ពី​ក្នុង​វត្ត​រស្មី​ខេមរា​រាម ទីក្រុង Mantova ប្រទេស អ៊ី​តា​លី / Italy) លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ថា “​អ្នក​ណា​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ អ្នក​នោះ​នឹង​រលាយ​ខ្លួនឯង​។​” ។

អតីត​មេ​បក្ស​ប្រឆាំង​ដ៍​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​ខ្មែរ​រូប​នេះ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​០៧ ខែតុលា​ទៀត​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​ក្រោយ​នេះ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សំឡេង​គាំទ្រ​ពី​ម្ចាស់​ឆ្នោត​ប្រហាក់ប្រហែល​គ្នា ហើយ​បាន​ប្រៀបធៀប​គូប្រជែង​នយោបាយ​ទាំង​ពីរ​ទៅ​នឹង​អ្នក​ប្រដាល់​ដែល​នៅ​លើ​សង្វៀន ហើយ​បើ​គូប្រកួត​ម្ខាង​មិន​បាន​ចូលរួម​ប្រកួត អ្នក​នៅ​លើ​សង្វៀន​ម្នាក់ឯង លើកដៃ​តែឯង គឺ​ឈ្នះ​ដោយ​ឥត​ន័យ ។

មិន​ទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។

ការ​លើក​ឡើង​របស់​លោក សម រ​ង្ស៊ី ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៧ បាន​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​កាន់​តុលាការ​កំពូល​ដើម្បី​ស្នើ​ឲ្យ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ហេតុផល​ជាក់ស្តែង​ថា​លោក កឹ​ម សុខា ជា​ប្រធាន​គណ​ប្រឆាំង​នេះ​ពាក់​ព័​ន្ឋ​នឹង​អំពើ​ក្បត់ជាតិ​ឃុបឃិត​ជាមួយ​បរទេស​ប៉ង​បដិវត្តន៍​ព៌​ណ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ។

បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​នេះ​ដែរ ក៍​ធ្វើ​ឡើង​ក្រោយ​ក្រសួងមហាផ្ទៃ​ទទួល​បាន​ពាក្យបណ្តឹង​ពី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិន​ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ និង​គណបក្ស​យុវជន​កម្ពុជា ដឹកនាំ​ដោយ​លោក ពេជ្រ ស្រស់ ដែល​ស្នើ​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ហេតុផល​ដូច​គ្នា​ខាងលើ​នេះ​។

ក្រៅពី​លោក គី តិច មេធាវី​តំណាង​ឲ្យ​អាណត្តិ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៍​មាន​មេធាវី​៤​រូប​ផ្សេង​ទៀត​ដែល​រួម​មាន​លោក​លី ច័ន្ទ​តុលា​, លោក គង់ ទី​លី​ន​, លោក សាន់ ជួយ​, និង​លោក​ចេ​ង ប៉េង​ហាប់ ។

 

នៅ​ក្នុង​ពាក្យបណ្តឹង​របស់​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា មាន​ភស្តុ​តាង​គ្រប់គ្រាន់ ដែល​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន និង​កំពុង​អនុវត្ត​ផែនការ​ដោយ ឃុបឃិត​គ្នា ជា​សម្ងាត់​ជាមួយ​បរទេស ក្នុង​ការ​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា ក្រោម​ទម្រង់​នៃ​បដិវត្ត​ពណ៌ ដូច​គំរូ​នៅ​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែរ​ប៊ី ក៏​ដូច​ជា​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិមបូព៌ា ។ ដោយ​បាន​រក​ឃើញ​វី​ដេ​អូ​ឃ្លី​ប​ចំនួន​៣ ក្នុង​ចំណោម​វី​ដេ​អូ​ឃ្លី​ប​ជា​ច្រើន និង​ភស្តុ​តាង​ជា​ច្រើន​ទៀត ដែល​ដាក់​ជូន​តុលាការ​កំពូល​ថ្ងៃនេះ និង​ខ្លះ​ទៀត​ដែល​យើង​មាន​ក្នុង​ដៃ​របស់​យើង​រួច​ហើយ​។

