មន្ត្រីរាជការ​ម្នាក់​មាន​វ័យ​៥៧​ឆ្នាំ​បម្រើ​ការ​ក្នុង​ក្រសួងពាណិជ្ជកម្ម សព្វថ្ងៃ​រស់នៅ​ផ្ទះ​លេខ​២៥៣ ផ្លូវ លេខ​១០៧ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា​បាន​ប្តឹង​ម្ចាស់​ខុន​ដូ​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​បាន​សាងសង់​អគារ​ខុន​ដូ​កម្ពស់​១៩​ជាន់​បណ្តាល​ប្រេះ​បាក់​ស្រុត​ផ្ទះ​របស់​គាត់​ហើយ​មិន​ទទួលខុសត្រូវ​។​ក្នុង​ពាក្យបណ្តឹង​ដែល​រស្មី​កម្ពុជា​ទទួល​បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧​គឺ​បាន​ដាក់​ប្តឹង​ទៅ​លោក​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ឲ្យ​ជួយ​អន្តរាគមន៍​។

នៅ​លើ​បណ្តឹង​នោះ​មាន​ចំណារ​របស់​លោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ចារ​នៅ​លើ​ពាក្យបណ្តឹង​ភាគី​រង​គ្រោះ​ឱ្យ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សំណង់ ចុះ​ត្រួតពិនិត្យ​អញ្ជើញ​ខាង​ភាគី​ក្រុមហ៊ុន​សាងសង់​មក​ទទួលខុសត្រូវ​និង​ផ្អាក​ការ​សាងសង់ និង​ធ្វើការ​សម្រុះសម្រួល ជាមួយ​ភាគី​រង​គ្រោះ​។ ប៉ុន្តែ​ម្ចាស់​អគារ​ខាងលើ​នេះ​មិន​បាន​ចូលខ្លួន​មក​ដោះស្រាយ​ជូន​ភាគី​រង​គ្រោះ​ឡើយ​មក​ដល់​នឹង​ពេល​នេះ​។

លោកស្រី កែវ ណា​ទី អាយុ​៥៧​ឆ្នាំ​មាន​ទីលំនៅ​ខាងលើ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​លោក​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ចុះ​ថ្ងៃ​ទី​១៣ ខែមិថុនា​ឆ្នាំ​២០១៧​។ នៅ​ក្នុង​កម្មវត្ថុ​នៃ​ពាក្យ​ប្តឹង​អ្នកស្រី បាន​បញ្ជាក់​ថា​សំណើសុំ​ប្តឹង​លោក ប៉ា សុ​ជាតិ​វង្ស និង​ប្រពន្ធ​អ្នកស្រី អ៊ួ​ន សុ​វ​ណ្ណា​រិ​ន្ទ ម្ចាស់​ដី​ឡូត៍​លេខ​៤៨ នៅ​ជាប់ ផ្លូវ​លេខ​១១១​ទល់​ខ្នង​ដី​ឡូត៍​ផ្ទះ​របស់​នាង​ខ្ញុំ​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដែល​បាន សាងសង់​អគារ​កម្ពស់​១៩​ជាន់ លាតសន្ធឹង​ទទឹង​ប្រវែង​៥០​ម៉ែត្រ​បង្ក​ឱ្យ​មានការ​បាក់​ស្រុត​ពិ​ដាន​ផ្ទះ​របស់​លោកស្រី​និង សសរផ្ទះ​នីមួយ​ៗ​បែកបាក់​ប្រេះស្រាំ ជា​ច្រើន​កំណាត់​ទាំងស្រុង​ជា​បន្តបន្ទាប់​មិន​អាច​ជុស​ជួល​បាន​ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។

