ភ្នំពេញ​ ៖ នៅ​រាត្រី​ថ្ងៃ​ទី ១៤ ខែតុលា ឆ្នាំ​២០១៧​នេះ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The Voice Kids Cambodia រដូវ​កាល​ទី​មួយ បាន​រក​ឃើញ ម្ចាស់​ជ័យ​លា​ភី​ហើយ នោះ​គឺកុមា​រ ពេជ្រ ថៃ ដែល​មក​ពី​ខេត្ត បាត់ដំបង ។

ក្នុង​ចំណោម​បេក្ខជន​ដែល​មាន​សមត្ថភាព​ទាំង៦នាក់ ក្រោយ​ប្រកាស​លទ្ធផល គឺ​ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែនដែលកុមា​រ ពេជ្រ ថៃ បាន​ក្លាយជា​ម្ចាស់​ពាន​សម្រាប់​រដូវ​កាល​ទី១​នេះ ។ ភ្លាម​ៗ អ្នក​រង់ចាំ​ការ​ប្រកាស​លទ្ធផល​រហូត​ដល់​យប់​ជ្រៅ ដែលជាអ្នកគាំទ្រ​កម្មវិធី The Voice Kids Cambodia ជា​ពិសេស​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​សម្តែង​កា​រខក​ចិត្តជា​ខ្លាំង​ ជាមួយនឹង​ការ​ទទួល​បាន​ជោគជ័យ របស់​បេក្ខជន​ពេជ្រ​ថៃ ។

យ៉ាងណាមិញ លទ្ធផល​កាលពី​យប់មិញ​នេះ បាន​ធ្វើ​ឲ្យ​បណ្តា​អ្នក​និយមលេង​បណ្តាញ​សង្គមមួយ​ចំនួន​ធំ បាន​សម្តែង​ការ​មិន​ពេញចិត្ត ចំពោះ​លទ្ធផល​មួយ​នេះ រហូតដល់ថ្នាក់​អ្នក​រិះគន់​ទាំងនោះ បាន​សរសេរ​មតិ មិន​ល្អជា​ច្រើនទៅ​លើកុមា​រ ពេជ្រ ថៃ និងស្តីថា​ឲ្យ​កម្មវិធី​នេះ​ថា ជា​កម្មវិធីដែល​គួរ​ឲ្យ​អស់សំណើច យក​តែ​អ្នកចេះ​កំប្លែង និងមិនមែន​យក​សម្លេង​ជា​គោល ។ ហើយ​មាន​មតិ​ខ្លះ​ទៀត បាន​ប្តូរ​ឈ្មោះ​កម្មវិធី​នេះ​ទៅ​ជា The Funny Kids Cambodia ក៍​ព្រោះតែ​ពួក​គេស្តាយ​កុមារ​ដែល​មាន សមត្ថភាព​ដទៃ​ទៀត​ដែល មិន​អាច​ទទួល​ជ័យ​លា​ភី​ ។

ទោះជា​យ៉ាងណា​ក្តី ការ​ប្រលង​ក្នុង​កម្មវិធី​នេះ គឺទទួលយកការ​បោះ​ឆ្នោត​ពី​ទស្សនិកជនតែ​មួយ​មុខ​ប៉ុណ្ណោះ ហើយ​គ្មាន​ការឲ្យ​ពិន្ទុ​ពី​ Coach នោះ​ទេ ដូច្នេះ​ហើយ​យើង​ក៍​មិនអាច​បន្ទោស​ទៅ​លើកុមា​រ ពេជ្រ ថៃ​ បាន​ដែរ ព្រោះ​ថា ទាំងនេះគឺជា​សារ​ដែលពុក​ម៉ែ​បងប្អូនស្រលាញ់​ និង​គាំទ្រ ជា​អ្នកបោះឆ្នោត​ឲ្យ​រូបគេតែ​ប៉ុណ្ណោះ ។