សំដី​ផ្ទាល់ខ្លួន​របស់​លោក កឹ​ម សុខា ក្នុង​ឋានៈ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​ទាំង​៣ ដែល​យើង​រក​ឃើញ​នេះ គឺជា​ភស្តុ​តាង​ដ៏​រឹង​មាំ​ផង និង​ជា​សក្ខីកម្ម​ដ៏​ច្បាស់លាស់​ដែល​មិន​អាច​ប្រកែក​បាន អំពី​ផែនការ​ឃុបឃិត​គ្នា​ជា​សម្ងាត់​ជាមួយ​បរទេស ក្នុង​ការ​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា ក្រោម​ទម្រង់​បដិវត្ត​ពណ៌ ដែល​បាន​និង​កំពុង​អនុវត្ត​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ រួម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​បរទេស​មួយ​ចំនួន​ជ្រក​ក្រោម ទិស​ស្លោក​នយោបាយ​ភូត​កុហក​បោកប្រាស់ គឺ «​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​» ការ​ញុះញង់​បំផ្លើស​ដើម្បី​បំផុស​ចលនា​ប្រជាជន​ក្រោម​ស្លាក​សិទ្ធិ​មនុស្ស និង​ស្លាក​ប្រជាធិបតេយ្យ ព្រមទាំង​ការ​ចោទប្រកាន់​ដោយ​មិន​ត្រឹមត្រូវ​ខុស​ពី​ការ​ពិត​ជាក់ស្តែង​គ្រប់ពេលវេលា​ថា រដ្ឋអំណាច​ប​ច្ច​បុ​ប្បន្ន ជា​រដ្ឋអំណាច​ផ្តាច់​ការ ដើម្បី​បង្កើត​ជា​លេស​សម្រាប់​ការ​ធ្វើ​បដិវត្ត​ពណ៌ ក្នុង​ខណៈ​ពេល​ដែល​រដ្ឋអំណាច​ស្របច្បាប់​បច្ចុប្បន្ន កំពុង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នៃ លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​បក្ស តាម​រយៈ​ការ​ចាត់តាំង​ឱ្យ​មានការ​បោះ​ឆ្នោត​យ៉ាង​ទៀងទាត់ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ក្រោម​សុខ​សន្តិភាព​ពេញ​បរិបូរណ៍ និង​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ អង្គ​ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

នៅ​ក្នុង​ពាក្យបណ្តឹង​បាន​បន្ត​រៀបរាប់​ថា​៖ សកម្មភាព​ខុសច្បាប់​ជា​ច្រើន ដែល​បាន និង​កំពុង​អនុវត្ត​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​ភាព​ស៊ីចង្វាក់​គ្នា​ទៅ​នឹង ផែនការ​សម្ងាត់​នៃ​ការ​ធ្វើ​បដិវត្ត​ពណ៌ ដូច​សំដី​របស់​លោក កឹ​ម សុខា នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប ជា​សក្ខីកម្ម​មិន​អាច​ប្រកែក​បាន ក្នុង​នោះ​រួម​មាន​ទាំង​ការ​បញ្ជូន មនុស្ស​ទៅ​ហ្វឹកហាត់ និង​ទទួល​ការ​បណ្តុះបណ្តាល​ជា​ប្រចាំ​នៅ​បរទេស អំពី​របៀប​នៃ​ការ​ធ្វើ​បដិវត្ត​ពណ៌ ដើម្បី​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​របស់​កម្ពុជា​។

បន្ថែម​លើ​វី​ដេ​ឃ្លី​ប​ទាំង​៣​ខាងលើ នៅ​មាន​ភស្តុ​តាង​ជា​ច្រើន​ទៀត ដែល​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ក្រៅពី​ផែនការ​ឃុបឃិត​គ្នា​ជា​សម្ងាត់​ជាមួយ​បរទេស ក្នុង​ការ​ធ្វើ​បដិវត្ត​ពណ៌ ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់ គណបក្ស​នេះ ក៏​មាន​ចំណង​ចំណុះ​ឱ្យ​បរទេស និង​ក្រោម​ការ​បង្គាប់បញ្ជា​របស់​បរទេស​ផង​ដែរ ដែល​ជា​ការ​បំពាន​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​។

