មេបញ្ជាការ​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​លោកនាយ​ឧត្តមសេនីយ៍ ហ៊ិ​ង ប៊ុ​ន​ហៀ​ង ប្រកាស​ប្រឆាំង​ដាច់ខាត មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​កើតឡើង​នៅ​កម្ពុជា និង​ប្តេជ្ញា​បង្ក្រាប​រាល់​សកម្មភាព​បំពាន​ទាំងឡាយ​ណា ដែល​មាន​បំណង​មិនល្អ​បំពុលបរិយាកាស​សង្គម​បំផ្លាញ សន្តិភាព​ស្ថិរភាព​ជាតិ ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ យាយជី តាជី ក្រុមប្រឹក្សា​សង្កាត់​ប្រជា​ការពារ ចំនួន​១២០០​នាក់ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ​កាលពី​ព្រឹក​ថ្ងៃ ទី​០៨ ខែតុលា ឆ្នាំ​២០១៧ នាយ​ឧត្តមសេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុ​ន​ហៀ​ង ក៍បាន​បន្ដ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រួម​គ្នា​រក្សាសុខ​សន្តិភាព​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ឲ្យ​បាន​គង់វង្ស​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ។

លោក​ផ្កាយ​៤ ហ៊ីង ប៊ុ​ន​ហៀ​ង បាន​លើក​ឡើង​ទៀត​ថា កត្តា​សុខ​សន្តិភាព ជា​មូលដ្ឋាន​គ្រឹះ នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ឲ្យ​រីក​ចម្រើន​និង​សេចក្ដីសុខ​សាន្ត​របស់ ប្រជាពលរដ្ឋ​។ ផ្ទុយ​ទៅ​វិញ​បើ​ប្រទេស គ្មាន​សុខ​សន្តិភាព ចម្បាំងរាំងជល់​នោះ​នាំ ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ​សមិទ្ធ ផល​នានា ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ជាតិ​និង​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​ប្រជាពលរដ្ឋ​រង​ទុក្ខវេទនា ដូច​ក្នុង​របប​ប្រល័យពូជសាសន៍​កន្លង​មក​។

លោកនាយ​ឧត្តមសេនីយ៍​ក៍​ស្នើ​ដល់​ប្រជាពលរដ្ឋ រក្សា​ភាព​ស្ងៀមស្ងាត់ កុំ​ជឿ​តាម​ការ ញុះញង់​របស់​ជន​អគតិ​មួយ​ចំនួន​ដោយ​មានការ​គាំទ្រ​ពី​បរទេស បំណង​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​បំផ្លាញ​សុខ​សន្តិភាព សេចក្ដីសុខ​សាន្ត របស់​ប្រជាពលរដ្ឋ​និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ៕

Comments

comments