វៀតណាម ៖ កាលពី​ថ្ងៃ​ទី​៥ ​តុលា ២០១៧ ប៉ូលិស​បាន​ឆ្មក់​ចូល​ពិនិត្យ​មើលកន្លែង​សម្លាប់សត្វ​មួយ​កន្លែង​នៅ​សង្កាត់គូ​ជី នៅ​ទីក្រុង​ហូ​ជី​មិ​ញ ហើយ​បាន​រក​ឃើញ​សត្វ​ជ្រូក​រាប់​ពាន់​ក្បាល ​ដែល​ត្រូវ​បាន​ចាក់​ថ្នាំ​សន្លប់​ដើម្បី​ឱ្យ​ពួក​វា​ដេក នៅ​មុន​ពេល​ពួក​វា​ត្រូវ​បាន​សម្លាប់​យក​សាច់​ ។

សត្វ​ជ្រូក​រាប់​ពាន់​ក្បាល ដែល​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​មានសារធាតុគីមី​នៃ​ថ្នាំ​សន្លប់ ដែល​ធ្វើ​ឱ្យ​សត្វ​ជ្រូក​ទាំងនោះ គ្មាន​​កម្រើក នៅ​ពេល​គេ​សម្លាប់​យក​សាច់ ​។ ការ​ចាក់​ថ្នាំ​សន្លប់​នៅ​ពេល​សម្លាប់​នោះ គឺដើម្បី​ធ្វើ​ឱ្យ​សាច់​ជ្រូក​ទន់​ល្អ ប៉ុន្តែវា​មាន​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​របស់​អ្នក​បរិភោគសាច់ជ្រូកនោះ ​។

នៅ​កន្លែង​សម្លាប់សត្វ​ដ៏​ធំ “Xuyen A” សត្វ​ជ្រូក​ជាង​៥,០០០​ក្បាល ត្រូវ​បាន​សម្លាប់​យក​សាច់​ក្នុង​មួយ​យប់​ៗ​សម្រាប់​ការ​ផ្គត់ផ្គង់​នៅ​តាម​ទីផ្សារ​និង​នៅ​តាម​ផ្សារ​ទំនើប​ក្នុង​តំបន់ ​​។

កាលពី​ថ្ងៃ​ចន្ទ លោក ត្រឹ​ន វិញត្វៀ​ន អភិបាលរង​ក្រុង​ហូ​ជី​មិ​ញ បាន​ចេញ​បញ្ជា​ឱ្យ​សម្លាប់​ចោល​សត្វ​ជ្រូក​ចំនួន​៣,៧៥០​ក្បាល នៅ​កន្លែង​សត្ត​ឃា​ដ​ បន្ទាប់​ពី​ជ្រួក​ទាំងនេះ​ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​នៃ​សារធាតុ​ថ្នាំ​សន្លប់ ដើម្បី​ការពារ​គ្រោះថ្នាក់​ដល់​សុខភាព​ ដល់​អ្នក​ប្រើស​ប្រាស់​(​អ្នក​បរិភោគ​សត្វ​ជ្រូក​) ៕