នៅ​ក្នុង​ពាក្យបណ្តឹង​របស់​ក្រសួងមហាផ្ទៃ បាន​រៀបរាប់​បន្ថែម​ថា​៖ អង្គហេតុ​នៃ​សកម្មភាព​ខុសច្បាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បាន​បំពាន​ទៅ​នឹង​មាត្រា ៦ ថ្មី (​ពីរ​) និង​មាត្រា ៧ នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​។

យ៉ាងណា​ក៍ដោយ​ពី​ព​ន្ឋ​នាគារ​ត្រពាំង​ផ្លុ​ង ស្ថិត​ក្នុងស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​សរសេរ​សារលិខិត​ជា​លើក​ដំបូង​ផ្ញើ​ជូន​ពលរដ្ឋ​ខ្មែរ សមត្ថកិច្ច ស្ថាប័ន​ជាតិ និង​សហគមន៍​អន្តរជាតិ ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​អំណាច ស្រប​តាម​រដ្ឋធម្មនុញ្ញ មិន​ត្រូវ​តក់ស្លុត គឺ​ត្រូវ​រួម​គ្នា​ការពារ​យុត្តិធម៌​។

សារលិខិត​របស់​លោក កឹ​ម សុខា ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៧ បាន​រៀបរាប់​ថា សមត្ថកិច្ច​ចាប់ខ្លួន​លោក​យក​ទៅ​ឃុំឃាំង​រយៈពេល​១​ខែ​ហើយ គិតដល់​ថ្ងៃ​ទី​០៣ តុលា​នេះ​។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​សម្រុកចូល​ក្នុង​គេហដ្ឋាន​របស់​លោក ដោយ​រំលោភ​លើ​សិទ្ធិ​លំនៅ​ឋាន​ឯកជន និង​បាន​ចាប់ខ្លួន​លោក​ទាំង​ពាក់កណ្ដាល​អធ្រាត្រ ខណៈ​កំពុង​សម្រាក​លង់លក់ ដែល​មិន​មាន​សកម្មភាព​អ្វី​សោះ ដោយ​យក​លេស​ថា ជា​បទល្មើស​ជាក់ស្ដែង គឺជា​ការ​រំលោភច្បាប់ និង​អភ័យឯកសិទ្ធិ​សភា ជា​ពិសេស​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​យ៉ាងធ្ងន់ធ្ងរ​ជាទី​បំផុត​។

នៅ​ក្នុង​លិខិត​ដដែល​លោក កឹ​ម សុខា បាន​បញ្ជាក់​ទៀត​ថា សូម​ឲ្យ​ស្មារតី​ស្នេហា​ជាតិ និង​លទ្ធិប្រជាធិបតេយ្យ ស្ថិត​នៅ​រស់​រវើក​ក្នុង​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក​ជឿជាក់​ថា ការ​ផ្លាស់​ប្ដូរ​មួយ​ដែល​ខ្មែរ​ចង់បាន គឺ​បាន​សម្រេច​ពាក់កណ្ដាល​ហើយ​នោះ​គឺ ការ​ផ្លាស់​ប្ដូរ​នូវ​ផ្នត់គំនិត និង​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ឆាកនយោបាយ​របស់​ពលរដ្ឋ​ខ្មែរ ហើយ​បាន​រីកសាយ​ទូ​ទាំង​ប្រទេស​ហើយ​។ លោក​ប្រធាន​គណបក្សប្រឆាំង​បន្ថែម​ថា គ្មាន​អំណាច​ណា អាច​យកឈ្នះ​លើ​អំណាច​ឆន្ទៈ​ប្រជាពលរដ្ឋ​ឡើយ សូម​ជនរួមជាតិ​រួបរួម​គ្នា និង​ទាមទារ​ឲ្យ​បាន​នូវ​យុត្តិធម៌​សម្រាប់​ខ្មែរ​ទាំងអស់​គ្នា​។

