ខណៈ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​កំពុងធ្វើការ​ពិភាក្សា​លើ​សំណើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដែល​ស្នើ​ឡើង​ដោយ​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន ដើម្បី​យក​អាសនៈ​ចំនួន ៥៥ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​បែងចែក​ឲ្យ​គណបក្ស​ផ្សេង​ដែល​ពុំ​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា តែ​មាន​គណបក្ស​ចំនួន ២ បាន​បដិសេធ​ទទួលយក​អាសនៈ​នេះ​ដោយ​ថ្លែង​ថា​វា​ជា​រឿង «​អយុត្តិធម៌​អត់​ត្រឹមត្រូវ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​» «​គ្មាន​ន័យ​» ដែល​យក​អាសនៈ​ស្របច្បាប់​របស់​គណបក្ស​មួយ​មក​ចែក​គ្នា​បែប​នេះ​។

ប្រសិនបើ​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​របស់​បក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥ ត្រូវ​បាន​ចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង​ៗ​បន្ទាប់​ពី​សមាជិក​រដ្ឋសភា​គណបក្សកាន់អំណាច​ធ្វើ​វិសោធនកម្ម​ច្បាប់​ជ្រើសតាំង​តំណាងរាស្ត្រ ហើយ​គណបក្សប្រឆាំង​ត្រូវ​បាន​គេ​រំលាយ​មែន​នោះ​តាម​សេណា​រី​យោ​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​បាន​បង្ហាញ​ថា​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ទទួល​បាន ៤១ អាសនៈ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) អាច​ទទួល​បាន ៦ អាសនៈ​គណបក្ស​ខ្មែរ​ឈប់​ក្រ​អាច​ទទួល​បាន ៥ អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា ២ អាសនៈ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ១ អាសនៈ​។

ប៉ុន្តែ​លោក ស៊ិ​ន វ​ណ្ណា​រិ​ទ្ធ អគ្គលេខាធិការ​គណបក្ស​ខ្មែរ​ឈប់​ក្រ (KAPP) ថ្លែង​កាលពី​ម្សិលមិញ​ថា​គណបក្ស​របស់​លោក​នឹង​ធ្វើ​ពហិការ កៅអី​តំណាងរាស្ត្រ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គេ​បែងចែក​ឲ្យ ប្រសិនបើ​គណបក្សប្រឆាំង​មួយ​នេះ​ត្រូវ​បាន​គេ​រំលាយ​មែន​នោះ​។

លោក​ថ្លែង​ថា​៖ «​ចំពោះ​គណបក្ស​ខ្មែរ​ឈប់​ក្រ មិនមែន​ធ្វើ​នយោបាយ​ដើម្បី​ចង់បាន​កៅអី ២ ឬ ៣ ហ្នឹង​ទេ​គឺថា​យើង​ធ្វើ​ដើម្បី​ចង់​ឲ្យ​ប្រទេស​ជាតិ​របស់​យើង [​រីក​ចម្រើន​] ។ មាន​មេដឹកនាំ​មួយ​ដែល​គោរព​លទ្ធិប្រជាធិបតេយ្យ​ដូច​សហរដ្ឋអាមេរិក​ជា​ប្រទេស​មួយ​ដែល​មានការ​រីក​ចម្រើន​ពិតប្រាកដ បើ​យើង​បាន​កៅអី ២ ឬ ៣ ហ្នឹង តែ​ប្រជាពលរដ្ឋ​អត់​មាន​សិទ្ធិ មាន​សេរីភាព មានការ​ជិះជាន់ មានការ​គាបសង្កត់ គឺ​កៅអី​ហ្នឹង​អត់​ប្រយោជន៍​ទេ​»​។

លោក វ​ណ្ណា​រិ​ទ្ធ បាន​រិះគន់​ធ្ងន់​ៗ​ថា​ជា​រឿង «​អយុត្តិធម៌​» ក្នុង​ការ​ក្រសោប​យក​កៅអី​របស់​គណបក្ស​មួយ​ដែល​ការ​ធ្វើ​បែប​នេះ​គឺ​វា​ផ្ទុយ​ទៅ​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​។

