ប្រទេស​ឥណ្ឌា ៖ បើ​តាម AFP បាន​ចុះ​ផ្សាយ​ថា ប៉ូលិស​ឥណ្ឌា​បាន​ចាប់ខ្លួន​មនុស្ស​១១​នាក់ ក្នុង​ករណី​រត់ពន្ធ​មាស​ដោយ​លាក់​នៅ​ក្នុង «​រន្ធ​គូទ​» របស់​ពួក​គេ ដើម្បី​ដឹក​ជញ្ជូន​មាស​ឲ្យ​រួច​ផុត​ពី​មន្ត្រី​គយ ។

បើ​តាម​មន្ត្រី​គយ ដែល​បាន​សហ​ការណ៍​ជាមួយ​ប៉ូលិស បាន​ថ្លែង​ថា ការ​ឃាត់ខ្លួន​មនុស្ស​ក្បាលរឹង​មួយ​ក្រុម ដែល​មាន​ឧបាយកល​រត់ពន្ធ​មាស ខណៈ​យន្តហោះ​របស់​ពួក​គេ ធ្វើ​ដំណើ​ពី​ប្រទេស​ស្រី​លង្កា បាន​ចុះ​ចត​នៅ​ភាគ​ខាងត្បូង​ទីក្រុង Madurai នៃ​ប្រទេស​ឥណ្ឌា ។ មាន​អ្នកដំណើរ១១​នាក់​បាន​លាក់​មាស​ពី​៣២ ទៅ ៥០​ក្រាម នៅ​ក្នុង​រន្ធ​គូទ​របស់​ពួក​គេ ហើយ​១៧​នាក់​ផ្សេង​ទៀត បាន​លាក់​មាស​នៅ​ក្នុង​វ៉ា​លី​ឥ​វ៉ា​ន់​របស់​ពួក​គេ​ ។

ប្រភព​ពី​មន្ត្រី​គយ​ម្នាក់​នៅ​អាកាសយានដ្ឋាន Madurai បាន​និយាយ​ប្រាប់ AFP ថា ដុំ​មាស​ទាំងនោះ​មាន​តម្លៃ​ច្រើន​ជាង ៣០​លាន​រូពី ស្មើនឹង​៥០០,០០០​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវ​បាន​រុំ​ដោយ​ថង់​ប្លា​ស្ទិ​ក ដែល​មាន​រាង​ដូច​ថ្មពិល ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ ដាក់​ចូល​និង​ដក​ចេញ ពី​រន្ធ​គូទ ។

លោក​បន្ថែម​ថា ពួក​គេ​យក​ដុំ​មាស ញាត់​ចូល​នៅ​ក្នុង​រន្ធ​គូទ នៅ​មុន​ពេល​ឡើង​យន្តហោះ ហើយ​យក​វា​ចេញ​ពេល​ដែល​កំពុង​ហោះហើរ ដូច្នេះ​វា​ពុំ​មាន​ផល​លំបាក​ក្នុង​ពេល​នោះ​ទេ ហើយ​នៅ​មុន​ពេល​ដែល​យន្តហោះ​ចុះ​ចត ពួក​គេ​យក​ដុំ​មាស​ទាំងនោះ​ញាត់​ចូល​ក្នុង​រន្ធ​គូទ​វិញ ។

អ្នករត់ពន្ធ កាន់តែ​មានការ​ច្នៃប្រឌិត​ជាង​មុន ដោយសារ​គម្រោង​របស់​ពួក​គេ អាជ្ញាធរ​បាន​រក​ឃើញ​ដុំ​មាស ដែល​ដេរ​ជាប់​នៅ​ក្នុង​សំលៀក​បំពាក់ ឬ​លាក់​នៅ​ក្នុង​សាកសព ហើយ​អ្នកខ្លះ​ប្រើ​កង់រទេះ​ជន​ពិការ ដើម្បី​លាក់​ទំនិញ​ខុសច្បាប់​របស់​ពួក​គេ ។

សូម​បញ្ជាក់​ថា ប្រទេស​ឥណ្ឌា គឺជា​ប្រទេស​ដែល​មាន​អ្នក​ប្រើប្រាស់​មាស ធំ​បំផុត​លំដាប់​លេខ​២ នៅ​លើ​ពិភពលោក ហើយ​ការ​រត់ពន្ធ​មាស​មាន​កើនឡើង ចាប់តាំងពី​ការ​យកពន្ធ លើ​លោហៈធាតុ​មាន​តម្លៃ ត្រូវ​បាន​ដំឡើង​ថ្លៃ ហើយ​លោហៈធាតុ​មាន​តម្លៃ ត្រូវ​បាន​ប្រើប្រាស់​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ពិធីបុណ្យ​សាសនា និង​ពិធី​មង្គលការ ជាដើម ៕