អ្នក​វិទ្យាសាស្ត្រ​ជនជាតិ អា​មេ​រិ​កាំ​ង​មួយ​ក្រុម ទើបតែ​ចាប់ផ្តើម​សាកល្បង​ទៅ​លើ​ផល​ប៉ះពាល់​នៃ​ឱសថ​ម្យ៉ាង​ដែល​ជា​ទូទៅ​សម្រាប់ ទប់ទល់​នឹង​ជំងឺ​ទឹកនោមផ្អែម​។ ឱសថ​នេះ​ត្រូវ​បាន​គេ​សិក្សា​ថា អាច​នឹង​ពន្យារ​ជីវិត​មនុស្ស​បាន​ពី ២-៥​ឆ្នាំ​។

នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​គេ​ធ្វើការ​ពិសោធន៍​ឱសថ ក្នុង​គោលដៅ​ដំឡើង​អាយុ​សង្ឃឹមរ​ស់រប​ស់មនុស្ស​។ ធាតុ​សកម្ម​ដ៏​សំខាន់​នៃ​ឱសថ​មួយ​ប្រភេទ​នេះ គឺ Metformin ជា​ថ្នាំ​សម្រាប់​ប្រឆាំង​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ។

ទស្សនាវដ្តី Sciences et Avenir របស់​បារាំង​បាន​ពន្យល់​ថា ដោយ​ផ្អែក​លើ​លទ្ធផល​ស្ថិតិ​នៃ​ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ ឆ្នាំ ២០១៤ ដែល​បាន​បង្ហាញ​ថា អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​ប្រើប្រាស់​ថ្នាំ Metformin មាន​អាយុ​សង្ឃឹម​រស់​ខ្ពស់​ជាង ១៥% បើ​ធៀប​នឹង​អ្នក​គ្មាន​ជំងឺ​នេះ អ្នក​ស្រាវជ្រាវ Nir Barzilai នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Albert Einstein នៅ​ក្រុង​ញូ​វ​យ៉​ក បាន​សម្រេចចិត្ត​បង្កើត​គម្រោង​ពន្យារ​អាយុ​ជាមួយនឹង​ថ្នាំ Metformin ។ កាលពី​ឆ្នាំ ២០០៨ ការ​សិក្សា​មួយទៀត​ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​រុ​ស្ស៊ី​ក៏​ធ្លាប់ បាន​បង្ហាញ​ដែរ​ថា ថ្នាំ Metformin មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដំឡើង​អាយុ​សង្ឃឹម​រស់​របស់​សត្វ​កណ្តុរ​ដែល ពួក​គេ​បាន​យក​មក​ពិសោធន៍​។

ដើម្បី​ឲ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា តើ​វា​នឹង​មាន​លទ្ធផល​ដូច​គ្នា​ចំពោះ​មនុស្ស​ដែរ​ឬ​យ៉ាងណា លោក Nir Barzilai នឹង​តាមដាន​លើ​មនុស្ស​ចំនួន ៣ ពាន់​នាក់​ដែល​គ្មាន​ជំងឺ​ទឹកនោមផ្អែម និង​មាន​អាយុ​លើស​ពី ៧០ ឆ្នាំ​។ នៅ​ជំហាន​ដំបូង ក្រុម​អ្នក​ស្ម័គ្រចិត្ត​ទាំងនេះ​នឹង​តម្រូវ​ឲ្យ​ប្រើប្រាស់​ថ្នាំ Metformin រយៈពេល ៥ ឆ្នាំ​។ ទន្ទឹម​នឹង​នោះ ថ្នាំ Rapamycin ដែល​ជា​ទូទៅ​គេ​ប្រើប្រាស់​ក្នុង​ករណី​ផ្សាំ​សរីរៈ ក៏​នឹង​ស្ថិត​ក្នុង​ការ​សាកល្បង​សម្រាប់​ការ​ពន្យារ​អាយុ​ក្នុង​គម្រោង​នេះ ផង​ដែរ​៕

Comments

comments