ភ្នំពេញ ៖ តារា​សម្តែង​ស្រី កញ្ញា ឌុ​ច លី​ដា ថ្មី​ៗ​នេះ​បាន​ធ្វើការ​រិះគន់​វាយប្រហារ និង​ចោទប្រកាន់ ថា​ផលិតករ​បោក ប្រាស់​និងធ្វើបាប​នាង រហូត​ដល់​នាង​គម្រាម​ទម្លាយ​កិច្ចសន្យា ឲ្យ​មហាជន​បានឃើញ​ថែម​ទៀត​ផង ​។

នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ​២០១៧ កញ្ញា ឌុ​ច លី​ដា បានអោយ​ដឹង​ថា សម្រាប់ Status ដែល​កញ្ញា​បាន​សរសេរ​កាលពី​យប់មិញ​នោះ ចង់​សំដៅ​ទៅ​លើ​ផលិតករ​មួយ​រូប តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះថា ​រឿង​នេះ​វា​មិន​ទាន់​ហួសហេតុ​អី​ដែរ ដោយសារ​តែ​រឿង​ថ្មី​ៗ​នេះ គាត់​និយាយ​មិន​ច្បាស់លាស់ ជាមួយ​ខ្ញុំ ដូច​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ដឹង​ស្រាប់​ហើយ​ថា «​មនុស្ស​គេ​យកសម្តី ដំរី​គេ​យក​ភ្លុក​» ហើយ​យើង​ស្តាប់​សម្តី​គាត់ គិត​ថា​គាត់​ជា​មនុស្ស​ចាស់ គាត់​និយាយ​ម៉េច យើង​ធ្វើ​ចឹ​ង ។

ការ​លើក​ឡើង​ដូច្នោះ​របស់ ឌុ​ច លី​ដា ក្រោយ​នាង​បាន​សរសេរ Status នៅ​លើ​ហ្វេ​ស​ប៊ុ​កថា «​បើ​អ្នក​ពិតជា​គោរព​តាម​កិច្ចសន្យា​មែន​នោះ អ្នក​ត្រូវ​តែ​បង់ប្រាក់​អោយ​ខ្ញុំ​៥០​ភាគរយ​ទៀត ត្រឹម​ពាក់កណ្ដាល​រឿង តែ​ឥលូវ​នេះ​រឿង​ជិត​ចប់​ហើយ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ អ្នក​មិន​គោរព​ពាក្យ​សន្យា​សោះ សន្យា​ខ្យល់ ! អ្នក​កុហក​ខ្ញុំ​បាន​តែ​កុំ​ព្យាយាម​កុហក​ខ្លួនឯង​អោយ​សោះ​បើ​ចង់អោយ​ខ្ញុំ​បន្ត​គោរព​ជា​ផលិតករ​នោះ​ខ្ញុំ​អាច​ផុស​វា​បាន​ដើម្បី​អោយ​សិល្បករ​និង​ផលិតករ​ដទៃ​ទៀត​អាន​កំសាន្ត​បាន សូម​អរគុណ​» ។

ក្រោយ​ពី​បង្ហាញ​សារ​របស់ កញ្ញា ឌុ​ច លី​ដា បែប​នេះ មិន​បាន​ប៉ុន្មាន​ផង លោក អ៊ិ​ន សុ​ភិន ដែល​ទស្សនិកជន ស្គាល់​ច្បាស់ថា​ ឪពុករបស់ភិន សុដាលីស និងជាម្ចាស់​ផលិតកម្ម​មហាហង្ស ក៏​បាន​ឆ្លៀតឱកាស​បង្ហាញ​អារម្មណ៍​ពិត និង​ទុក​លំ​ដាក់​ក្នុង​នាម​ជា​ផលិតករ​ថា «​សុំ​ចាញ់ ហើយ តារា​សម្តែង​ស្រុក​ខ្មែរ​មួយ​ចំនួន​ធំ​ពួក​គាត់​មិន​ដែល​បើកភ្នែក មើលឃើញ​កំហុស​របស់​ពួក​គាត់​ទេ ឃើញ​តែ​ខ្លួនឯង ល្អរ ហូត គី​មិន​ចេះ​ខុស ។ ចុះ​ត្រង់​ពួក​គាត់​ធ្វើបាប​ពេលវេលា​ពួក​យើង ជា​ផលិតករ​តើ​គាត់​មាន​ខួរក្បាល​គិត​ទេ​ថា ពួក​យើង ទទួល ផល​លំបាក​ខូច​បង់​ពេលវេលា​លុយកាក់​យ៉ាងណា នៅ​ពេល​ពួក​គាត់​មិន​អោយ​តំលៃ​ពេលវេលា​ដល់​ផលិតករ ជា​អ្នក ខំ​រក ទីផ្សារ​អោយ​ពួក​គាត់​. អស់​យោបល់​បាទ​!!» ។

បើ​ទោះជា​តារា​សម្តែង កញ្ញា ឌុ​ច លី​ដា បាន​បង្ហាញ​សារ​មាន​បញ្ហា​ជាមួយ​ផលិតករ​ក៏​ពិតមែន តែ​នាង​មិន​បាន​បញ្ជាក់​ថា នាង​មាន​បញ្ហា ជាមួយ​ផលិតករ​រូប​ណា​អោយ​ពិតប្រាកដ​នោះ​ឡើយ ។

ឌុ​ច លី​ដា បាន​បន្ថែម​ជា​ចុង​ក្រោយ​ថា ក្នុង​អាជីព​ថត៧ ​ទៅ៨​ឆ្នាំ​មកនេះ ខ្ញុំ​ថត​បាន​រឿង​ច្រើន​ណាស់ តែ​មិន​ចាំ​ព្រោះ​អត់​បាន​រាប់ តែ​ទើបតែ​មាន​ផលិតករ​ពីរ​ទៅ​បី​នាក់ ដែល​និយាយ​ចេញ​អ៊ីចឹង គួរ​ដឹង​ហើយ​ថា ផលិតករ​នោះ ការងារ​គាត់ យ៉ាងម៉េច ? នៅ​ហ៊ាន​មក​និយាយ​ទៀត ។

បើ​ទោះបីជា​យ៉ាងណា ឌុ​ច លី​ដា សុំ​មិន​បញ្ចេញ ឈ្មោះ​រឿង និង​ឈ្មោះ​ផលិតករ ដែល​បាន​និយាយ​ក្រឡិចក្រឡុចនោះ ដូច​នាង​រៀបរាប់​ខាងលើ​ទេ ៕

Comments

comments