លោក​អះអាង​ថា សមត្ថកិច្ច​ចោទប្រកាន់​រូប​លោក ថា​បាន​ឃុបឃិត ឬ​ត្រូវរ៉ូវ​ជាមួយ​បរទេស ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​នោះ គឺជា​ការ​មួលបង្កាច់​ទាំងស្រុង​។ ក្នុង​នាម​លោក​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តំណាង​ឲ្យ​ពលរដ្ឋ​ពាក់កណ្ដាល​ប្រទេស តែងតែ​ជ្រើសរើស យក​ការ​ផ្លាស់​ប្ដូរ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​អហិង្សា​។ គណបក្សប្រឆាំង​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​របប​ប្រជាធិបតេយ្យ​មាន​តួនាទី​ប្រកួតប្រជែង​យក​ការ គាំទ្រ​របស់​ពលរដ្ឋ ដើម្បី​ផ្លាស់​ប្ដូរ​គណបក្សកាន់អំណាច និង​ឈាន​ទៅ​រក​ការ​ដឹកនាំ​ប្រទេស​។

បើ​តាម​លោក កឹ​ម សុខា «​បើសិនជា​គណបក្សប្រឆាំង​មិន​មាន​បំណង​ចង់​ផ្លាស់​ប្ដូរ​គណបក្សកាន់អំណាច​ទេ គេ​មិន​ហៅ​គណបក្ស​នោះ​ថា គណបក្សប្រឆាំង​ឡើយ​។​»​។ ការ​ចូលរួម​ប្រឡូក​ក្នុង​ឆាកនយោបាយ​របស់​លោក ក៏​ដូច​ជា​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ធ្វើ​ដើម្បី​ការ​ផ្លាស់​ប្ដូរ​ដោយ​អហិង្សា និង​ជា​វិជ្ជមាន មិនមែន​សម្រាប់​លំអ​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ​ឡើយ​។ ដូច្នេះ​រាល់​ទ​ង្វើ​របស់​លោក​មិនមែន​ជា​រឿង​ខុសច្បាប់ ហើយ​ផ្ទុយ​ទៅ​វិញ​គឺជា​សិទ្ធិ និង តួនាទី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​លទ្ធិ​ល​ប្រជាធិបតេយ្យ សេរី​ពហុបក្ស មិនមែន​ឯក​បក្ស ដែល​លំអ​ដោយ​គណបក្ស​មិន​ហ៊ាន​ប្រឆាំង​គណបក្សកាន់អំណាច​នោះ​ទេ​។

លោក កឹ​ម សុខា ស្នើ​ឲ្យ​សមត្ថកិច្ច​រដ្ឋាភិបាល និង​តុលាការ សូម​ពិចារណា​ឡើង​វិញ នូវ​ការ​ចោទប្រកាន់​លើ​រូប​លោក ដែល​នេះ​មិនមែន​ជា​យុទ្ធសាស្ត្រ ធ្វើ​ឲ្យ​ខ្មែរ​ណា​ម្នាក់​ទទួល​បាន​ផលប្រយោជន៍​យូរអង្វែង​ឡើយ ដោយ​លោក កឹ​ម សុខា អះអាង​ថា «​ខ្ញុំ​មិនមែន​ជាស​ត្រូវ​របស់​លោក​អ្នក ខ្ញុំ​ជា​គូរ​ប្រជែង​ដែល​មាន​តួនាទី​រួមចំណែក​កែ​លំអ​ជាតិ​យើង ដោយ​ការ​រិះគន់ និង​ប្រជែង​យក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​»​។

