ក្រុម​អ្នក​ច្បាប់ និង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជូន​សេចក្ដី​ស្នើ​ច្បាប់​ចំនួន​៤ ទៅ គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា ស្នើ​សុំ​វិសោធនកម្ម ដើម្បី​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ តុលាការ​រំលាយ ចែក​ឲ្យ​គណបក្ស​ផ្សេង​ដែល​គ្មាន​សំឡេង​នៅ​ក្នុង​សភា​នោះ ថា​ជា​រឿង​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​។

ក៏​ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​នៅ​ថ្ងៃ​ទី​១០ តុលា ថា មិនដឹង​រឿង​នេះ​ទេ​។

ក្រុម​អ្នក​ច្បាប់​បញ្ចេញ​ប្រតិកម្ម​ភ្លាម​ៗ ក្រោយ​ពេល​អ្នក​ច្បាប់​របស់​គណបក្សកាន់អំណាច​បញ្ជូន​សេចក្ដី​ស្នើ​សុំ​វិសោធនកម្ម​ច្បាប់​ចំនួន​បួន​នេះ​ថា ជា​ការ​ប្លន់​អំណាច ជាន់ឈ្លី​ប្រជាពលរដ្ឋ និង​ជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​។

មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក យឿ​ង សុធា​រ៉ា មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​ដែល​តំណាងរាស្ត្រ​គណបក្សកាន់អំណាច​ស្នើ​សុំ​វិសោធនកម្ម​ច្បាប់​ទាំង​បួន​នេះ​ថា ជា​ការ​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ និង​ជា​រឿង​អយុត្តិធម៌ ជាទី​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​។

ការ​លើក​ឡើង​បែប​នេះ នៅ​ក្រោយ​ពេល​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជូន​សេចក្ដី​ស្នើ​សុំ​វិសោធនកម្ម ច្បាប់​ចំនួន​បួន គឺ ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​។

ខ្លឹមសារ​នៃ​ការ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​បួន នេះ គឺ​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​តុលាការ​រំលាយ ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង​ៗ តាម​រូបមន្ត​សមាមាត្រ ដែល​ចែង​ក្នុង​ច្បាប់​ទាំង​បួន​នេះ​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បញ្ជាក់​នៅ​ថ្ងៃ​ទី​១០ តុលា​ថា លោក​មិន បានដឹង​ពី​រឿង​នេះ​ទេ​។

ទោះបីជា​យ៉ាងនេះ​ក្ដី អគ្គលេខាធិការ​រដ្ឋសភា លោក ឡេ​ង ប៉េង​ឡុ​ង ឲ្យ​ដឹង​ថា អគ្គលេខាធិការដ្ឋាន រដ្ឋសភា បាន​ទទួល​ការ​ស្នើ​សុំ​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បញ្ជូន ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា ដែល​នឹង​ប្រជុំ​ពិភាក្សា​នៅ​ថ្ងៃ​ទី​១២ តុលា នៅ​មុន​ពេល​កិច្ចប្រជុំ​សភា​លើក​ទី​៩ នីតិកាល​ទី​៥​ចាប់ផ្ដើម ដើម្បី​បញ្ជូន​បន្ត​ទៅ​គណៈកម្មការ​នីតិកម្ម​នៃ​រដ្ឋសភា​។

ការ​ស្នើ​សុំ​វិសោធនកម្ម​ច្បាប់​ទាំង​បួន​នេះ នៅ​ក្រោយ​ពេល​ក្រសួងមហាផ្ទៃ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល ដើម្បី​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ យោង​តាម​បណ្ដឹង​គណបក្ស​តូច​ៗ​ចំនួន​ពីរ ដែល​គ្មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា គឺ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​ជា​គណបក្ស​ធ្លាប់​ឈ្នះ​ឆ្នោត​ដឹក រដ្ឋាភិបាល ហើយ​បាន​បាត់បង​សំឡេង​ជា​បន្តបន្ទាប់​រហូត​ដល់​រលាយ​អាសនៈ​ទាំងអស់​នៅ​ក្នុង​រដ្ឋសភា និង​គណបក្ស​ទើប​បង្កើត​ថ្មោងថ្មី គឺ​គណបក្ស​យុវជន​កម្ពុជា ដែល​អ្នកវិភាគ​ចាត់​ទុក​គណបក្ស​ទាំង​ពីរ​នេះ ថា​ជា​គណបក្ស​អា​យ៉ង ឬ​ជា​ឧបករណ៍​របស់​គណបក្សកាន់អំណាច​។

ក្រៅពី​នេះ​ទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ទី​១០ តុលា នេះ ថា គេ​នឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល បើសិនជា​នៅ​តែ​ការពារ​លោក កឹ​ម សុខា​។