អ្នកស្រី​បាន​បញ្ជាក់​នៅ​ក្នុង​បណ្តឹង​ទៀត​ថា​«​លោក ប៉ា សុ​ជាតិ​វង្ស និង អ្នកស្រី អ៊ួ​ន សុ​វ​ណ្ណា​រិ​ន្ទ ដែល​ជា​ម្ចាស់​ដី​ឡូត៍​កំពុង​សាងសង់​ដែល​គាត់​បាន​ជួល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​សងការ​បាក់​ស្រុត​ផ្ទះ ការ​ខូចខាត​ការ​ពិនិត្យ​វាយតម្លៃ​។​ប៉ុន្តែ​បែរជា​ក្រុមហ៊ុន​នោះ​ឆ្លើយ​តប​ពុំ​សម​ស្រប​ទៅ​នឹង​ការ​ខូចខាត​ការ​បាត់​ស្រុត​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ​វិញ​។​នាង​ខ្ញុំ​សុំ​ផ្អាក​ការ​សាងសង់​អគារ​កម្ពស់​១៩​ជាន់​ជា​បន្ទាន់​សិន​ដើម្បី​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​សង​ជា​មុន​សិន​ព្រោះ​ផ្ទះ​របស់ នាង​ខ្ញុំ​មានការ​បាក់​ស្រុត​ទាំងស្រុង​អស់ ហើយ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​នាង​ខ្ញុំ​មានការ​ភ័យ​ខ្លាច ពុំ​ហ៊ាន​រស់នៅ​ទៀត​ទេ​។ នាង​ខ្ញុំ​សុំ​ឱ្យ​សងផ្ទះ​ទាំងមូល​ដូច​ដើម​វិញ​»​។

ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ អគ្គនាយកដ្ឋាន​សំណង់ បាន​ចេញ​លិខិត​លេខ ០០៩ អ​.​ស​. ណ​/ ន​.​ស​.​ណ ចុះ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧​បាន​ផ្អាក​ការដ្ឋាន​ហើយ​ជម្រាប​មក​អ្នកស្រី អ៊ួ​ន សុ​វ​ណ្ណា​រិ​ន្ទ ជា​ម្ចាស់​ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ដី​ឡូត៍​មាន​វិញ្ញាបនបត្រ​សម្គាល់ ម្ចាស់​អចលនវត្ថុ​លេខ ភព ១៣៦៧៥ ផ្លូវ​លេខ​២៣២ កែង​ផ្លូវ​លេខ ១១១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​ដែល​កំពុង​ដំណើរការ​សាងសង់​ដោយ​គ្មាន លិខិតអនុញ្ញាត​បើក​ការដ្ឋាន​និង​មាន​ពាក្យបណ្តឹង​ពី​អ្នក​ជិតខាង​។

នៅ​ក្នុង​លិខិត​របស់​ក្រសួង​ចុះហត្ថលេខា​ដោយ​លោក ហ៊ុយ ណា​រ៉ា អគ្គនាយកដ្ឋាន​សំណង់ បាន​បញ្ជាក់​ថា «​ការដ្ឋាន​សំណង់​របស់​អ្នកស្រី​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ចេញ​លិខិត​ផ្អាក​ការដ្ឋាន​នេះ​តទៅ​។ ក្នុង​ករណី ការដ្ឋាន​របស់​អ្នកស្រី​មិន​បាន​ផ្អាក​ជា​បន្ទាន់​នោះ​ទេ អ្នកស្រី​ត្រូវ​ប្រឈម​មុខ​នឹង​វិធានការ​ផ្លូវច្បាប់​ជា​ធរមាន​»​។

ទោះបី​ក្រសួង​បាន​ចេញ​លិខិត​ផ្អាក ការ​សាងសង់​សំណង់​ខាងលើ​នេះ ក៏​ដោយ​ក៏​អគារ​ខុន​ដូ​នេះ​នៅ​តែ​ដំណើរការ​រាល់​ថ្ងៃជា​ដដែល​។ ចំណែក​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក៍​ពុំ​ឃើញ​មាន​វិធាន ការ​ណាមួយ​ទៅ​បញ្ឈប់​សកម្មភាព​សំណង់​ខុសច្បាប់​នោះ​បាន​ដែរ តាំងពី​ចេញ​លិខិត​ឱ្យ​ផ្អាក​ការ​សាងសង់​មក​។

