ជំទប់​ទី​២ ឃុំ​ពងទឹក ស្រុក​រំដួល ខែត្រ​ស្វាយ​រៀង ចោទ​មេឃុំ​មក​ពី​បក្ស​កាន់​អំណាច​ថា បាន​បញ្ចុះបញ្ចូល​ឲ្យ​លោក​ចូល​ជាមួយ​បក្ស​កាន់​អំណាច ដើម្បី​រក្សា​អាសនៈ​ឃុំ​នេះ ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ត្រូវ​រលាយ​ឆាប់​ៗ​ខាង​មុខ​។ ចំណែក​មេឃុំ​ពងទឹក ទទួលស្គាល់​ថា លោក​ពិតជា​បាន​បញ្ចុះបញ្ចូល​មែន​ដោយសារ​មាន​បញ្ជា​ពី​ថ្នាក់លើ​។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្វាយ​រៀង ចាត់​ទុក​ការ​បញ្ចុះបញ្ចូល របស់​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ចូលរួម​ជាមួយ​បក្ស​កាន់​អំណាច​ថា ថា ជា​ទម្រង់​គំរាមកំហែង​ផ្នែក​នយោបាយ និង​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់​។

ជំទប់​ទី​២ ឃុំ​ពងទឹក ស្រុក​រំដួល ខែត្រ​ស្វាយ​រៀង លោក នូ ឡុ​ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ តុលា ថា មេឃុំ​ពងទឹក លោក ស៊ិ​ន ស៊ី​មន បាន​ព្យាយាម​លួងលោម​លោក ឲ្យ​ចូល​ជាមួយ​បក្ស​កាន់​អំណាច ដើម្បី​អនាគត​ប្រពន្ធ​កូន និង​តួនាទី​តំណែង ស្រប​ពេល​ដែល​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ធំ បានរ​ត់ទៅ​ក្រៅប្រទេស​អស់ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ត្រូវ​រំលាយ​នៅ​ពេល​ឆាប់​ៗ​។ ចំណែកឯ អាសនៈ​របស់​អាជ្ញាធរ​ឃុំ​ទាំងអស់ កូតា​ពី​បក្ស​សង្គ្រោះ​ជាតិ ក៏​អាច​ត្រូវ​រលាយ​ដែរ​។ លើស​ពី​នេះ បើ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ជាមួយ​បក្ស​កាន់​អំណាច គេ​នឹង​រក្សា​តំណែង និង​ប្រាក់ខែ​ឲ្យ​នៅ​ដដែល​។ លោក​ប្ដេជ្ញា​ថា ទោះបី​មានការ​បញ្ចុះបញ្ចូល​យ៉ាងណា​ក្តី លោក​មិន​យល់ព្រម​ដាច់ខាត ព្រោះ​តួនាទី និង អាសនៈ​របស់​លោក គាំទ្រ​ដោយ​ពលរដ្ឋ​៖ «​មក​ចូល​ជាមួយ​បក្ស​ប្រជាជន​ទៅ ដើម្បី​គេ​ទុក​តួនាទី និង​មុខ​ដំណែង​ឲ្យ ឲ្យ​នៅ​ធ្វើការ​វិញ​។ ខ្ញុំ​បាន​សួរ​គេ​វិញ​ថា ចុះបើ​ខ្ញុំ​មិន​ចូល តើ​មាន​បញ្ហា​អី​កើតឡើង​ទេ0x017d7​»​។

