គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដឹកនាំ​ដោយ​សម្ដេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ បាន​ដាក់​ពាក្យបណ្តឹង​ជា​ផ្លូវការ​ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​កាន់​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៧ ខណៈ​ដែល​គណបក្ស​យុវជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ពេជ្រ ស្រស់ បាន​ដាក់​ពាក្យសុំ​រំលាយ​ដូច​គ្នា​នេះ​កាលពី​ថ្ងៃ​ទី​០៤ ខែតុលា​កន្លង​ទៅ​។

នៅ​ក្នុង​ពាក្យបណ្តឹង​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ការ​ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដោយ​យោង​តាម​មាត្រា​៦​ថ្មី មាត្រា​៧ មាត្រា​៣៨​ថ្មី និង​មាត្រា​៤៤​ថ្មី នៃ​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់ ស្ដី​ពី​គណបក្ស​នយោបាយ​។

ក្រោយ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដោយ​មានការ​យល់ព្រម​ឯកភាព​ពី​សម្តេចក្រុមព្រះ​ជា​ព្រះប្រធាន​គណបក្ស សម្រេច​ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ​( CNRP)​នោះ​រួច​មក ភ្លាម​ៗ​ព្រះ​អង្គ​(​សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ​) ត្រូវ​បាន​ទទួល​រង​នូវ​ការ​រិះគន់​ជា​ច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន ពិសេស​អ្នក​តាមដាន​នយោបាយ​និង​អ្នកវិភាគ​មួយ​ចំនួន ខ្លះ​បាន​ចោទ​ព្រះ​អង្គជា​កូនជឹង ឬ​កូនអុករ​ប់ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ខ្លះ​ថា​គណបក្ស​របស់​ព្រះ​អង្គជា​គណបក្ស​រណប​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​តែ​តោង​កន្ទុយ​បក្ស​កាន់​អំណាច​និង​លាប​សក្ការៈ​តែ​ប៉ុណ្ណោះ​ជាដើម ។

សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​តួអង្គ​មួយ​សំខាន់​នៅ​ពេល​នេះ ក្នុង​ការ​កម្ទេច​គណបក្សប្រឆាំង នៅ​ក្រោយ​ពេល លោក ញឹក ប៊ុ​ន​ឆៃ ដែល​ជា​សម​ភាគី របស់​ព្រះ​អង្គ​ត្រូវ​បាន​លោក ហ៊ុន សែន លែង​ត្រូវការ ហើយ​ចាប់​ដាក់គុក​នោះ​។ សម្រាប់​បរិបទ​នៅ​ពេល​នេះ​វិញ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​ធ្លាប់​ឈ្នះ​ការ​បោះ​ឆ្នោត ហើយ​ទី​បញ្ចប់​គ្មាន ១​អាសនៈ​ផង​នៅ​ក្នុង​រដ្ឋសភា​នោះ គឺ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ទំនងជា​ត្រូវ​ខំ​បង្គាប់​ចិត្ត​បក្ស​កាន់​អំណាច ដើម្បី​ទទួល​បាន​ផល​ខ្លះ អាច​បន្តដំណើរ​នយោបាយ​ទៅ​មុខ​ទៀត​នៅ​ឆ្នាំ ២០១៨​ខាង​មុខ​។

នរណា​ក៏​ដឹង​ដែរ​ថា ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ ទ្រង់​ហ៊ាន​ធ្វើ​អ្វី​ៗ​សព្វបែបយ៉ាង ដើម្បី​បន្តអំណាច​របស់​ខ្លួន​សូ​ម្បី​តែ​សម្ព័ន្ធមិត្ត​ដែល​ធ្លាប់​ប្ដូរផ្ដាច់​និង​គ្នា ក៏​ព្រះ​អង្គ​ហ៊ាន​ក្បត់​ដែរ​។ ឧទាហរណ៍​ដូច​ជា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៣ ឆ្នាំ​២០០៣ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​របស់​ព្រះ​អង្គ មានឱកាស​ម្ដងទៀត ក្នុង​ការ​ចាប់ដៃ​មួយ​គណបក្ស​សម រ​ង្ស៊ី របស់​លោក សម រ​ង្ស៊ី ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ជិះសេះ​លែងដៃ បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់ឯង​បាន​។

គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​គណបក្ស​សម រ​ង្ស៊ី ដែល​មិន​ទទួលស្គាល់​លទ្ធផល​បោះ​ឆ្នោត​នោះ បាន​បង្កើត​សម្ព័ន្ធភាព​ជាមួយ​គ្នា ឈ្មោះ​ថា «​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​»​ដែល​ធ្វើ​ឲ្យ​ស្ថានភាព នយោបាយ​ជាប់​គាំង​ជិត​១​ឆ្នាំ​។ នៅ​ទីបំផុត​ត្រូវ​បាន​គេ​មើលឃើញ​ថា សម្ដេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ ក្បត់​លោក សម រ​ង្ស៊ី រត់​ទៅ​ចាប់ដៃ​ជាមួយ​លោក ហ៊ុន សែន ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ បែងចែក​អំណាច​គ្នា ដឹកនាំ​រដ្ឋាភិបាលចម្រុះ​ជាមួយ​គ្នា ដោយ​សម្ដេចក្រុមព្រះ ទ្រង់​ធ្វើ​ជា​ប្រធានរដ្ឋសភា ទោះបីជា​ព្រះ​អង្គ​ធ្លាប់​បាន​ប្ដេជ្ញា​ជាមួយ​លោក​សម រ​ង្ស៊ី ថា​មិន​ចាញ់ល្បិច​កល​លោក ហ៊ុន សែន ម្ដងទៀត​ក្ដី​។