កម្ពុជា​មាន​ថ្ងៃនេះ ដោយសារ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ អ្នក​វិនិយោគ​ចូល​មក​កម្ពុជា​ចាប់ពី​ឆ្នាំ​១៩៩៣​មក ខណៈ​កម្ពុជា​ចាប់​យក​របប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស គេ​មិន​បាន​ចូលរួម​មក​កម្ពុជា​ក្នុង​របប​ឯក​បក្ស​ឡើយ​។

លោក កឹ​ម សុខា អំពាវនាវ​ជា​ថ្មី​ទៀត​ថា សូមកុំ​សម្លាប់​សេដ្ឋកិច្ច​ខ្មែរ ដោយ​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​។ បើ​ជាតិ​យើង​រស់ កូនចៅ​យើង​មិន​ថា​បក្ស​ណា​ទេ នឹង​រស់​ទាំងអស់​គ្នា​។ បើ​ជាតិ​យើង​ស្លាប់ មិន​ថា​អ្នកមាន​លុយ ឬ​អំណាច​យ៉ាងណា​ឡើយ គឺ​នឹង​អស់​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ទាំងអស់​។

លោក កឹ​ម សុខា ក៍បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ចាត់វិធានការ​សកម្មភាព​ជាក់ស្ដែង ដើម្បី​សង្គ្រោះ​កម្ពុជា​ឲ្យ​ទាន់​ពេលវេលា ព្រោះថា​កាលពី​ពេល​ថ្មី​ៗ​នេះ សហគមន៍​អន្តរជាតិ​តែងតែ​និយាយ​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​ធ្វើ​ដំណើរ​ទៅ​រក​គ្រោះថ្នាក់ ហើយ​កំពុង​ធ្លាក់​នៅ​ដង្ហើម​ចុង​ក្រោយ​ហើយ​។ បើ​មិន​ដូច្នោះ​ទេ ការ​ជួយ​របស់​សហគមន៍​អន្តរជាតិ​ចាប់តាំងពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ស្ដី​ពី​កម្ពុជា​ឆ្នាំ​១៩៩១ ជា​ពិសេស​ការ​បោះ​ឆ្នោត​ខាង​មុខ ជា​ការ​ឥតប្រយោជន៍ និង​មិន​អាច​ទទួលយក​បាន​។

នៅ​ចុងបញ្ចប់ លោក កឹ​ម សុខា បាន​ផ្ដាំ​ថា ដោយ​ស្មារតី​យុត្តិធម៌ ប្រជាធិបតេយ្យ និង​ការ​បង្រួបបង្រួម​ជាតិ សូម​ឲ្យ​គ្រប់​ភាគី​ទាំងអស់​តម្កល់​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជា​ធំ​។ ហើយ​សូម​ប្រជាពលរដ្ឋ​ខ្មែរ​ចង​ចាំ​ថា លោក​នៅ​ជាមួយ​បងប្អូន​ទាំងអស់ ទោះ​រូប​កាយ​លោក​ត្រូវ​ជាប់​ឃុំ តែ​គ្មាន​នរណា​ម្នាក់​អាច​ឃុំ​ឧត្ដមគតិ​លោក​បាន​ឡើយ​។ ឆន្ទៈ​លោក​តែងតែ​នៅ​ជាប់​នឹង​ជនរួមជាតិ​ជា​និច្ច សូមកុំ​តក់ស្លុត ។

ចំណែក អ្នក​ច្បាប់ និង​អ្នកវិភាគ​នយោបាយ​ពន្យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ត្រូវ​តុលាការ​រំលាយ​បាន​ទេ ដោយសារ​រដ្ឋធម្មនុញ្ញ​បាន​ចែង​អំពី​អាណត្តិ​សភា​មាន​រយៈពេល​៥​ឆ្នាំ បើសិនជា តុលាការ​រំលាយ​គណបក្សប្រឆាំង​ចោល​មែន គឺ​ស្ថាប័ន​សភា​ទាំងមូល​ក៏​រលាយ​ដែរ ហើយ​រដ្ឋាភិបាល​នឹង​ក្លាយទៅជា​រដ្ឋាភិបាល​មិន​ស្របច្បាប់​។

