ភ្នំពេញ ៖ បន្ទាប់ពី​កញ្ញា ឌុ​ច លី​ដា បាន​បង្ហោះ​លើ​ផេ​ក​ផ្ទាល់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ​២០១៧ ថា «បើ​អ្នក​ពិតជា​គោរព​តាម​កិច្ចសន្យា​មែន​នោះ អ្នក​ត្រូវ​តែ​បង់ប្រាក់​អោយ​ខ្ញុំ​៥០​ភាគរយ​ទៀត ត្រឹម​ពាក់កណ្ដាល​រឿង តែ​ឥលូវ​នេះ​រឿង​ថត​ជិត​ចប់​ហើយ នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ អ្នក​មិន​គោរព​ពាក្យ​សន្យា​សោះ សន្យា​ខ្យល់ ! អ្នក​កុហក​ខ្ញុំ​បាន​តែ​កុំ​ព្យាយាម​កុហក​ខ្លួនឯង​អោយ​សោះ» ស្រាប់តែ​លោក គាំ ច​ន្ធី បាន​ចេញ​មុខ​មក​ប្រកាស​តែ​ម្ដង​ថា ផលិតករ​ដែល ឌុ​ច លី​ដា បង្ហោះ​បង្ខូចឈ្មោះ ដោយ​មិន​បញ្ជាក់​អត្តសញ្ញាណ​នោះ គឺជា​រូប​លោក ដោយសារ​តែ​មុន​ការ​បង្ហោះ​របស់​នាង​ប៉ុន្មាន​ម៉ោង គឺ​នាង និង​លោក បាន​ផ្ទុះ​សម្ដី​ដាក់​គ្នា​ធ្ងន់​ៗ ។

លោក គាំ ច​ន្ធ បាន​ពន្យល់​ពី​ហេតុផល​នៃ​ជម្លោះ រហូត​ធ្វើ​ឲ្យ ឌុ​ច លី​ដា បង្ហោះ​សារ​ជា​ធារ​ណៈ​នោះ​ថា កាលពី​ថ្ងៃ​ទី​១០ តុលា នាង​បាន​ទាក់ទង​មក​សុំ​បើក​លុយ​ពី​លោក​ចំនួន​៥០​ភាគរយ ហើយ​លោក​ក៏​បាន​ណាត់​ឲ្យ​នាង​មក​យក​ពី​លោក​នៅ​ទូរទស្សន៍​អប្សរា នៅ​វេលា​ម៉ោង​១០​ព្រឹក ។

ប៉ុន្តែ​រហូត​ដល់​ម៉ោង​៥​ល្ងាច​ទើប​មាន​មនុស្ស​ម្នាក់​ផ្សេង​ទៀត ដែល​អះអាង​ថា ជា​បងប្រុស​របស់​នាង​ទាក់ទង​មក​សុំ​បើក​លុយ ដោយ​ចំ​ពេល​លោក​ជាប់​ណាត់ ហើយ​ចេញ​ទៅ​ក្រៅ ទើប​លោក​ស្នើ​ឲ្យ​ចាំ​បើក​ថ្ងៃស្អែក​(​ថ្ងៃ​ទី​១១ តុលា​) ម៉ោង​១០​ព្រឹក​ជំនួស​វិញ ដោយ​អ្នក​និយាយ​ជាមួយ​លោក​នោះ​ក៏​បាន​ទាំង​ឆ្លើយ​អូ​ខេ​ទៀត​ផង ។

លោក​ប្រកាស​ថា មិន​ខ្វះ​លុយ​ត្រឹម​៥០​ភាគរយ​បើក​ឲ្យ​នាង​នោះ​ទេ បើ​នាង​ពិតជា​បាន​បំពេញការងារ​ច្បាស់លាស់​ជាមួយនឹង​ផលិតកម្ម FCI របស់​លោក ក្នុង​នោះ​លោក​ប្រកាស​ដាក់​ពាក្យបណ្ដឹង បន្ថែម​ពីលើ​ការ​បកអាក្រាត​ទៀត​ផង ប្រសិនបើ​នាង​ស្រាប់តែ​ឈប់​ថត​រឿង​ឲ្យ​លោក ក្រោយ​ផ្ទុះ​រឿង​ចម្រូងចម្រាស់​នេះ ។

ទាំងនេះគ្រាន់តែ​ជា​ការ​បកស្រាយ​របស់​ផលិតករ គាំ ច​ន្ធី ប៉ុណ្ណោះ ដោយឡែក​តារា​សម្ដែង​កញ្ញា ឌុ​ច លី​ដា នៅ​មិន​ទាន់​បកស្រាយ​លើ​រឿង​នេះ​យ៉ាងណា​នោះ​ទេ ៕

រឿងពាក់ព័ន្ធ ៖ លោកអ៊ិ​ន សុ​ភិន ​រិះគន់ ឌុ​ច លី​ដា ក្រោយ​នាង​ថា ផលិតករ​ម្នាក់​សន្យា​ខ្យល់

Comments

comments