ការ​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ ជាង ៣​លាន​នាក់​នេះ ត្រូវ​បាន​អ្នកវិភាគ​មើលឃើញ​ថា គណបក្សកាន់អំណាច​កំសាក​ខ្លាច​ចាញ់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ​។ ហើយ​ក្រោយ​ពី​រំលាយ យក​អាសនៈ​ទាំងឡាយ​របស់​គណបក្សប្រឆាំង​ប្រគល់​ជូន​បក្ស ដែល​គ្មាន​អាសនៈ​ក្នុង​សភា ដើម្បី​ឲ្យ​គេ​មើលឃើញ​ថា មាន​សមាជិក​សភា​ចម្រុះ​មក​ពី​គណបក្ស​ផ្សេង​នៅ​ក្នុង​រដ្ឋសភា​។

សមាជិក​រដ្ឋសភា​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​នីតិកាល​ទី​៥​នេះ មាន​ចំនួន ៥៥​រូប សមាជិក​ព្រឹទ្ធសភា សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​ឆ្នាំ​២០១៧ មាន​ជាង​៥​ពាន់​នាក់ សមាជិក​ក្រុមប្រឹក្សា​ស្រុក រាជធានី​-​ខែត្រ មាន​ជិត​៨០០​នាក់ និង​សមាជិក​ព្រឹទ្ធសភា គណបក្ស សម រ​ង្ស៊ី មាន​ចំនួន​១១​រួប​។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង មាន​ប្រសាសន៍​ថា ក្រុម​សមាជិក​សភា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​ទី​១២ តុលា នេះ​ទេ ដោយសារ​តែ​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្សប្រឆាំង ពិសេស​ការ​ចាប់​លោក កឹ​ម សុខា ជាដើម​។ លោក អេ​ង ឆៃ​អ៊ា​ង បញ្ចេញ​ប្រតិកម្ម​ថា គណបក្សកាន់អំណាច​អាច​ធ្វើ​អ្វី​ៗ​តាម​ចិត្តបាន តែ​មិន​ត្រូវ​រំលោភ​ឆន្ទៈ​ប្រជាពលរដ្ឋ​ដូច្នេះ​ទេ​។

ក្រុម​អ្នក​ច្បាប់​ចាត់​ទុក ការ​ស្នើ​សុំ​វិសោធនកម្ម​ច្បាប់​នេះ​ថា ជា​ការ​ប្លន់​អំណាច ដែល​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​មួយ​ចំហៀង​ប្រទេស​។

រដ្ឋធម្មនុញ្ញ​មាត្រា​៧៨ ចែង​ថា នីតិកាល​របស់​រដ្ឋសភា​មាន​កំណត់ ៥​ឆ្នាំ ហើយ​ត្រូវ​ផុតកំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​ស្បថ​ចូល​កាន់​តំណែង​។ រដ្ឋសភា​មិន​អាច​ត្រូវ​បាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ វៀរលែងតែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល​១២​ខែ​។

មេធាវី​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ ពន្យល់​ថា នៅ​ក្នុង​ប្រទេស​ដែល​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​នោះ ការ​ធ្វើ វិសោធនកម្ម​ច្បាប់​ណាមួយ​បាន លុះត្រាតែ​ច្បាប់​ដែល​មាន​ជា​ធរមាន​ហើយ​អនុវត្ត​ទៅ​ប៉ះពាល់​ផល ប្រយោជន៍​ជាតិ និង​ប្រជារាស្ត្រ ទើប​គេ​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​។ ម្យ៉ាងទៀត​ដើម្បី​វិសោធនកម្ម​បាន គឺ​គេ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ជា​ធំ​។ លោក​មេធាវី​រូប​នេះ ហៅ​ទ​ង្វើ​របស់​គណបក្សកាន់អំណាច​ទាំងនេះ ជា​ទ​ង្វើ​មើល​ប្រជាពលរដ្ឋ ក្បត់​ឆន្ទៈ​ពលរដ្ឋ និង​ជា ទ​ង្វើ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល ដែល​ច្បាប់​ផ្សេង​ទៀត មិន​អាច​រំលោភ​បាន​។

អ្នក​ច្បាប់​អះអាង​ថា សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​រំលោភ​រដ្ឋធម្មនុញ្ញ​ម្ដង​ហើយ ម្ដងទៀត ពោល​នៅ​ពេល​ដែល​ខ្លួន​ចង់​ធ្វើ​អ្វីមួយ គឺ​តែងតែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​ពាក់ព័ន្ធ​តាម​ក្រោយ ដើម្បី​ជា​រូបភាព​មើល​ពី​ខាងក្រៅ​ថា​ស្របច្បាប់ ដូច​ជា​ការ​ចង់​កម្ចាត់​លោក សម រ​ង្ស៊ី ចេញពី​ឆាកនយោបាយ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ម្ដង​ជា​ពីរ​ដង ដែល​ចែង​មិន​ឲ្យ​អ្នកទោស​ធ្វើ​ប្រធាន​បក្ស និង​ច្បាប់​ផ្សេង​ៗ​ទៀត​ជាដើម​។

