ប្រជាពលរដ្ឋ​២​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ដោយសារ​ពលរដ្ឋ​ថៃ​បាញ់ ខណៈ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ឆ្លង​ដែន​ចូល​ទៅ​លួច​មាន់នៅ​ក្នុង​កសិដ្ឋាន​មួយ​នៅ​ក្នុង​ទឹកដី​ថៃ ។

បើ​តាម​សមត្ថកិច្ច​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើត​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧​នៅ​ចំណុច​កង​វ៉ា ក្នុងភូមិ​រ៉ា​សូ​ភី ឃុំ​-​ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ជាប់​នឹង​ខ្សែបន្ទាត់​ព្រំដែន​ខ្មែរ​ក្នុងភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។

ជន​រង​គ្រោះ​ឈ្មោះ ស្រី ភក្តី ភេទ​ប្រុស អាយុ​២៩ ឆ្នាំ​រស់នៅ​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង និង​ឈ្មោះ រឿ​ម រឹម ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជា​ប្រជា​ពលរ​ដ្ផ​រស់នៅ​ភូមិ ល្វា ឃុំ​បឹង​បេង​ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ ត្រូវ​បាន​ទាហាន​ថៃ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ហូត​មក​ទល់​នឹង​វេលា​ម៉ោង​៤​និង​២៣​នាទី​រសៀល​ថ្ងៃ​ពុធ​ដដែល​នេះ មិនដឹង​ថា​ស្ថានភាព​របួស​របស់​ពួក​គេ​ទាំង​ពីរ​នាក់ មាន​សភាព​បែប​ណា​នៅឡើយ​ទេ​។

ចំណែក​មន្ត្រី​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ និង សាច់ញាតិ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​នោះ​ដែរ ។

គួរបញ្ជាក់ថា បើតាមមន្រ្តីក្រសួងមហាផ្ទៃបាននិយាយកាលពីពេលថ្មីៗនេះថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​តិច​ជាង​៥០០​នាក់​ទេ​ដែល​ស្លាប់​ដោយ​ករណី​ផ្សេង​ៗ​នៅ​លើ​ទឹកដី​ថៃ រាប់​ទាំង​ការ​បាញ់​សម្លាប់​ពី​សំណាក់​ទាហាន​ព្រំដែន​ថៃ នៅ​ក្នុង​រយៈពេល​៣​ឆាំ្ន​ចុង​ក្រោយ​នេះ ។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុ​ន​អេ​ង បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ពលករ​ខ្មែរ​ទាំង​ជាង ៥០០​នាក់​នេះ អ្នកខ្លះ​ស្លាប់​ដោយសារ​ការ​បាញ់​បង្ក្រាប​ពី​ទាហាន​ថៃ ដោយសារ​ពួក​គាត់​ឆ្លង​ដែន ដោយ​ខុសច្បាប់​។ អ្នកខ្លះ​ទៀត​ស្លាប់​ដោយសារ​ត្រូវ​គ្រាប់​មីន​នៅ​ក្នុង​ព្រៃ​។ អ្នកខ្លះ​ទៀត ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ពេល​ខំប្រឹង​រត់គេច ពី​ការ​ដេញ​ដេញ​ប៉ផាប់​ចាប់​ពភីង ពី​សំណាក់​សមត្ថកិច្ច​ថៃ​។ អ្នកខ្លះ​ទៀត បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ក្នុង​ការងារ ដូច​ជា​ការ​ធ្លាក់​ពីលើ​អគារ ការ​ប្រើប្រាស់​ឧបករណ៍​ខុស​បច្ចេកទេស និង​លង់ទឹក​ស្លាប់​ពេល​ទូក​នេសាទ​បុក​គ្នា និង​ការ​ឈ្លោះ​ទាស់ទែង​គ្នា កាប់​ចាក់​គ្នា​រវាង​ពលករ​ខ្មែរ​គ្នា​ឯង ឬ​ជាមួយ​កម្មករ​ថៃ ឬ​ឈ្លោះ​គ្នា​ជាមួយ​កម្មករ​ភូមា​ជាដើម​៖ «​ក្នុង​ចំណោម​ពលករ​ចំណាកស្រុក​ទាំងអស់ មិនមែន​សុទ្ធតែ​នាំ​លាភ​សំណាង មក​ស្រុក​វិញ​នោះ​ទេ អ្នកខ្លះ​ស្លាប់​»​។

ដោយសារ​បញ្ហា​ជីវភាព តម្លៃ​ពលកម្ម​ទាប​នៅ​កម្ពុជា បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ពលកម្ម​នៅ​ប្រទេស​ថៃ និង​ភាព​ខ្វះ​ការងារ​ដែល​មាន​ប្រាក់​កម្រៃ​សមរម្យ មាន​ពលរដ្ឋ​ខ្មែរ ជាង​មួយ​លាន​នាក់ បាន​ឆ្លង​ដែន ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ទាំង​ស្របច្បាប់ និង​ខុសច្បាប់​។

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិ​ត សំ​ហេង បញ្ជាក់​ប្រាប់ RFA កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ដែល​ធ្វើ​ចំណាកស្រុក ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ទាំង​ខុសច្បាប់ និង​ស្របច្បាប់ មាន​ចំនួន ១​លាន ៥​ម៉ឺន​នាក់ ក្នុង​ចំណោម​ពលករ​ទាំងនោះ មាន​ពលករ​ជាង ៧០​ម៉ឺន​នាក់ ជា​ពលករ​ស្របច្បាប់ ខណៈ​ដែល​ជាង ៣០​ម៉ឺន​នាក់​ទៀត​ជា​ពលករ​ខុសច្បាប់​។

ជា​ការ​កត់សម្គាល់​តួលេខ​ខាងលើ​នេះ បាន​បង្ហាញ​ឡើង​ស្រប​ពេល​ដែល​ក្រសួង​ការងារ ទើបតែ​ប្រកាស​កំណត់​យក​ប្រាក់ខែ​អប្បបរមា ១៧០ ដុល្លារ សម្រាប់​កម្មករ​ក្នុង​វិស័យ​វាយនភ័ណ្ឌ កាត់​ដែរ និង​ស្បែកជើង នៅ​ឆ្នាំ​២០១៨​ខាង​មុខ ខណៈ​ដែល​គ្រូបង្រៀន​វិញ បាន​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់ខែ​ឲ្យ​បាន​យ៉ាងតិច ៥០០ ដុល្លារ ទើប​អាច​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​៕

Comments

comments