សមាជិក​រដ្ឋសភា ៤៩ រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចុះហត្ថលេខា​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដើម្បី​អនុម័ត​រូបមន្ត​បែងចែក​កៅអី​ឲ្យ​អំណាច​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) ចែក​កៅអី​ទៅ​ឲ្យ​គណបក្ស​ដែល​មិន​ជាប់​នៅ​ក្នុង​រដ្ឋសភា​នៅ​ពេល​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

ខណៈ​ដែល​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​កំពុង​មានការ​ព្រួយបារម្ភ​ខ្លាំង​ដោយ​ចាត់​ទុក​ថា​អាច​ជា​ការ​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ ហើយ​បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ​។

នៅ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ម្សិលមិញ​លោក អេ​ង ឆៃ​អ៊ា​ង សមាជិក​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​សេចក្ដី​ស្នើ​សុំ​វិសោធនកម្ម​ច្បាប់​ចំនួន ៤ របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទៅ​ដល់​រដ្ឋសភា​ហើយ​ៗ គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​រដ្ឋសភា​នឹង​ប្រជុំ​សម្រេច​ចាត់​នីតិវិធី​នៅ​វេលា​ម៉ោង ៧:៣០ ព្រឹក​ថ្ងៃ ១២ ខែតុលា ឆ្នាំ ២០១៧​។

សេចក្តី​ស្នើ​សុំ​វិសោធនកម្ម​ច្បាប់​ទាំង ៤ គឺ : ១-​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ២-​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា ៣- ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ៤- ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​។

លោក ឆៃ​អ៊ា​ង បាន​ថ្លែង​ថា​៖ «​ខ្លឹមសារ​នៃ​ការ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង ៤ នេះ​គឺ​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ដោយ​តុលាការ​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង​ៗ​តាម​រូបមន្ត​សមាមាត្រ​ដែល​ចែង​ក្នុង​ច្បាប់​ទាំង ៤ ខាងលើ​»​។

យោង​តាម​សេចក្ដី​ថ្លែង​ហេតុ​នៃ​សេចក្ដី​ស្នើ​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​តំណាង​ក្រុម​តំណាងរាស្ត្រ​ហត្ថលេខី លោក ប៉ែន បញ្ញា និង លោក ជាម យៀ​ប ចុះ​កាលពី​ថ្ងៃ​ទី ៦ ខែតុលា​បាន​ឲ្យ​ដឹង​ថា​គោលបំណង​សំខាន់​នៃ​ការ​ស្នើ​វិសោធនកម្ម​នេះ​សំដៅ​សម្រួល​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឲ្យ​មាន​សង្គតិភាព (​ស៊ី​) ជាមួយ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ និង​វិសោធនកម្ម​ជា​បន្តបន្ទាប់​ដែល​នៅ​ជា​ធរមាន និង​ធានា​ស្ថិរភាព​នយោបាយ​ឲ្យ​នៅ​ស្ថិតស្ថេរ​យូរអង្វែង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការ​នៃ​រដ្ឋសភា​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​រដ្ឋសភា​បាន​ទទួល​សេចក្តី​ស្នើ​ច្បាប់​ទាំងនេះ​កាលពី​ថ្ងៃ​ចន្ទ​រួច​ហើយ​ៗ តាម​នីតិវិធី​គឺ​គណៈ​អចិ​ន្រៃ្ត​យ៍​ពិនិត្យ និង​បញ្ជូន​ទៅ​គណៈកម្មការ​ជំនាញ​។

គណៈកម្មការ​ជំនាញ​ពិនិត្យ​សិក្សា​មើល​ថា តើ​សំណើ​នេះ​វា​សម​ស្រប​តាម​នីតិវិធី ខ្លឹមសារ​រួច​គេ​ធ្វើ​របាយការណ៍​ជូន​គណៈ​អចិ​ន្រៃ្ត​យ៍​វិញ ហើយ​គណៈ​អចិ​ន្រៃ្ត​យ៍​នឹង​សម្រេច​ទៅ​ថ្ងៃក្រោយ​ទៀត​។

លោក ប៉េង​ឡុ​ង ថ្លែង​ថា​៖ «​បាន​ទទួល​ហើយ​បាទ​បាន​រៀបចំ​បញ្ជូន​ទៅ​ដាក់​ក្នុង​សម័យប្រជុំ​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​រួច​ហើយ​។ យើង​គ្រោង​ប្រជុំ​ថ្ងៃ ១២ ខែតុលា​នេះ​។ ការ​ប្រជុំ​ពិនិត្យ​សេចក្តី​ស្នើ​ច្បាប់​ទាំង ៤ នេះ​ជា​ការ​ប្រជុំ​របៀប​លក្ខណៈ​រដ្ឋបាល​មិន​មានការ​ពិភាក្សា​អី​ច្រើន​ទេ ដូច្នេះ​ហើយ​យើង​ឆ្លៀតពេល​បន្តិច​ដើម្បី​នឹង​ប្រជុំ​បញ្ហា​ហ្នឹង ហើយ​សម្រេច​តាម​ច្បាប់​»​។

