ខណៈគណបក្សប្រឆាំងកំពុងតស៊ូជាមួយនឹងការបង្ក្រាបដែលកំពុងតែបន្ត ងាកទៅមើលគណបក្សប្រជាជនកម្ពុជាវិញ គឺកំពុងបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការជ្រើសរើសសមាជិកថ្មីដែលអ្នកខ្លះថា វាប្រឆាំងនឹងឆន្ទៈរបស់ពួកគេ ខណៈដែលអ្នកភូមិជាច្រើនបានត្អូញត្អែរអំពីបញ្ហានេះ។
អ្នកភូមិម្នាក់ដែលរស់នៅក្នុងឃុំ អង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលស្នើសុំមិនឲ្យបញ្ចេញឈ្មោះដោយភ័យខ្លាចការវាយបកវិញបានឲ្យដឹងថា មន្ត្រីមូលដ្ឋានរបស់គណបក្សប្រជាជនបានចេញចូលពីផ្ទះមួយទៅផ្ទះមួយក្នុងភូមិរបស់គាត់និងភូមិដទៃទៀតដើម្បីបង្ខំប្រជាពលរដ្ឋឱ្យចុះឈ្មោះជាសមាជិករបស់គណបក្សកាន់អំណាច។
លោកថ្លែងថា៖ «ប្រធានភូមិបានមកប្រមូលទិន្នន័យពីពួកយើង… ពលរដ្ឋត្រូវបានគេសួរអ្នកថា តើពួកគេបោះឆ្នោតឲ្យគណបក្សមួយណា0x017d7»។
ប៉ុន្តែមិនបញ្ឈប់ត្រឹមស្នើសុំឱ្យពួកគេចុះឈ្មោះក្នុងសៀវភៅធ្វើជាសមាជិកប៉ុណ្ណោះទេ។ លោកបានបញ្ជាក់ថា៖ «ពួកយើងត្រូវបានគេស្នើឱ្យស្បថ [ថានឹងបោះឆ្នោតឱ្យគណបក្សប្រជាជន] ពួកយើងពិតជាភ័យខ្លាចណាស់ចំពោះការស្បថស្បែនេះ។ ពួកយើងពិតជាមានការព្រួយបារម្ភអំពីអ្វីដែលកំពុងកើតឡើងនេះណាស់»។
លោកបានបន្ថែមថា ប្រធានភូមិបានប្រាប់ពួកគេថា ពួកគេអាចនឹងត្រូវបានដកចេញពីបញ្ជីទទួលបាន «អំណោយពីគណបក្ស» និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈ ប្រសិនបើពួកគេបដិសេធ។ ដូច្នេះហើយ លោកបានថ្លែងថា អ្នកភូមិបានធ្វើពុតហាក់ ដូចជាចូលរួម។
លោកបញ្ជាក់ទៀតថា៖ «ខ្ញុំចង់ឱ្យមានការផ្លាស់ប្តូរមេដឹកនាំ ខ្ញុំចង់ឱ្យប្រទេសរបស់ខ្ញុំប្រសើរជាងនេះ»។
អ្នកភូមិម្នាក់ទៀតមានអាយុ ៣២ ឆ្នាំដែលរស់នៅក្នុងឃុំជាមួយគ្នា ប៉ុន្តែភូមិផ្សេងគ្នាក៏សើ្នសុំមិនឲ្យបញ្ចេញឈ្មោះដូចគ្នាបានថ្លែងថា គាត់បានយល់ព្រមចូលរួមជាមួយគណបក្សប្រជាជនដោយសារមានសម្ពាធ ប៉ុន្តែលោកនឹងមិនទៅបោះឆ្នោតជាតិនៅក្នុងឆ្នាំ ២០១៨ ទេ។
លោកបានថ្លែងថា៖ «ខ្ញុំមិនចង់ក្បត់ឆន្ទៈរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំមិនដឹងថា ត្រូវធ្វើរបៀបណា។ ខ្ញុំព្រួយបារម្ភអំពីប្រទេសខ្ញុំ ដូចដែលអ្នកបានឃើញហើយមេដឹកនាំគណបក្សប្រឆាំងត្រូវបានចាប់ខ្លួនហើយមេដឹកនាំផ្សេងទៀតបានភៀសខ្លួនចេញពីប្រទេស។ ខ្ញុំមានគម្រោងមិនទៅបោះឆ្នោតទេពីព្រោះវាគ្មានប្រយោជន៍»។