ឆ្លើយ​តប​ការ​ចោទប្រកាន់​នេះ មេឃុំ​ពងទឹក លោក ស៊ិ​ន ស៊ី​មន ទទួលស្គាល់​ថា លោក​ពិតជា​បា​នប​ញ្ជុះ​បញ្ចូល​ជំទប់​ទី ២ មក​ពី​បក្ស​ប្រឆាំង​ឲ្យ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​មែន ហើយ​ករណី​នេះ​ក៏​មានការ​សហការ​ជាមួយ​ថ្នាក់លើ​ដែរ​។ លើស​ពី​នេះ បក្ស​សង្គ្រោះ​ជាតិ នឹង​រំលាយ​ឆាប់​ៗ​ទៀត​ផង​។ ហេតុនេះ​អាសនៈ​បក្ស​នេះ​នៅ​ឃុំ​នេះ​ក៏​នឹង​ត្រូវ​រលាយ​អស់​ដែរ​៖ «​ពុំ​មែន​ជា​ខ្ញុំ​នឹកឃើញ​ទេ មានការ​សហការ​ពី​ថ្នាក់លើ​ដែរ សហការ​ពី​ថ្នាក់លើ​ថា ឲ្យ​និយាយ​គ្នា​»​។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្វាយ​រៀង លោក ម៉ៅ វិបុល កត់​សម្គាល់ថា ពុំ​មែន​តែ​ឃុំ​ពងទឹក​ទេ ដែល​មានការ​លួង​លោក​បែប​នេះ​កើតឡើង នៅ​ឃុំ​សង្កែ ស្រុក​រំដួល ក៏​មាន​សេចក្តីរាយការណ៍​ថា មានការ​បញ្ចុះបញ្ចូល​ដូច​គ្នា​នេះ​ដែរ​។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បក្ស​កាន់​អំណាច បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់ ដែល​លោក​ចាត់​ទុក​ថា ជា​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ​ដល់​មន្ត្រី​មូលដ្ឋាន​បក្ស​សង្គ្រោះ​ជាតិ​៖ «​បើ​យើង​ពិតជា​ពលរដ្ឋ​ស្រឡាញ់​មែន​ខ្លាច​អី បើ​ដឹកនាំ ៣០ ទៅ ៤០ ឆ្នាំ​ពលរដ្ឋ​ស្គាល់​ច្បាស់​ហើយ អ៊ីចឹង​ធ្វើ​យ៉ាង​សូម​ស្ងប់ស្ងាត់ និង​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ឲ្យ​ទទួលយក​ទាំងអស់​គ្នា​ផង​»​។

មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវា​ង្ស យល់​ថា ការ​បញ្ចុះបញ្ចូល​មាន​ពីរ​យ៉ាង គឺ​ការ​បង្ខំ និង​ការ​ស្ម័គ្រចិត្ត តែ​ប្រសិនជា​ការ​បញ្ចុះបញ្ចូល​ដោយ​បង្ខំ និង​មាន​លក្ខខណ្ឌ​ផ្សេង​ៗ គឺជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​សញ្ញា​គំរាមកំហែង ផ្ទុយ​ពី​ច្បាប់​។ លោក​បញ្ជាក់​ថា ការ​បញ្ចុះបញ្ចូល ដោយ​លើកយក​បញ្ហា​ផ្សេង​ៗ គឺ​ពុំ​មែន​ជា​ការ​បញ្ចុះបញ្ចូល​មាន​លក្ខណៈ​ត្រឹមត្រូវ​ទេ ផ្ទុយ​ទៅ​វិញ​គឺជា​ករណី​បំភិតបំភ័យ​៖ «​កាលណា​លើកយក​អ្នកឯង​មិន​ទៅ​ទេ អ្នកឯង​ត្រូវ​រលាយ ត្រូវ​គេ​ដុត​ផ្ទះ ឬ​អ្នកឯង​ត្រូវ​ឈរជើង​ផ្សេង​ៗ​តាម ជា​មធ្យោបាយ​ណាមួយ​ដែល​បំភិតបំភ័យ​គេ​ដើម្បី​ឲ្យ​គេ​ចេញពី​គណបក្ស​នោះ ឲ្យ​ចូលបក្ស​ខ្លួនឯង អាហ្នឹង​វា​ចូល​បំភិតបំភ័យ​ហើយ ពុំ​មែន​ជា​ករណី​ស្រុះ​ស្រូល​ទេ​»​។

លោក កន សាវា​ង្ស បន្ថែម​ថា រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ភស្តុ​តាង​ណាមួយ​បញ្ជាក់ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​នោះ​ទេ ព្រោះ​ការ​រំលាយ​គណបក្ស​នីមួយ​ៗ ពុំ​មែន​គ្រាន់តែ​និយាយ​ស្ដី​នោះ​ទេ វា​ឋិត​លើ​ការ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​ផ្អែក​តាម​អង្គហេតុ និង​ក្របខ័ណ្ឌ​ច្បាប់​កំណត់​។ លើស​ពី​នេះ បើសិនជា​តុលាការ​រក​ឃើញ​ថា ប្រធាន​គណបក្ស​មានទោស ក៏​គេ​អាច​ដោះ​ដូរ​ក្បាលម៉ាស៊ីន​ដែរ​៕

ប្រភព RFA

Comments

comments