លោក ប៉ែន បញ្ញា តំណាង​ក្រុម​តំណាងរាស្ត្រ​ហត្ថលេខី​ចំនួន ៤៩ រូប​នោះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​។

ទោះជា​មានការ​បកស្រាយ​យ៉ាងណា​ក៏​ដោយ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ ៩ តុលា ឆ្នាំ ២០១៧ ស្ដី​ពី​ការ​វិវឌ្ឍន​យោ​បាយ​ថ្មី​ៗ​នៅ​កម្ពុជា​ដោយ​បាន​អះអាង​ថា​នៅ​ក្នុង​បរិបទ (​នៃ​ការ​វិវឌ្ឍន​យោ​បាយ​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​) វិធានការ​ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាត់​ឡើង​ដើម្បី​ទាមទារ​ឲ្យ​មានការ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​គឺ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។

សេចក្ដីថ្លែងការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​ការ​ដក​យក​ដោយ​បង្ខំ​ពី​ឆាកនយោបាយ​នៃ​គណបក្ស​មួយ​ដែល​បាន​ឈ្នះ​សំឡេង​ឆ្នោត​ប្រជាពលរដ្ឋ​ជាង ៤០ ភាគរយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​កាលពី​ពេល​ថ្មី​ៗ​នេះ​អាច​ជា​ការ​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​លើ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​អាច​ធ្វើ​ឲ្យ​បាត់បង់​នូវ​កិត្យានុភាព​នៃ​ដំណើរការ​បោះ​ឆ្នោត​បច្ចុប្បន្ន​។ យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ​»​។

ទន្ទឹម​គ្នា​នេះ​ដែរ​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី ៩ ខែតុលា​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ដាក់​ឯកសារ​ត្រៀម​ដែល​បាន​បិទ​នៅ​លើ​របង​ដែក​នៅ​ពីមុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​បង្គាប់​មក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដាក់​ឯកសារ​ត្រៀម​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​បណ្ដឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ថ្ងៃ​ទី ៦ ខែតុលា ឆ្នាំ ២០១៧ របស់​ក្រសួងមហាផ្ទៃ​ដែល​ភ្ជាប់​មក​ជាមួយ​នេះ​ជូន​តុលាការ​កំពូល​ក្នុងអំឡុងពេល ២០ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​បាន​ទទួល​ការ​បញ្ជូន​ដីកា​បង្គាប់​នេះ​។

លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​កាលពី​ម្សិលមិញ​បាន​បញ្ជាក់​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ស្វះ​ស្វែងរក​ភ័ស្តុតាង​ដោះ​បន្ទុក​ករណី​បណ្ដឹង​នេះ​ដែល​នឹង​មាន​សវនាការ​តតាំង​គ្នា​រវាង​ដើមបណ្តឹង​នឹង​ជន​ត្រូវ​ចោទ ដែល​អង្គ​សវនាការ​នេះ​នឹង​មាន​ចៅក្រម ៩ រូប និង​ព្រះរាជអាជ្ញា​មួយ​រូប​។

លោក​ថ្លែង​ថា​៖ «​ជា​បែបបទ​រដ្ឋបាល​ពេល​ណា​យើង​ផ្ញើ​លិខិត​ទៅ​ស្ថាប័ន​ណាមួយ​យើង​ត្រូវ​ផ្ញើ​ទៅ​មនុស្ស យើង​មិន​អាច​ផ្ញើ​ទៅ​ស្ថាប័ន​បាន​ទេ ហើយ​មនុស្ស​នោះ​គឺជា​ប្រធាន​ស្ថាប័ន​ក្នុង​ករណី​មនុស្ស​មិន​នៅ ឬ​ក៏​ជាប់​បេសកកម្ម​ទៅ​ក្រៅ ឬ​ទៅ​ណា​បាត់​ដូច្នេះ​តើ​នរណា​ជា​អ្នក​ទទួលខុសត្រូវ ឬ​ក៏​ស្តីទី​ទទួល​អនុវត្ត​រឿង​នេះ ទោះបី​គាត់​ទៅ​ណា​ក៏​ដោយ ឬ​ក៏​ជាប់គុក ឬ​ក៏​មិន​នៅ​អ្នក​ដែល​ទទួលខុសត្រូវ​ទទួល​ភារកិច្ច​ការងារ​ជំនួស​គឺ​ផ្នែក​រដ្ឋបាល​»​។