លោកស្រី កែវ ណា​ទី អាយុ​៥៧​ឆ្នាំ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ខែតុលា​ថា អ្នកស្រី​ទាមទារ​សំណង​ឱ្យ​ម្ចាស់​ខុន​ដូ​ខាងលើ​សង់ផ្ទះ​ជូន​គាត់​ដូច​ដើម​វិញ​។​ពីព្រោះ​ផ្ទះ​របស់​គាត់​បាន​បាក់​ស្រុត​ទាំងស្រុង​ទៅ​ហើយ​រាល់ថ្ងៃ​ហុយ​ស៊ីម៉ង់ត៍​ចូល​ផ្ទះ​ពេញ​ៗ​បន្ទាប់​ធ្លាក់​ជ្រុះ​ដុំ​ថ្ម​ចំ​ដំបូលផ្ទះ​ធ្លុះធ្លាយ​និង​មាន​បង្ហូរទឹក​ពីលើ​អគារ​កម្ពស់​១៩​ជាន់​ចូល​ពេញ​ៗ​ក្នុងផ្ទះ​របស់​គាត់​បណ្តាល​ឱ្យ​លិច​ពិបាក​ទ្រាំ​រស់នៅ​ជាទី​បំផុត​។

ដោយ​បាន​មើលឃើញ​ចំណាត់ការ​ក្រសួង​ជំនាញ​ឱ្យ​ផ្អាក​គ្មាន​ប្រសិទ្ធភាព​គ្មាន​ដំណោះស្រាយ​អ្វី​សោះ​នោះ​និង​ថែម​ទាំង​មិន​ខ្លាច​ក្រសួង​ផង​នៃ​ម្ចាស់​អគារ​ខុន​ដូ អ្នកស្រី​បាន​សំណូមពរ​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន សូម​ជួយ​រក​យុត្តិធម៌​ឱ្យ​កូនចៅ ជា​មន្ត្រីរាជការ ទន់ខ្សោយ​ផង​។​អ្នកស្រី​គិត​ថា​នេះ​ជា​ជម្រើស​ចុង​ក្រោយ​របស់​គាត់​ហើយ​ក៏​មាន​តែ​សម្តេច​ទាំង​ទ្វេ​តែ​ប៉ុណ្ណោះ​ដែល​ជួយ​ក្រុម​គ្រួសារ​របស់​អ្នកស្រី​ឱ្យ​រួច​ផុត​ទុក្ខ​លំបាក​រាល់​ថ្ងៃនេះ​បាន​។

អ្នកស្រី តៅ ម​ន្ថា ចៅសង្កាត់​បឹង​ព្រលឹត​បាន​ប្រាប់​រស្មី​កម្ពុជា​ថា​រឿង​នេះ​ហួស​សមត្ថភាព​ខ្ញុំ​។​ព្រោះ​ខ្ញុំ​មិន​អាច ដោះស្រាយ​បាន​ទេ​។​ខាង​ក្រុមប្រឹក្សា​សង្កាត់​របស់​អ្នកស្រី​ធ្លាប់​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​កន្លង​មក​មានទឹក​ហូរ​ចូល​ក្នុងផ្ទះ​គាត់​នោះ​មែន តែ​ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី​ទេ ព្រោះ​យើង​តូចតាច​ជា​កូនចៅ​របស់​គេ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ លោក ប៉ា សុ​ជាតិ​វង្ស និង​អ្នកស្រី អ៊ួ​ន សុ​វ​ណ្ណា​រិ​ន្ទ ដែល​ម្ចាស់​អគារ​ខុន​ដូ​កម្ពស់​១៩​ជាន់​ដែល​បង្ក​បញ្ហា​ដល់​អ្នក​ក្បែរ​ខាង​នោះ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ជុំវិញ​ករណី​ខាងលើ​នេះ​៕

ប្រភពរស្មីកម្ពុជា !

 

Comments

comments