លោក វ​ណ្ណា​រិ​ទ្ធ បន្ត​ថា​៖ «​នេះ​មិនមែន​ជា​ឆន្ទៈ​របស់​គណបក្ស​ខ្មែរ​ឈប់​ក្រ​ទេ​។ យើង​មិន​ចង់បាន​អាសនៈ​មួយ​ដែល​គ្មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទេ​»​។ «​ខ្ញុំ​តំណាង​ឲ្យ​គណបក្ស​ខ្មែរ​ឈប់​ក្រ​យើង​យល់​ឃើញ​ថា​វា​អត់​មាន​យុត្តិធម៌​ទេ ដែល​យើង​ទៅ​រំលាយ​គណបក្ស​នយោបាយ​មួយ ហើយ​យក​អាសនៈ​របស់​គេ​ស្របច្បាប់​មក​ចែក​នឹង​គណបក្ស​នយោបាយ​មួយ​ចំនួន​ដើម្បី​បង្គ្រប់កិច្ច​។ យើង​យល់​ឃើញ​ថា​វា​អត់​ត្រឹមត្រូវ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​»​។

លោក​បាន​គូសបញ្ជាក់​ថា​៖ «​អ្វី​ដែល​ពលរដ្ឋ​លោក​ចង់បាន យើង​មើលឃើញ​តែ​មួយ​គត់​នោះ គឺ​តាម​រយៈ​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៨»​។

ជាមួយ​គ្នា​នេះ​លោក សុខ សាន សមាជិក​គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍ LDP ក៏​បាន​បង្ហាញ​ជំហរ​ជំទាស់​ទៅ​នឹង​សេណា​រី​យោ​បែងចែក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ផង​ដែរ​ដោយ​ហៅ​ការ​ទទួលយក​អាសនៈ​ទាំងនោះ​ថា «​គ្មាន​ន័យ​»​។

លោក សាន បាន​សរសេរ​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក​ជា​ភាសា​អង់គ្លេស​ថា​៖ «​នេះ​សូម​ជម្រាប​លោក​ថា​ក្នុង​ករណី​អាសនៈ [​គណបក្ស​សង្គ្រោះ​ជាតិ​] ត្រូវ​បាន​បែងចែក​មែន​នោះ អាសនៈ​នោះ​នឹង​មិន​មាន​ន័យ​អ្វី​សម្រាប់ LDP នោះ​ទេ​។ គ្មាន​អាសនៈ​ណាមួយ​នឹង​ត្រូវ​ទទួលយក​ដោយ LDP នោះ​ទេ​»​។

ប៉ុន្តែ​លោក ចិន ថុ​ន អគ្គលេខាធិការ LDP ហាក់ដូចជា​បន្ទន់​ជំហរ​ថា​គណបក្ស​ត្រូវ​រង់ចាំ​មើល​ច្បាប់​ដែល​គេ​កំពុង​ធ្វើ​វិសោធនកម្ម​ចេញ​ជា​រូបរាង​សិន ចាំ​ធ្វើ​សេចក្ដីសម្រេច​ជា​ក្រោយ​។

លោក​ថ្លែង​ថា​៖ «​សម្រាប់ LDP ចាំ​មើល​ច្បាប់​ដែល​គេ​កែ ដែល​គេ​បែងចែក​អាសនៈ​ហ្នឹង វា​មាន​ទម្រង់​អី​បែប​ណា​គឺ​យើង​យក​មក​សិក្សា​លម្អិត​…​ចាំ​យើង​សម្រេចចិត្ត​នៅ​ពេល​ក្រោយ​ថា​ត្រូវធ្វើ​បែប​ណា​»​។

ប៉ុន្តែ​លោក ញ៉េ​ប ប៊ុ​ន​ជិន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​បាន​ដាក់​ពាក្យបណ្ដឹង​ស្នើ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា​លោក «​គ្មាន​យោបល់​» ទៅ​នឹង​សេណា​រី​យោ​ថ្មី​ដែល​អាច​ឈាន​ដល់​ការ​បែងចែក​អាសនៈ​គណបក្សប្រឆាំង​នៅឡើយ​ទេ​។