លោក សុ​ន ឆ័​យ ថ្លែង​ទៅ​កាន់​អ្នកកាសែត​ពី​ម្សិលមិញ នៅ​ទីស្នាក់ការ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ក្រុងភ្នំពេញ​ថា គណបក្ស​បាន​ទទួល​ដីកា​បង្គាប់​រួច​ហើយ​។

លោក សុ​ន ឆ័​យ ថ្លែង​ថា​៖ «​យើង​បានដឹង​រឿង​នេះ​ហើយ​យើង​បាន​ទទួល​ព័ត៌មាន​នេះ​បន្ទាប់​ពី​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍​បាន​បញ្ចប់​កិច្ចប្រជុំ​ដូច្នេះ​អចិ​ន្រៃ្ត​យ៍​មិន​ទាន់​បាន​ពិនិត្យ​មើល​នៅឡើយ​ទេ​។ ជា​ទូទៅ​ការងារ​នេះ​នឹង​ត្រូវ​បាន​ពិភាក្សា​ជាមួយ​ក្រុម​មេធាវី​ដើម្បី​ពិនិត្យ​មើល​ថា តើ​នីតិវិធី​អ្វី​ដែល​ត្រូវធ្វើ0x017d7 យើង​នឹង​ពិភាក្សា​ជាមួយ​មេធាវី​របស់​យើង​ដើម្បី​ឱ្យ​ពួក​គេ​ពិនិត្យ និង​របៀប​ដែល​ពួក​គេ​នឹង​ផ្តល់​ដំបូន្មាន​ដល់​គណបក្ស​ហើយ​យើង​នឹង​ធ្វើការ​សម្រេចចិត្ត​»​។

លោក​ក៏​បាន​អះអាង​ផង​ដែរ​នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្សកាន់អំណាច​គឺ​ត្រូវ​មានការ​ទទួលខុសត្រូវ​ក្នុង​ការ​រក​វិធី​យ៉ាងណា​ដើម្បី​ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ​ត្រូវ​តែ​អនុវត្ត​បន្ត​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក សុ​ន ឆ័​យ ថ្លែង​ថា​៖ «​តាម​ការ​បញ្ជាក់​ពី​ស្ថានទូត​ខ្លះ​ដែល​ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ​ថា​គណបក្ស​ប្រជាជន​បាន​ធានា​នឹង​គេ​ថា ទោះបីជា​យ៉ាងណា​ក៏​ដោយ​នឹង​មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ហើយ​ស្ថានទូត​ទាំងនោះ​បាន និង​កំពុងធ្វើការ​ងារ​របស់​គេ ដូច្នេះ​យើង​នៅ​តែ​សង្ឃឹមថា​ហេតុការណ៍​នៃ​ការ​រំលាយ​បក្ស​នោះ​នឹង​មិនកើត​មាន​ហើយ​ប្រសិនបើ​កើត​មាន​យើង​ក៏​មិន​ទាន់​ដឹង​ថា​ធ្វើ​អី​ដែរ​មក​ទល់​ពេល​នេះ​ហើយ​នេះ​គឺជា​ការ​សម្រេចចិត្ត​ដ៏​សែន​អាក្រក់​ណាស់​ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​ដ៏​ធំធេង​»​។

លោក យឿ​ង សុធា​រ៉ា មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល​ថ្លែង​ថា​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ខុស​ពី​ច្បាប់​មុន​ដោយ​ច្បាប់​មុន​មិន​បាន​និយាយ​ពី​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ទេ តែ​និយាយ​តែ​ពី​គណបក្ស​ដែល​បោះបង់​ចោល​អាសនៈ​។

លោក សុធា​រ៉ា ថ្លែង​ថា​៖ «​ការ​កែ​ច្បាប់​ដើម្បី​ចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ​គឺ​ប្រៀប​ដូច​សន្លឹក​ឆ្នោត​ដែល​បោះ​ឲ្យ​គណបក្សប្រឆាំង​គ្មាន​តម្លៃ​»​។

បើសិនជា​សេចក្ដី​ស្នើ​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នឹង​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា​ហើយ​បើ​អាច​នឹង​នាំ​ឲ្យ​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពិតប្រាកដ​នោះ គណបក្ស​ដែល​នឹង​ទទួល​បាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​ក្រោយ​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​នេះ​គឺ​កៅអី​បាន​ទៅ​លើ CPP 68, Funcinpec 41, LDP 6, KAPP 5, CNP 2, KEDP 1៕

អត្ថបទ P Post

Comments

comments