លោកថ្លែងថា លោកភ័យខ្លាចថាប្រសិនបើគាត់បដិសេធមិនព្រមចុះឈ្មោះទេនោះ វានឹងពិបាកសម្រាប់លោកក្នុងការទទួលបានសេវាសាធារណៈនាពេលអនាគត ដូចជាការធ្វើលិខិតស្នាមឬឯកសាររដ្ឋបាលផ្សេងៗពីប្រធានភូមិ។
អ្នកភូមិម្នាក់ទៀតក៏បានរៀបរាប់អំពីរឿងរ៉ាវស្រដៀងគ្នានេះដែរ ដោយបញ្ជាក់ថាគាត់ទទួលរងសម្ពាធពីអាជ្ញាធរមូលដ្ឋាន។ប៉ុន្តែសម្រាប់គាត់ៗនិយាយថា គាត់នឹងទៅបោះឆ្នោត។
លោកថា៖ «ខ្ញុំនឹងមិនបោះឆ្នោតឱ្យគណបក្សប្រជាជនទេ។ ខ្ញុំនឹងទៅបោះឆ្នោតហើយខ្ញុំនឹងជ្រើសរើសគណបក្សដែលខ្ញុំចូលចិត្តជំនួសវិញ»។
លោកបានបញ្ជាក់ថា គាត់ភ័យខ្លាចថា គាត់អាចត្រូវបានអាជ្ញាធរមូលដ្ឋានរើសអើង ប្រសិនបើគាត់មិនព្រមចុះឈ្មោះ។
លោក ម៉ៅ វិបុល ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង បានថ្លែងថា សកម្មជនគណបក្សបានប្រាប់លោកថា ប្រជាពលរដ្ឋនៅទូទាំងខេត្តត្រូវបានគេដាក់សម្ពាធឲ្យចូលរួមជាមួយគណបក្សប្រជាជននៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះរហូតមកដល់បច្ចុប្បន្ន។
លោកថ្លែងថា៖ «ពួកគេកំពុងបង្កើតសៀវភៅគ្រួសារគណបក្ស ហើយនៅតំបន់ខ្លះគេបំភិតបំភ័យ ពលរដ្ឋឱ្យស្មោះត្រង់នឹងពួកគេ។ ពួកគេបានស្នើឱ្យពលរដ្ឋស្បថនិងបានសន្យាថា នឹងផ្តល់អំណោយឲ្យហើយនិយាយថា បើមិនដូច្នោះទេពួកគេនឹងមិនទទួលបានអំណោយទេ»។
លោកបានបន្ថែមថា ចំណុចនេះគឺវាមិនស្របច្បាប់និងលទ្ធិប្រជាធិបតេយ្យទេ។ លោកបញ្ជាក់ថា៖«វាប្រឆាំងនឹងនីតិរដ្ឋ»។
បន្ទាប់ពី មានការស្ទាក់ស្ទើរក្នុងការនិយាយអំពីបញ្ហានេះ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តបានបញ្ជាក់ថា ការិយាល័យរបស់លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋានឲ្យជ្រើសរើសសមាជិកបន្ថែមប៉ុន្តែបានបដិសេធថា មិនបានបង្ខំឱ្យប្រជាជនចុះឈ្មោះនោះទេ។
លោកបានបញ្ជាក់ថា៖ « ពួកគេគ្រាន់តែពង្រឹងគណបក្សរបស់ខ្លួនប៉ុណ្ណោះ។ យើងពិនិត្យមើលសមាជិកភូមិក្នុងមូលដ្ឋានដើម្បីឲ្យដឹងថាតើសមាជិករបស់យើងមានប៉ុន្មាននាក់។ យើងធ្វើវានៅគ្រប់ទីកន្លែង»។
លោកបានហៅការណែនាំនោះថាជា «ការធ្វើបច្ចុប្បន្នភាព» សមាជិកគណបក្សរបស់ពួកគេក្នុងមូលដ្ឋាននិងបានបដិសេធថា មានការបង្ខិតបង្ខំពលរដ្ឋឱ្យចុះឈ្មោះ។
លោកបានថ្លែងថា៖ «គ្មាននរណាម្នាក់ទៅបង្ខំពួកគាត់ទេ។ [ពួកគាត់ទាំងអស់] គឺគ្រាន់តែជាសមាជិកគណបក្សប៉ុណ្ណោះ»។
