មន្ត្រីជាន់ខ្ពស់​កង​យោធពលខេមរភូមិន្ទ​បាន​បញ្ជា​ឱ្យ​មេបញ្ជាការ​ទាំងអស់​បង្ក្រាប​ក្រុម​ជ្រុលនិយម និង​ការពារ «​សណ្ដាប់ធ្នាប់​សាធារណៈ​» សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ និង​ដើម្បី «​ការពារ​ទប់ស្កាត់​មិន​ឲ្យ​កើត​មាន​សកម្មភាព​ណាមួយ​នាំ​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​ជាតិ​ដែល​មាន​ចរិត​បំផ្លាញ​សន្តិភាព​» ខណៈ​ក្រសួងមហាផ្ទៃ​ក៏​បាន​ណែនាំ​ពី​ករណី​នេះ​ដូច​គ្នា​។

នាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​បញ្ជា​នៅ​ថ្ងៃ​ចន្ទ​ហើយ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ថ្ងៃ​អង្គា​រថា​៖ «​ត្រូវ​បង្កើន​កិច្ច​បង្ការ​ការពារ​ទប់ស្កាត់​មិន​ឱ្យ​កើត​មាន​ឡើងជា​ដាច់ខាត​នូវ​ក្រុម​ជ្រុលនិយម ឬ​សកម្មភាព​ណាមួយ​នាំ​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​ជាតិ​ដែល​មាន​ចរិត​បំផ្លាញ​សន្តិភាព​»​។

លោក​ថ្លែង​ថា​៖ «​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ពង្រឹង​ការងារ​អប់រំ​ចិត្តសាស្ត្រ និង​បង្កើន​ការ​វាយបក​ឱ្យ​បាន​ទាន់​ពេលវេលា​តាម​ប្រព័ន្ធ Facebook លើ​សមរភូមិ​សាធារណ​មតិ​»​។

លោក ប៉ុ​ល សា​រឿ​ន បាន​សរសេរ​ទៀត​ថា​មេបញ្ជាការ មេបញ្ជាការ​រង​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែទាំ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ទាំង​ការ​បណ្តុះបណ្តាល ហ្វឹកហ្វឺន ការ​ថែទាំ​សុខភាព ការ​ចិញ្ចឹម​ទ័ព ជំរុញ​ការ​កសាង​សមត្ថភាព​កងឯកភាព ជា​ពិសេស បណ្តា​កងឯកភាព បំពេញភារកិច្ច​នៅ​តាម​ព្រំដែន​គោក និង​ដែនទឹក​ដើម្បី​ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​បុព្វហេតុ​នៃ​កិច្ច​ការពារ​ជាតិ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ក្នុង​ទិស​ដៅ​បន្ត​បណ្តា​កងឯកភាព​នៃ​កង​យោធពលខេមរភូមិន្ទ​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ក្នុង​ការ​កសាង​ពង្រឹង​ប្រៀប​ការពារ​ជាតិ​ឱ្យ​បាន​កាន់តែ​រឹង​មាំ​លើ​គ្រប់​វិស័យ និង​ត្រៀម​ចូលរួម​សហការ​ការពារ​សន្តិសុខ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នា​ឆ្នាំ ២០១៨»​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុ​ជាតិ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ទាក់ទិន​នឹង​ការ​អត្ថាធិប្បាយ​របស់​នាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន នេះ​។

ដោយឡែក នៅ​លើ​គេហទំព័រ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ថ្ងៃ​អង្គារ​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា ឧត្តមសេនីយ៍ឯក ស ថេ​ត ដែល​ជា​ក្មួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​ក៏​បាន​បញ្ជា​ដល់​កងកម្លាំង និង​សិក្ខាកាម​ឲ្យ​បង្ក្រាប​បុគ្គល​ណា​ដែល​មាន​ចេតនា​ញុះញង់​ឱ្យ​មានការ​បំផ្លាញ​សន្តិភាព​ដោយ​ត្រូវ​តែ​កម្ចាត់​ចោល​ភ្លាម និង​បាន​ណែនាំ​ថា​កងកម្លាំង​មាន​តួនាទី​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ ហើយ​ប្រសិនបើ​មាន​បាតុកម្ម​ខុសច្បាប់​ត្រូវ​តែ​បំបែក​ចោល​ដើម្បី​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​វិស័យ​ផ្សេង​ៗ​។

លោក​បាន​ថ្លែង​ក្នុង​វិធី​បិទ​វគ្គ​បំប៉ន​ការពារ​គោលដៅ និង​វគ្គ​បំប៉ន​ជំនាញ​អន្តរាគមន៍​ពិសេស​ថា​៖ «​កងកម្លាំង​មាន​តួនាទី​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេង​ៗ​ហើយ​ប្រសិនបើ​មានការ​ធ្វើ​បាតុកម្ម​ណាមួយ​ដែល​ខុសច្បាប់​បង្ក​ដល់​សន្តិសុខ​សង្គម​ត្រូវ​តែ​បំបែក​ចោល​»​។

កាលពី​ខែសីហា​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​លោក វង សូត បាន​ព្រមាន​ថា​នឹង​ប្រើ​គល់​ឫស្សី​វាយ​អ្នក​ណា​ដែល​នឹង​តវ៉ា​ប្រឆាំង បន្ទាប់​ពី​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​។

កាលពី​ខែឧសភា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក ទៀ បាញ់ ក៏​ធ្លាប់​បាន​គំរាម​វាយ​ឲ្យ​បាក់​ធ្មេញ​ចំពោះ​អ្នក​ដែល​មិន​ព្រម​ទទួលយក​លទ្ធផល​បោះ​ឆ្នោត​ហើយ​ចេញ​តវ៉ា​តាម​ដងផ្លូវ​ផង​ដែរ​។

លោក ជាម ចាន់​នី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ទេពី​ម្សិលមិញ​។

កាលពី​កន្លង​មក​អ្នកវិភាគ​នយោបាយ​លោក មាស នី ធ្លាប់​បាន​ថ្លែង​ថា​វោហារ​ស័ព្ទ​កំពុង​កើនឡើង​ដែល​ប្រើប្រាស់​ដោយ​គណបក្សកាន់អំណាច​នេះ​គឺ​បណ្តាល​មក​ពី​ការ​ភ័យ​ខ្លាច​ប្រតិកម្ម​ប្រឆាំង​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ជុំវិញ​វិធានការ តឹងរ៉ឹង​ដើម្បី​រារាំង​ក្រុម​អ្នកប្រឆាំង​…៕

អត្ថបទ P Pots

Comments

comments