លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជាស​ធារ​ណៈ​ថា បើ​រំលាយ​បក្ស​មួយ បក្ស​៥​ទៀត ឡើង​ជំនួស នេះ​នឹង​កើតឡើង​នៅ​ពេល​ខាង​មុខ ។

បើ​ទោះបីជា​លោក ហ៊ុន សែន មិន​និយាយ​ចំ​ឈ្មោះ​បក្សនយោបាយ​ដែល​លោក​អះអាង​ថា បើ​រលាយ​នឹង​មាន​បក្ស​៥​ទៀត​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ឆ្នាំ​២០១៣ នឹង​ឡើង​ជំនួស​អាសនៈ​សភា​បក្ស​ដែល​ត្រូវ​រលាយ​នោះ​ក្តី គឺ​អ្នក​តាមដាន​នយោបាយ​ថា​លោក ហ៊ុន សែន ចង់​សំដៅ​គណបក្ស​សង្គ្រោះ​ជាតិ ។

ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ជាង​១​ម៉ឺន​នាក់ នៅ​រោងចក្រ ISI ផ្លូវ​វេ​ង​ស្រេង នា​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល បាន​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា ដាក់​ឯកសារ​ត្រៀម​ឆ្លើយ​តប​នឹង​ពាក្យសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងអំឡុងពេល​២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៩ ខែតុលា​។ រីឯ​គណបក្ស សង្គ្រោះ​ជាតិ មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ដោយ​រង់ចាំ​ជជែក​ជាមួយ​មេធាវី​ជា​មុន​សិន​។

បណ្ដឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​ក្រសួងមហាផ្ទៃ ដោយ​យោង​តាម​ពាក្យបណ្ដឹង របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​របស់​សម្ដេច ក្រុមព្រះ និង​គណបក្ស​យុវជន​កម្ពុជា របស់​លោក ពេជ្រ ស្រស់ ហាក់​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​ដោយ​តុលាការ​កំពុង​ចាត់ការ ទៅ​មុខ​យ៉ាង​លឿន​ជា​បន្តបន្ទាប់ ទោះបីជា មាន​សំឡេង​រិះគន់​យ៉ាងណា​ក្ដី​។

យោង​តាម​ដីកា​តុលាការ​កំពូល​ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​១០ ខែតុលា គឺ ចៅក្រម​ទទួល បញ្ជា​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោកស្រី សែ​ម សក្ដិ​កូ​ឡា បាន​ចេញ​ដីកា​បង្គាប់ ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដាក់​ឯកសារ​ត្រៀម​ឆ្លើយ​តប ទៅ​នឹង​ពាក្យ​បណ្ដឹងសុំ​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ​ក្នុងអំឡុងពេល​២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៩ ខែតុលា​។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ ប្រធាន​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក សុ​ន ឆ័​យ បាន ថ្លែងប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​កិច្ចប្រជុំ​ក្រុមការងារ និង​គណៈកម្មាធិការ​ប្រតិបត្តិ ២៥​រាជធានី​-​ខេត្ត នៅ​ទីស្នាក់ការ គណបក្ស​នៅ​ថ្ងៃ​ទី​១០ តុលា ថា គណបក្ស​បាន​ទទួល​ដីកា​បង្គាប់​នេះ​ហើយ ប៉ុន្តែ នៅ​មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​។ លោក សុ​ន ឆ័​យ បន្ត​ថា គណបក្ស​នឹង​ជួប​ប្រជុំ​ជាមួយ នឹង​ក្រុម​មេធាវី​ជា​មុន​សិន​។

លោក សុ​ន ឆ័​យ ក៏​បាន​បង្ហើប​ដែរ​ថា មាន​ស្ថានទូត​មួយ​ចំនួន​បាន​ប្រាប់​ថា គណបក្ស​ប្រជាជន កម្ពុជា បាន​ធានា​ជាមួយនឹង​ស្ថានទូត​ទាំងនោះ​ថា ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​មិន​រំលាយ​គណ បក្ស​សង្គ្រោះ​ជាតិ​ដែរ​។ ទន្ទឹម​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ព្យាយាម​រក​ច្រក​ចរចា​ជាមួយ គណបក្សកាន់អំណាច ដើម្បី​សម្រួល​ឲ្យ​ស្ថានភាព​នយោបាយ​វិល​ទៅ​រក​ប្រក្រតី​ភាព ដើម្បី​ផល​ប្រ យោជន៍​ជាតិ និង​ប្រជាជន​៕

 

Comments

comments