ការ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ត្រូវ​បាន​អ្នក​ច្បាប់​មើលឃើញ​ថា ជា​រឿង​មិន​សម​ហេតុផល និង​មិន​ត្រូវ​តាម​រដ្ឋធម្មនុញ្ញ​។

ទាំង​អ្នក​ច្បាប់ និង​ឃ្លាំមើល​ការ​បោះ​ឆ្នោត ពន្យល់​ថា គ្មាន​ច្បាប់​ណាមួយ​អាច​រំលាយ​គណបក្សប្រឆាំង​បាន​ទេ ហើយ​គណបក្ស​ចំនួន​ពីរ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ចង់​រំលាយ​គណបក្សប្រឆាំង​ដូច្នេះ គណបក្ស​ទាំង​ពីរ​នេះ គ្រាន់តែ​ជា​ឧបករណ៍​នយោបាយ ដែល​លោក ហ៊ុន សែន រៀបចំ​ឲ្យ​សំដែង​នៅ​មុន​ពេល ការ​ប្រកួត​នៅ​លើ​សង្វៀន​នយោបាយ​ឆ្នាំ​២០១៨ មក​ដល់​តែ​ប៉ុណ្ណោះ​។

មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក យឿ​ង សុធា​រ៉ា មាន​ប្រសាសន៍​ថា ការ​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល​នេះ គ្មាន​ហេតុផល​អ្វី​ដែល​គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ត្រូវ​ប្ដឹង​នោះ​ទេ​។ លោក​បញ្ជាក់​ថា ការ​ផ្អាក​សកម្មភាព​ណាមួយ​របស់​គណបក្ស​ន​យោ បាយ​បាន​នោះ លុះត្រា​ណា​តែ​ក្រសួងមហាផ្ទៃ​។

លោក មេធាវី ហុង គឹ​ម​សួន ពន្យល់​ថា ការ​ប្ដឹង​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ ចង់​រំលាយ​គណ បក្ស​សង្គ្រោះ​ជាតិ ដោយ​យោង​តាម​ច្បាប់​ស្ដី​ការ​ធ្វើ​វិសោធនកម្ម ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​នេះ មិន​អាច​ទៅ​រួច​ទេ ព្រោះ​ច្បាប់​នេះ​កើតឡើង​ក្រោយ​ពេល លោក កឹ​ម សុខា និយាយ​នៅ​ប្រទេស​អូស្ត្រាលី​អំពី​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។

ម្យ៉ាងវិញទៀត លោក មេធាវី សេក សុ​ភណ្ឌ បញ្ជាក់​ថា បើសិនជា​ការ​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ហេតុផល​រដ្ឋាភិបាល​ចោទ​លោក កឹ​ម សុខា ពី​បទ​ក្បត់ជាតិ​នេះ ក៏​មិន​អាច​ទៅ រួច​ដែរ ព្រោះ​លោក កឹ​ម សុខា គ្រាន់តែ​ជា​ជន​ត្រូវ​ចោទ តុលាការ​មិន​ទាន់​ចោទប្រកាន់ ឬ​មិន​ទាន់​មានទោស​នោះ​ទេ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ចាប់ខ្លួន​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​នេះ គឹ​មាន​ប្រតិកម្ម​ជា​ច្រើន ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​។ តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក កំពុង​ជំរុញ​ឲ្យ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ (Donald Trum) ដាក់​គំនាប​សេដ្ឋកិច្ច​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​តានតឹង​នៅ​កម្ពុជា​។

