលស្គាល់​ថា ការ​បោះតម្រុយ​ព្រំដែន​នៅ​តំបន់​នោះ​អាច​មាន​ភាព​មិន​ប្រក្រតី ខណៈ​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​ហាក់​ប្រញាប់ប្រញាល់​បោះ​យ៉ាង​លឿន ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ចម្រូងចម្រាស​រឿង​វិបត្តិ​នយោបាយ​។ លោក​ថា អាជ្ញាធរ​កម្ពុជា និង​នគរបាល​ការពារ​ព្រំដែន បាន​លាក់បាំង​ព័ត៌មាន​ស្ដី​ពី​ការ​បោះតម្រុយ​ព្រំដែន​នៅ​តំបន់​នោះ ព្រោះ​អាជ្ញាធរ​បាន​រារាំង​លោក និង​ពលរដ្ឋ​មួយ​ចំនួន​មិន​ឲ្យ​ចុះ​ទៅ​តំបន់​នោះ ក្រោម​ហេតុផល​ការពារ​សុវត្ថិភាព​៖ «​ពលរដ្ឋ​ក៏​មិន​សុខចិត្ត​ដែរ​ចំណុច​អស់ហ្នឹង ខាង​ខ្ញុំ​ក៏​មិន​សុខចិត្ត​ដែរ តែ​រឿង​កិច្ចការ​អស់ហ្នឹង ខ្ញុំ​និយាយ​ថ្នាក់​ឃុំ និង​ថ្នាក់​ស្រុក​ដែរ​គេ​ថា គេ​មាន​គណៈកម្មការ​គេ​ដោះស្រាយ​ហើយ មិនបាច់​លោក​ឯង​លូកដៃ​រញ៉េរញ៉ៃ​»​។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្វាយ​រៀង លោក ម៉ៅ វិបុល ឲ្យ​ដឹង​ថា ការ​បោះតម្រុយ​ព្រំដែន​គួរតែ​មានការ​ចូលរួម​គ្រប់​ភាគី ទាំង​ពលរដ្ឋ រដ្ឋាភិបាល សង្គម​ស៊ី​វិល និង​គណបក្សប្រឆាំង​ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ ក៏​ប៉ុន្តែ​បែរជា​អាជ្ញាធរ​រារាំង និង​ហាមឃាត់​អាជ្ញាធរ​ឃុំ​មក​ពី​គណបក្សប្រឆាំង​មិន​ឲ្យ​ចុះ​ទៅ​តំបន់​នោះ​ទៅ​វិញ​៖ «​បើ​យើង​នៅ​តែ​បិទ​បាំង​មាន​ន័យ​ថា បញ្ហា​នៅ​តែ​មន្ទិល​សង្ស័យ​រហូត​។ ក្នុង​នាម​ខ្ញុំ​ពលរដ្ឋ ក៏​ដូច​ជា​គណបក្សប្រឆាំង​សំណូមពរ​ថា រដ្ឋាភិបាល​មានការ​សហការ​ទាំងអស់​គ្នា​ទៅ ដើម្បី​បំបាត់​មន្ទិល​ទាំងអស់​គ្នា កុំ​ឲ្យ​ដោល​អ្នក​នេះ​អ្នក​នោះ​»​។

កិច្ចប្រជុំ​លើក​ទី​៩ ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​រវាង​បណ្ដា​ខែត្រ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម កាលពី​ថ្ងៃ​ទី​១៥ ខែមីនា បាន​វាយតម្លៃ​ថា ការ​កំណត់​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សម្រេច​បាន​ប្រមាណ ៨៤​ភាគរយ​។ ភាគី​ទាំង​ពីរ​ក៏​ប្រកាស​ថា នឹង​ខិតខំ​គ្រប់គ្រង​ព្រំដែន​ត្រឹមត្រូវ​តាម​សន្ធិសញ្ញា និង​ការ​ព្រមព្រៀង​ស្ដី​ពី​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​។ ក្នុង​ករណី​មាន​ហេតុការណ៍ និង​បាតុភាព​អ្វីមួយ​កើតឡើង​នៅ​តំបន់​ព្រំដែន បណ្ដា​ខែត្រ​ជាប់​ព្រំដែន​ត្រូវ​ពិភាក្សា​គ្នា និង​សហការ​ដោះស្រាយ​ភ្លាម ដោយ​មិន​ទុក​ឲ្យ​បញ្ហា​រីក​រាលដាល​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង ប្រពៃណី​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​បង្ក​ការ​រាំងស្ទះ​ដល់​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​ឡើយ ដោយ​ឈរ​លើ​ស្មារតី​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក និង​សន្តិវិធី​។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ផ្ដល់​ទស្សនៈ​ថា អាជ្ញាធរ​រដ្ឋាភិបាល គួរ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ជា​មុន​សិន មុន​នឹង​បន្ត​បោះបង្គោល និង​បោះតម្រុយ ព្រំដែន​ជៀសវាង​មានការ​ប្ដឹងផ្ដល់​រឿង​នេះ​កាន់តែ​វែង​ឆ្ងាយ​។ លោក​ថា បើ​ការ​បោះតម្រុយ​ព្រំដែន​មាន​ភាព​ចម្រូងចម្រាស់​ជាមួយ​ពលរដ្ឋ និង​បិទ​បាំង​ព័ត៌មាន​មិន​ឲ្យ​សាធារណជន​ដឹង​ឮ លោក​ចាត់​ទុក​ថា ករណី​នេះ​នឹង​ក្លាយជា​ជំងឺ​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ និង​រដ្ឋាភិបាល​។ លោក​ថា ការ​បោះតម្រុយ​ព្រំដែន អាជ្ញាធរ​មិន​គួរ​ប្រញាប់​ពេក​ទេ បើ​ការ​បោះ​នោះ​នាំ​ឲ្យ​ខាត​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​៖ «​សម្រាប់​ខ្ញុំ​យល់​ថា នៅ​ពេល​ដែល​មាន​ព័ត៌មាន លេចឮ​ពី​ការ​មិន​ពេញចិត្ត​របស់​ពលរដ្ឋ​ទៅ​លើ​សកម្មភាព​ការងារ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​រដ្ឋាភិបាល រដ្ឋាភិបាល​គួរតែ​ស្ទុះស្ទា ទៅ​ពិនិត្យ​មើល និង​ឆ្លើយ​តប​»​។

យ៉ាងណា ពលរដ្ឋ មន្ត្រី​សង្គម​ស៊ី​វិល និង​មន្ត្រី​បក្ស​ប្រឆាំង យល់​ថា ការ​បោះបង្គោល​ព្រំដែន និង​តម្រុយ​ព្រំដែន​កម្ពុជា កំពុង​នៅ​មាន​ភាព​ចម្រូងចម្រាស​ច្រើន ដោយសារ​ពុំ​ទាន់​មាន​ឯកភាព​ជាតិ​ផ្ទៃក្នុង ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បន្ត​ទទួល​រង​នូវ​ការ​រិះគន់ និង​មានការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ដោយសារ​មិន​មាន​តម្លាភាព និង​ចោទ​ថា បាត់បង់​ដី ដោយ​បង្គោល​ខិតចូល​មក​ក្នុង​ដី​ខ្មែរ​ជាដើម​៕

អត្ថបទ RFA

 

Comments

comments