លោក​ថ្លែង​ថា​៖«​យើង​មិន​អាច​ធ្វើការ​ទស្សន៍​ទាយ​នៅ​ពេល​នេះ​បាន​ទេ ប៉ុន្តែ​ប្រសិនបើ​យើង​កាន់កាប់ ៥៥ កៅអី​ដូច​គណបក្ស​សង្គ្រោះ​ជាតិ យើង​នឹង​ប្រើប្រាស់​ភារកិច្ច​ដ៏​សំខាន់​នេះ​ទៅ​បម្រើ​ជាតិ និង​ប្រជាជន​កម្ពុជា​ក្នុង​ផ្លូវ​ដែល​មាន​ប្រយោជន៍​បំផុត​»​។ លោក​បន្ថែម​ថា​គណបក្ស​នយោបាយ​ត្រូវ​អនុវត្ត​តាម​នីតិរដ្ឋ​ដែល​លោ​កថា​បច្ចុប្បន្ន​ច្បាប់​មាន​ភាព​ប្រសើរ​ឡើង​។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក ស្រី មូរ សុខ​ហួរ ដែល​បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​បាន​ហៅ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ថា «​គ្មាន​អាណត្តិ និង​គ្មាន​ព្រលឹង​»​។ លោកស្រី​ថ្លែង​ថា​៖ «​ឆន្ទៈ​របស់​ប្រជាជន​ត្រូវ​តែ​គោរព​។ រាល់​អ្នក​ដែល​បាន​ឃុបឃិត​គ្នា​ចំពោះ​ការ​ព្រមព្រៀង​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​បែប​នេះ ត្រូវ​តែ​ទទួលខុសត្រូវ​ខាង​សីលធម៌​របស់​ពួក​គេ​»​។

លោក កែវ សា​រ៉េ​ត សមាជិក​គណកម្មាធិការ​អចិ​ន្រៃ្ត​យ៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​នៃ​គណបក្ស​សញ្ជាតិ​កម្ពុជា​ថ្លែង​ថា​គណបក្ស​របស់​លោក​នឹង​ធ្វើការ​ប្រជុំ​ជា​មុន​សិន​មុន​នឹង​សម្រេច​ថា តើ​ត្រូវធ្វើ​បែប​ណា​។

ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក សា​រ៉េ​ត ហាក់​បង្ហាញ​ជំហរ​ក្នុង​ការ​ទទួលយក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ថ្លែង​ថា​ពីព្រោះ​គណបក្ស​របស់​លោក​ក៏​បាន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្លះ​ដែរ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណ​តិ្ត​ទី ៥ កាលពី​ឆ្នាំ ២០១៣​។

លោក​បញ្ជាក់​ថា​៖ «​ប្រហែល​ចូលរួម​ពីព្រោះ​យើង​មាន​សំឡេង​ខ្លះ​ដែរ​…​យើង​កំពុង​តែ​រៀបចំ​ពិភាក្សា​»​។

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គជ​ប​) បាន​លើក​ឡើង​ថា​ក្នុង​ករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​តាម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​មណ្ឌលបោះឆ្នោត រាជធានី ខេត្ត ដោយ​យោង​ទៅ​តាម​ច្បាប់​ដែល​កំពុង​នៅ​ជា​ធរមាន​មាន​ន័យ​ថា​ច្បាប់​មិន​ទាន់​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​។ នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ដែល​អាច​នឹង​ត្រូវ​រដ្ឋសភា​អនុម័ត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​លោក សូ​រី​ដា លើក​ឡើង​ថា គ​.​ជ​.​ប នឹង​ធ្វើការ​បែងចែក​ទៅ​តាម​នីតិវិធី​ច្បាប់​ដែល​បាន​កំណត់​។

លោក​បញ្ជាក់​ថា​៖ «​ចំណែកឯ​នីតិវិធី​នៃ​ការ​បែងចែក គឺ​នៅ​ពេល​ដែល​វិសោធនកម្ម​ច្បាប់​សម្រេច​យ៉ាងណា​ហើយ​គឺ គ​.​ជ​.​ប ធ្វើការ​បែងចែក​តាម​ការ​កំណត់​នៃ​ច្បាប់​»​។

ក្នុង​ករណី​ដែល​គណបក្ស​នយោបាយ​ណា​បដិសេធ​ទទួលយក​អាសនៈ​ដែល​អាច​ត្រូវ​បាន​បែងចែក​ក្រោយ​ពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ត្រូវ​បាន​ចូល​ជា​ធរមាន​នោះ​លោក សូ​រី​ដា បញ្ជាក់​ថា​មិន​ទាន់​អាច​ឆ្លើយ​ភ្លាម​ៗ​បាន​ទេ ខណៈ​ច្បាប់​ថ្មី​មិន​ទាន់​ត្រូវ​បាន​អនុម័ត​នៅឡើយ​។ «​ក្នុង​ករណី​ហ្នឹង វា​ត្រូវ​តែ​ឆ្លង​ដល់​ចំណុច​របស់ គ​.​ជ​.​ប​»៕

ប្រភព P POst

Comments

comments