លើស​ពី​នេះ​ទៀត លោក យឿ​ង សុធា​រា អះអាង​ថា ជា​រឿង​មិន​សមរម្យ​សោះឡើយ ដែល​សមាជិក សភា​គណបក្សកាន់អំណាច ធ្វើ​វិសោធនកម្ម​ដោយ​ឯក​បក្ស តម្រូវ​ទៅ​តាម​អ្វី​ដែល​ខ្លួន​ចង់បាន ដើម្បី​បម្រើ​ផលប្រយោជន៍​ខ្លួនឯង​បែប​នេះ​។

ទោះបីជា​គណបក្សប្រឆាំង​ប្រកាស​មិន​ចូលរួម​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​១២ តុលា និង​អ្នក​ច្បាប់​លើក​ឡើង​ថា ការ​គ្រោង​ធ្វើ​វិសោធនកម្ម​សេចក្ដី​ស្នើ​ច្បាប់​ទាំង​៤​នេះ ជា​ការ​ធ្វើ​រដ្ឋប្រហារ​រ​ធម្មនុញ្ញ និង​ក្បត់ ឆន្ទៈ​ប្រជាពលរដ្ឋ​ក្ដី ប៉ុន្តែ​អគ្គលេខាធិការ​រដ្ឋសភា​អះអាង​ថា គេ​នៅ​តែ​បន្ត​នីតិវិធី​ប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍ ដើម្បី​ពិនិត្យ​មើល​សេចក្ដី​ស្នើ​នេះ និង​សមាជិក​សភា​គណបក្សកាន់អំណាច​នៅ​តែ​បើក​កិច្ច ប្រជុំ ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​ផ្សេង​មួយ​ចំនួន​ទៀត​។

ការ​បោះ​ជំហាន​ទៅ​មុខ​របស់​គណបក្សកាន់អំណាច​នៅ​ពេល​នេះ គឺ​គណបក្ស​នេះ ហាក់​មិន​ខ្វល់​អំពី ការ​ព្រួយបារម្ភ និង​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​សោះឡើយ​។

សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថ្មី​ទៀត​កាលពី​ថ្ងៃ​ទី​៩ តុលា ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ ចំពោះ​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្សប្រឆាំង ពីព្រោះ​ថា គណបក្ស នេះ ជា​គណបក្ស​ដែល​ទទួល​បាន​សំឡេង​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​តាម បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នោះ មាន​អ្នកគាំទ្រ​ជាង​៤០% ដែរ​។

សហភាព​អឺរ៉ុប​នៅ​តែ​ព្រួយបារម្ភ ដែល​បាន​ចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ពេល​ថ្មី​ៗ​ដែរ ចំពោះ​ការ​វិវឌ្ឍន​យោ​បាយ​នា​ពេល​បច្ចុប្បន្ន ស្ថិត​នៅ​ក្នុង​ភាព​គ្រោះថ្នាក់ ពិសេស​ការ​ចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង ហើយ​អាជ្ញាធរ​កម្ពុជា​ចាត់ចែង ដើម្បី​ស្វែងរក​ការ​រំលាយ​គណបក្សប្រឆាំង ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះ​ឆ្នោត​។

អ្នកវិភាគ​លើក​ឡើង​ថា គ្រប់​សកម្មភាព​របស់​គណបក្សកាន់អំណាច​ធ្វើ​នេះ អាច​ជោគជ័យ​នូវ​អ្វី ដែល​ខ្លួន​ចង់​ធ្វើ​នៅ​ពេល​នេះ ក៏​ប៉ុន្តែ​មិន​សន្មត​ថា អាច​ទទួល​បាន​ជ័យ​ជំនះ​យូរអង្វែង​ឡើយ ថ្វី​ត្បិត​តែ ពលរដ្ឋ​ហាក់​នៅ​ស្ងៀមស្ងាត់ ក៏​ប៉ុន្តែ​ពុំ​មាន​ន័យ​ថា ពួក​គាត់​ខ្លាច​នោះ​ឡើយ ពលរដ្ឋ​នឹង​អាច​ប្រើ​សិទ្ធិ របស់​ខ្លួន ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ងើប​តតាំង​ទាមទារ​សិទ្ធិ​របស់​ខ្លួន​វិញ នៅ​ពេល​ណាមួយ មិន​ខាន​៕

អត្ថបទ RFA

 

Comments

comments