ទោះបីជា​នៅ​ពេល​នេះ ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ នៅ​ពេល​នេះ ហាក់បីដូចជា​សកម្ម និង​ប្រឹងប្រែង​នៅ​លើ​ឆាកនយោបាយ​ជា​ថ្មី​វិញទៀត​ក្ដី ក៏​ប៉ុន្តែ​ការ​ប្រឹងប្រែង​នេះ ត្រូវ​បាន​អ្នក​ច្បាប់​មើលឃើញ​ថា នឹង​មិន​អាច​ទទួល​បាន​ដូច​បំណង​ឡើយ​។

ខាងលើ គ្រាន់តែ​ជា​កា​លើក​ឡើង​របស់​ក្រុម​អ្នក​តាមដាន​នយោបាយ​មួយ​ចំនួន​ពាក់​ព័​ន្ឋ​នឹង​នយោបាយ​ផ្ទៃក្នុង​ជាតិ ដែល​ផ្តោត​សំខាន់​ទៅ​លើ​សកម្មភាព​នយោបាយ​មួយ​ចំនួន​របស់​សម្តេចក្រុមព្រះ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ។

ដោយឡែក បើ​ងាក​មក​មើល​នយោបាយ​ការ​បរទេស​របស់​គណបក្ស​ដែល​គេ​អះអាង​ថា​ជា​គណបក្ស​រាជា​និយម​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ន​នេះ​វិញ គឺ​គណបក្ស​ដែល​ធ្លាប់​ផ្តួចផ្តើម​បង្កើត​ដោយ​ព្រះ​បរម​រតន​កោដ្ឋ​(​សម្តេចព្រះ​បិតា​ជាតិ​នរោត្តម​សីហ​នុ​) មាន​ភាព​ស្អិតរ​មួ​ត​ជាមួយនឹង​គណបក្ស​កុម្មុយនីស្ត​ចិន ។

ភាព​ស្និ​ទ្ឋ​ស្នាល​និង​ស្អិតរ​មួ​ត​បេះ​មិន​ចេញ​នេះ គឺ​តាម​រយៈ​សកម្មភាព​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ស្ទើរតែ​ជា​រៀង​រាល់​ឆ្នាំ តែង​ត្រូវ​បាន​គណបក្ស​កុម្មុយនីស្ត​ចិន​អញ្ជើញ​ទៅ​ចូលរួម​កម្មវិធី​នានា​របស់​បក្ស រាប់​ទាំង​សមាជ​បក្ស និង​សមាជិក​បក្ស​កុម្មុយនីស្ត​ចិន​ខ្លះ​ក៍បាន​អញ្ជើញ​មក​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​កិច្ចប្រជុំ ឬ សមាជ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​តាម​សំណើ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ផង​ដែរ ។

និយាយ​រួម​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ និង​រាជរដ្ឋាភិបាល​ខ្មែរ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ ពាក់​ព័​ន្ឋ​នឹង​ទំនោរ​យោ​បាយ​ទៅ​រក​ចិន​នោះ ព្រោះ​វា​ជាស​មិ​ទ្ឋ​ផល​ដែល​បាន​មក​ពី​ការ​ត្រួសត្រាយ​ផ្លូវ​របស់​អតីត​ព្រះ​មហា​វីរក្សត្រ​នរោត្តម​សីហ​នុ​( ព្រះ​បរម​រតន​កោដ្ឋ​)​និង​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​របស់​ចិន​រាប់​ជំនាន់​មក​ហើយ ។

ដូច្នេះ ការណ៍​ដែល​រាជរដ្ឋាភិបាល​ចាប់ខ្លួន​លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ចោទ​ពី​បទ​ក្បត់ជាតិ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ប៉ង​ធ្វើ​បដិវត្តន៍​ព៌​ណ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ហើយ​ដែល​អ្នកវិភាគ​ខ្លះ​ថា​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​បុរស​ខ្លាំង ហ៊ុន សែន ក្នុង​ការ​ចាប់​លោក កឹ​ម សុខា និង​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បិទ​អង្គការ NDI ដែល​គាំទ្រ​ដោយ​អា​មេ​រិ​ក ក៍​ដូច​ជា​ការ​រឹតត្បិត​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន​ឈាន​ទៅ​បិទ​ដោយ​ខ្លួនឯង ថា​ជា​ការ​ប្រឆាំង​អា​មេ​រិ​ក ដើម្បី​លើកទឹកចិត្ត​និង​គាំទ្រ​ចិន​នោះ គឺ​សម្តេចក្រុមព្រះ ព្រះ​អង្គ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​គាំទ្រ​នោះ​ទេ ៕

Comments

comments