អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង​បាន​បញ្ជាក់​ថា​«​ប្រសិនបើ អ្នក​ណា​យក​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ​និង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ទៅ​អនុវត្ត​ក្នុង​បែងចែក​អាសនៈ​រដ្ឋសភា និង​អាសនៈ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ របស់​គណបក្ស​នយោបាយ​មួយ​ដែល​ត្រូវ​រំលាយ ទៅ​ចែក​ឲ្យ​គណបក្ស​នយោបាយ​ដទៃ គឺជា​ការ ” ប្លន់​ឆន្ទៈ​ប្រជាពលរដ្ឋ​” យ៉ាង​កម្រោល ហើយ​អ្នក​ទទួលយក​អាសនៈ​ពី​អំពើ​ប្លន់​នេះ មានឈ្មោះ ថា ” ទទួលផល​ចោរកម្ម​” ។​»​។

ការ​លើក​ឡើង​របស់​លោក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​រដ្ឋ​សភាជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧​នេះ កំពុង​ពិភាក្សា​និង​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ និង​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ តាម​សំណើ​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​៤៩​រូប ដើម្បី​បើកផ្លូវ​ឲ្យ​គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត យក​អាសនៈ​រដ្ឋសភា​និង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ដែល​កំពុង​កាន់កាប់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​យក​ទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេង​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៣​និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ឃុំ​-​សង្កាត់​កាលពី​ខែមិថុនា ឆ្នាំ​២០១៧​កន្លង​ទៅ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​ចោល​តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​នោះ ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហោះ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៦ ខែតុលា​នេះ លោក អេ​ង ឆៃ​អ៊ា​ង​បាន​សរសេរ​ដោយ​ពន្យល់​ថា​« លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ស្តី​ពី​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​រដ្ឋសភា បាន​អនុម័ត​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ។

ឯ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ឆ្នាំ​២០១៧ គឺ​ឈរ​លើ​មូលដ្ឋាន​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​រដ្ឋសភា​បាន​អនុម័ត​នៅ​ឆ្នាំ​២០១៥ ។

ដូច្នេះ ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​រដ្ឋសភា​មាន​តែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​អនុម័ត​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៦ ខែតុលា នេះ មិន​អាចយ​កមក​អនុវត្ត​នៅ​ក្នុង​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា​និង​អាណត្តិ​ទី​៤ នៃ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​បាន​ឡើយ ព្រោះ​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ ។

ប្រសិនបើ អ្នក​ណា​យក​ច្បាប់​វិសោធនកម្ម​ច្បាប់​ខាងលើ​នេះ ទៅ​អនុវត្ត​ក្នុង​បែងចែក​អាសនៈ​រដ្ឋសភា​និង​អាសនៈ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ របស់​គណបក្ស​នយោបាយ​មួយ​ដែល​ត្រូវ​រំលាយ ទៅ​ចែក​ឲ្យ​គណបក្ស​នយោបាយ​ដទៃ គឺជា​ការ ” ប្លន់​ឆន្ទៈ​ប្រជាពលរដ្ឋ​” យ៉ាង​កម្រោល ហើយ​អ្នក​ទទួលយក​អាសនៈ​ពី​អំពើ​ប្លន់​នេះ មានឈ្មោះ ថា ” ទទួលផល​ចោរកម្ម​” ។

ពី​វិមាន​រដ្ឋសភា​មាន​សេចក្តីរាយការណ៍​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ឲ្យ​ដឹង​ថា សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ត្រូវ​បាន​កិច្ចប្រជុំ​សភា​ពេញអង្គ​ដោយ​មាន​វត្តមាន​ចូលរួម​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ផង​នោះ អនុម័ត​រួច​ហើយ​ក្នុង​សំឡេង​គាំទ្រ​៦៧​លើ​៦៧​សំឡេង ហើយ​មក​ទល់​នឹង​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ចន្ទ​ដដែល​នេះ រដ្ឋសភា​បាន​និង​កំពុង​បន្ត​ពិភាក្សា​និង​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​បន្ត​ទៀត ដែល​គេ​ជឿ​ថា​សមាជិក​សភាព​គណបក្សកាន់អំណាច​និង​លើកដៃ​គាំទ្រ​អនុម័ត​ក្នុង​ពេល​បន្តិចទៀត​នេះ ៕

Comments

comments