ជាមួយ​គ្នាទស្សនិកជន​ដែល​ភាគច្រើន​ បាន​សម្តែង​ការ​មិន​ពេញចិត្ត​នឹង​លទ្ធផល​នេះ បាន​ទាមទារ​ឱ្យ​ស្ថានីយទូរទស្សន៍​ហង្ស​មាស បង្ហាញ​លទ្ធផល​នៃ​ការ​ផ្ញើ​សារ​ផ្លូវការ​ជា​សាធារណៈ​ ដើម្បី​ឱ្យ​ពួក​គាត់​អស់ចិត្ត​ផង​ដែរ បើសិនជា​អាច! ។

កាន់តែអស្ចារ្យជាង​នេះ គឺនៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កក៍​មានរឿង​ប្លែក​ៗ មិន​ថា តារា ឬប្រិយមិត្តមួយ​ចំនួននោះទេ បាន​ធ្វើការ​ភ្នាល់​គ្នាថា ​នឹង​ធ្វើ​អ្វីមួយ បើសិនជា​ ពេជ្រ ថៃ ទទួល​បានជ័យ​លា​ភី​ ។ ហើយ​ពេល​នេះ​អ្នកនិយមលេងលើ​បណ្តាញ​សង្គមហ្វេសប៊ុកមួយ​ចំនួន កំពុង​ទន្ទឹង​ចាំ​មើល​ថា តើ​អ្នក​ដែល​បង្ហោះ​សារ​ភ្នាល់​គ្នា​ទាំងនោះ ហ៊ាន​ធ្វើ​នូវ​អ្វី​ដែល​ពួក​គេ​បាន​និយាយ​ដែរ​ឬទេ ?

សូម​ជម្រាប​ថា កុមា​រ ពេជ្រ ថៃ មាន​អាយុ១២ឆ្នាំ ជា​បេក្ខជន​មក​ពី​ខេត្តបាត់ដំបង ហើយ​មានជីវិត​កម្សត់​តស៊ូ ហើយ​មុន​មក​ប្រឡង​កម្មវិធី The Voice Kids ។ ពេជ្រ ថៃ រស់នៅ​ជាមួយ​ជីដូន​ចំណាស់ ដោយសារ​ឱ​ពុក​ម្តាយ​ចំណាកស្រុក​ទៅ​ធ្វើការ​ចិញ្ចឹមជីវិត​នៅ​ឯ​ប្រទេស​ថៃ ។ ដោយសារកុមា​រាម្នាក់​នេះ ទទួល​បានការ​ចាប់អារម្មណ៍​ពី​មហាជន​ខ្លាំង​ជាង​បេក្ខជន​ដទៃ​ទៀត ​តាំងពី​បង្ហាញខ្លួន​ដំបូង​ក្នុង​វគ្គ Blind Auditions មក​ម្ល៉េះ ព្រោះ​កុមារ ​ពេជ្រ ថៃ ពោរពេញ​ទៅ​ដោយ​កាយវិការ​កំ​ប្លុក​កំប្លែង និង​សម្តីសំដៅ​ពីរោះ​​គួរ​ឱ្យ​ចូល​ចិត្ត ។

សូមបញ្ជាក់ថា ទឹកប្រាក់​សរុប​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវ​បាន​ឧបត្ថម្ភ​ដល់​ម្ចាស់​ជ័យ​លា​ភី នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក The Voice Kids Cambodia រដូវ​កាល​ទី​១ កុមា​រា ពេជ្រ ថៃ ជា​កូនក្រុម​របស់​កំពូល​តារាចម្រៀង ព្រាប សុវត្ថិ ។ ចំណែក​បេក្ខជន​-​បេ​ក្ខ​នារី ជា​កុមា​រា កុមារី៥​នាក់​ផ្សេង​ទៀត ដែល​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ទទួល​បានការ​ឧបត្ថម្ភ​ទឹកប្រាក់​សរុប​ប្រមាណ​៥,៥០០​ដុល្លារ ៕

 

Comments

comments