ប៉ុន្តែកូនរបស់មន្ត្រីរាជការមួយចំនួនបានថ្លែងប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ ថា ពួកគេក៏ត្រូវបានស្នើឱ្យចុះឈ្មោះធ្វើជាសមាជិកគណបក្សប្រជាជនផងដែរដោយត្រូវដាក់រូបថតនិងទម្រង់បែបបទរបស់ពួកគេទោះបីពួកគេជាមិនជាប់ទាក់ទងនឹងគណបក្សហើយមិនចាប់អារម្មណ៍ក្នុងការធ្វើជាសមាជិកគណបក្សក៏ដោយ។
ចំណែកឯអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរសុខហួរ ដែលកំពុងនិរទេសខ្លួនឯងទៅក្រៅប្រទេសបានថ្លែងថា លោកស្រីបានឮអំពីការដាក់សម្ពាធបែបនេះនៅទូទាំងប្រទេសរួមមានទាំងនៅក្នុងខេត្តបន្ទាយមានជ័យ ស្វាយរៀង ឧត្តរមានជ័យ និងរាជធានីភ្នំពេញជាដើម…។
លោកស្រីថ្លែងថា៖ «យើងមិនអាចអនុញ្ញាតឱ្យរឿងនេះបន្តទៀតបានទេ។ មិនត្រឹមតែប្រជាជនភ័យខ្លាចប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវបានបង្ខំឲ្យសម្រេចចិត្តដែលប្រឆាំងនឹងឆន្ទៈរបស់ពួកគេផងដែរ»។
លោកស្រី មូរ សុខហួរថ្លែងថា៖«យើងមិនមាន [អ្នកឃ្លាំមើលការបោះឆ្នោត] អង្គការខុមហ្វ្រែលនិងអង្គការដទៃទៀតដើម្បីពិនិត្យតាមដាននិងរាយការណ៍ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេ។ យើងមិនមានអ្នកប្រឆាំងដើម្បីតាមដាននិងរាយការណ៍អំពីវាទេ។ ទាំងនេះនឹងប៉ះពាល់ដល់លទ្ធផលនៃការបោះឆ្នោត»។
អនុប្រធានគណបក្សប្រឆាំងរូបនេះបានបន្ថែមថា លោកស្រីបានប្រាប់មេធាវីគឺលោកស្រី ម៉េង សុភារី ឲ្យដាក់បណ្តឹងអំពីបញ្ហានេះទៅក្រសួងមហាផ្ទៃនិងទៅ គ.ជ.ប។
លោកស្រី ម៉េង សុភារី មិនអាចទាក់ទងបានទេកាលពីសប្ដាហ៍មុន។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជន លោកសុខ ឥសាន បានថ្លែងថា អាជ្ញាធរមូលដ្ឋានគ្រាន់តែអនុវត្តពាក្យស្លោករបស់គណបក្ស «ពង្រឹងសមាជិកចាស់និងបង្កើនសមាជិកភាព» ដោយធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះរបស់ពួកគេប៉ុណ្ណោះ។
លោកបានបន្តថា៖«វាជាបញ្ជីឈ្មោះសមាជិកគណបក្សថ្មី…យើងគ្រាន់តែធ្វើបច្ចុប្បន្នភាពចំនួនសមាជិកគណបក្សរបស់យើងប៉ុណ្ណោះពីព្រោះវាតែងតែផ្លាស់ប្តូរ»។
លោកបានអះអាងថានេះជាគោលបំណងនៃការគ្រប់គ្រងងាយស្រួលដល់ពលរដ្ឋមូលដ្ឋាននៅក្នុងភូមិនីមួយៗនៅទូទាំងប្រទេស។
លោក Sebastian Strangio អ្នកនិពន្ធសៀវភៅ Hun Sen’s Cambodia បានថ្លែងតាមរយៈអ៊ីម៉ែលថា ការដាក់សម្ពាធបែបនេះបានកើតឡើងកាលពីអតីតកាល ឧទាហរណ៍នៅក្នុងការបោះឆ្នោតឆ្នាំ ១៩៩៨ និង២០០៣។
លោកបញ្ជាក់ថា៖«វាហាក់ដូចជាគណបក្សប្រជាជនកំពុងប្រើគ្រប់មធ្យោបាយដែលអាចធ្វើបានដើម្បីធានាជ័យជម្នះរបស់ខ្លួនក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ»៕
អត្ថបទ P Post