លោក អា​ឡាន់ ឡូ​វែ​ន​ថ​ល (Alan Lowenthal) តំណាងរាស្ត្រ ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ប្រាប់​អាស៊ី​សេរី កាលពី​ថ្ងៃ​ទី​៤ ខែតុលា ថា លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​ផ្ដាច់​ការ​កាន់តែ​ខ្លាំង​ឡើង​ៗ និង​កំពុង​ប្រឆាំង​ទៅ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​។ លោក​អះអាង​ថា ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​កម្ពុជា គឺជា​ជ្រើស​ដ៏​ល្អ​មួយ ប្រសិនបើ​លោក ហ៊ុន សែន មិន​ព្រម​ដោះ​លែង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា មិន​បញ្ឈប់​ការ​គំរាមកំហែង និង​ធ្វើទុក្ខបុកម្នេញ​ដល់​តំណាងរាស្ត្រ​ផ្សេង​ទៀត​របស់​បក្ស​ប្រឆាំង មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល និង​បណ្ដាញសារព័ត៌មាន​ឯករាជ្យ​។

ចំពោះ​មន្ត្រី​ជាន់​អង្គការសហប្រជាជាតិ​វិញ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ការ​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ដោះ​លែង​លោក កឹ​ម សុខា ជា​បន្ទាន់ និង​បើក​ឲ្យ​មានការ​បោះ​ឆ្នោត​ប្រកប ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បើ​មិន​អ៊ីចឹង​ទេ សហភាព​អឺរ៉ុប​នឹង​មិន​ទទួលស្គាល់​រដ្ឋាភិបាល និង​ពិចារណា​លើ​ទីផ្សារ​របស់​កម្ពុជា​នៅ​សហគមន៍​អឺរ៉ុប​ជាដើម​។

លោក យឿ​ង សុធា​រ៉ា បន្ថែម​ថា បើសិនជា​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មែន​នោះ គឺ​ស្មើ នឹង​ការ​វាយ​គូរ​ប្រកួត​ឲ្យ​សន្លប់​នៅ​ពេល​ថ្ងៃ​ប្រកួត​មក​ដល់​។ បើ​ដូច្នេះ​មែន ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​គ្មាន​ន័យ​អ្វី​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ទទួលស្គាល់​ដែរ​។

អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណ​រា បញ្ជាក់​ថា គណបក្ស​គ្មាន​សំឡេង​ក្នុង​រដ្ឋសភា ប្ដឹង​លោក​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ មិន​អាច​ទៅ​រួច​ឡើយ​។ លោក​បញ្ជាក់​ថា បើ​តុលាការ ឬ​ក្រសួងមហាផ្ទៃ​ប្ដឹង​រំលាយ​គណបក្សប្រឆាំង​មែន មាន​ន័យ​ថា ស្ថាប័ន​សភា ក៏​រលាយ​ដែរ បើ​ដូច្នេះ​មែន​គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​។

រដ្ឋធម្មនុញ្ញ​មាត្រា​៧៨ ចែង​ថា នីតិ​របស់​រដ្ឋសភា​មាន​កំណត់​៥​ឆ្នាំ ហើយ​ត្រូវ​ផុតកំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​ស្បថ​ចូល​កាន់​តំណែង​។ រដ្ឋសភា​មិន​អាច​ត្រូវ​បាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ វៀរលែងតែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល​១២​ខែ​។

ក្រុម​អ្នក​ច្បាប់ រួម​ទាំង​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​របស់​សហរដ្ឋអាមេរិក បញ្ជាក់​ថា បើសិនជា​រដ្ឋាភិបាល ឬ​តុលាការ​នៅ​តែ​ចាត់ការ​បណ្ដឹង​នេះ​ទាំង​បំពាន​ច្បាប់​នោះ កម្ពុជា​នឹង​មិន​អាច ធ្វើ​ដំណើរ​ឆ្ពោះទៅ​រក​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៨​ខាង​មុខ តែ​ឯកឯង​បាន​ទេ ព្រោះ​ប្រទេស​ក្រីក្រ​មួយ​នេះ នៅ​តែ​ត្រូវការ​កិច្ច​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​។ ម្យ៉ាងទៀត ប្រសិនបើ​លោក ហ៊ុន សែន ចង់​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​មាន​ភាព​ស្របច្បាប់ នោះ​លោក ហ៊ុន សែន ត្រូវ​តែ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​មានការ​ចូលរួម​ប្រកួតប្រជែង​គ្រប់​ភាគី ៕

Comments

comments