យុវជន​សា្ទ​វ​មា្ន​ក់​ក្នុង​ចំណោម​បក្សពួក​ក្មេង​ទំនើង​២​ក្រុម បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ ធ្វើ​អន្តរា​គម​ន៏​ឃាត់ខ្លួន​រួម​និង​ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម ម៉ូតូ​៣​គ្រឿង បន្ទាប់​ពី​ពួក​គេ​បាន​ដេញ​វាយតប់​គ្នា​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​តាម​ដងផ្លូវ​សាធារណ នៅ​ចំណុច​ផ្សារ​ដើម​អំពិល ផ្លូវ​បេតុង ក្នុង​ក្រុម​ទី​៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២១​ខែធ្នូ ឆ្នាំ​២០១៥ ។ យុវជន​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​សុខ ភក្ដី អាយុ​២២​ឆ្នាំ មុខរបរ​សន្តិសុខ​យាម​តាម​ផ្ទះសំណាក់ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​វត្ត​សំរោង​អណ្ដែត ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​ភូមិ​រំដួល ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ ។

តាម​សម្តី​របស់​យុវជន​ដែល​ឃាត់ខ្លួន​រូប​នោះ​អោយ​ដឹង​ថា ខណៈ​ដែល​បក្សពួក​របស់​ខ្លួន​មាន​គ្នា​៦​នាក់ កំពុង​ជិះ​ម៉ូតូ​៣​គ្រឿង​ឌុ​ប​គា្ន​ធ្វើ​តំណើរ​តាម​ផ្លូវ ដល់​កន្លែង​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ជន​ភាគី​១​ក្រុម​ទៀត​គ្នា​ប្រមាណ​២០​នាក់ ជិះ​ម៉ូតូ​ជិត​ដប់​គ្រឿង បាន​ដេញ​វាយ​ពួក​គាត់​គេ​តាំងពី​ចំណុច​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​រហូត​ដល់​ចំនុច​ខាងលើ ។ ពេល​នោះ ពួក​ខ្លួន​បាន​រត់​ចូល​ក្នុងផ្ទះ​ទៅ​យក​ដាវ​សាំ​ម៉ូ​រ៉ៃ បំណង​ទៅ​សងសឹក​វិញ តែ​មិន​ទាន់​បាន​សងសឹក​ផង ក៏​ត្រូវ​កម្លាំង​ល្បាត​របស់​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ មក​ដល់​ជួយ​ធ្វើ​អន្តរាគមន៍ ហើយ​ភាគី​ក្រុម​ជន​ទាំងនោះ​បាន​គេចខ្លួន​អស់ នៅ​សល់​តែ​រូបគេ​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​រួម​ជាមួយ​និង​វត្ថុ​តាង​តែ​ម្តង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ម៉ូតូ​៣​គ្រឿង ម៉ាក​ស៊ុ​យ​ស៊ូ​គី​លែ​ត ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ 1CA 1363 ម៉ាក​ស៊ុ​យ​ស៊ូ​គី​លែ​ត​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BU 7713 និង​១​គ្រឿង​ទៀត​ម៉ាក​MSX ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1FK 5553 ព្រមទាំង​ដកហូត​បាន​ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម និង​បំពង់​ដែក​ទីប​ជ្រុង​ចំនួន​២​ដើម​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ នាំ​យក​យុវជន​ខាងលើ​ទៅ​សាកសួរ​អប់រំ​និង​ធ្វើ​កិច្ចសន្យា​ព្រមាន រួច​ដោះ​លែង​ប្រគល់​ឱ្យ​ខាង​អាណាព្យាបាល មក​ទទួល​នាំ​យក​ទៅ​វិញ​៕