ទីបំផុត​ទៅ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤​ដែល​រួម​មាន​៖ វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ និង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​បាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ៦៧​រូប លើ​៦៧​រូប បាន​លើកដៃ​អនុម័ត​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧​នេះ ដើម្បី​បើកផ្លូវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) យក​អាសនៈ​សភា និង​កៅអី​ក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក ខណ្ឌ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​កំពុង​កាន់កាប់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចែក​ជូន​គណ​ណ​បក្សនយោបាយ​ផ្សេង​ទៀត​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៣​និង ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ក្នុង​ឆ្នាំ​២០១៧ ប្រសិនបើ​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​នោះ​។

ក្នុង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​កែប្រែ​នូវ មាត្រា​១៣៨-​ស្ទួន ដោយ​កំណត់​ថា​៖ «​ក្នុង​នីតិកាល​នៃ​រដ្ឋសភា ប្រសិនបើ​មាន​គណបក្ស​នយោបាយ​ណាមួយ​ប្រកាស​បោះបង់​ចោល​អាសនៈ ឬ ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្ស​នយោបាយ ឬ​ត្រូវ​រំលាយ ស្រប​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ បញ្ជី​បេក្ខជន និង​តំណាងរាស្ត្រ​ទាំងអស់ នៃ​គណបក្ស​នយោបាយ​នោះ លែង​មាន​សុពលភាព និង​លែង​មានគុណ​សម្បត្តិ​តទៅ​ទៀត​ហើយ​។

ក្នុង​ករណី​ខាងលើ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​ធ្វើការ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ក្នុង​រយៈពេល​យ៉ាង​យូរ​៧​ថ្ងៃ ទៅ​ឱ្យ​គណបក្ស​នានា ដែល​បាន​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត ក្នុង​រាជធានី​-​ខេត្ត​, ដោយ​មិន​គិត​បញ្ចូល​គណបក្ស​នយោបាយ​ដែល​បោះបង់​ចោល​អាសនៈ ឬ​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្ស​នយោបាយ ឬ​ដែល​ត្រូវ​រំលាយ ស្រប​តាម​ច្បាប់​ស្តី​ពី គណបក្ស​នយោបាយ និង​គណបក្ស​នយោបាយ មាន​អាសនៈ​ក្នុង​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល​…»​។

តាម​រយៈ​ការ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ទាំង​៤​ខាងលើ​ដោយ​ឯក​បក្ស​ក្នុង​សភា តាម​សំណើ​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ប្រ​ញ៉ាប់​ប្រញាល់​នេះ ត្រូវ​បាន​ក្រុម​ក្រុម​អ្នក​តាមដាន​នយោបាយ​និង​អ្នកវិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​កាន់តែ​ខិត​ជិត​មាត់ជ្រោះ​មរណៈ​ហើយ និយាយ​ឲ្យ​ចំ​គឺ​គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​មើលឃើញ​ថា​កំពុង​មាន​ប្រជាប្រិយ​ពី​សំណាក់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​តាម​រយៈ​ការ​បោះ​ឆ្នោត​នា​ពេល​កន្លង​មក​នោះ នឹង​អាច​ត្រូវ​រំលាយ​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ។

យ៉ាងណា​ក៍ដោយ ក្រុម​អ្នក​តាមដាន​នយោបាយ​និង​វិភាគ​មួយ​ចំនួន ក៍បាន​បញ្ជាក់​ដែរ​ថា ពេល​នេះ​វាសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ពឹង​លើ​តុលាការ​កំពូល ដែល​ជា​ស្ថាប័ន​អំណាច​ទី​៣​របស់​ជាតិ ប៉ុន្តែ​ខ្លះ​ក៍​លើក​ឡើង​ដោយ​គ្មាន​សង្ឃឹមថា​តុលាការ​កំពូល​នឹង​សម្រេច​មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ព្រោះតែ​ស្ថាប័ន​តុលាការ​ទាំង​បី​ថ្នាក់ (​កំពូល ឧ​ទ្ឋ​រណ៍​និង​សាលាដំបូង​) មិន​រាប់​តុលាការសឹក ស្ថិត​នៅ​ក្នុង​សម្ពាធ​នយោបាយ និង​មន្ត្រី​តុលាការ​មួយ​ចំនួន​ជា​សមាជិក​បក្ស​កាន់​អំណាច​នោះ​ថែម​ទៀត ។

លើស​ពី​នេះ​ទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជាស​ធារ​ណៈ​ថា បើ​រំលាយ​បក្ស​មួយ បក្ស​៥​ទៀត ឡើង​ជំនួស នេះ​នឹង​កើតឡើង​នៅ​ពេល​ខាង​មុខ ។

បើ​ទោះបីជា​លោក ហ៊ុន សែន មិន​និយាយ​ចំ​ឈ្មោះ​បក្សនយោបាយ​ដែល​លោក​អះអាង​ថា បើ​រលាយ​នឹង​មាន​បក្ស​៥​ទៀត​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ឆ្នាំ​២០១៣ នឹង​ឡើង​ជំនួស​អាសនៈ​សភា​បក្ស​ដែល​ត្រូវ​រលាយ​នោះ​ក្តី គឺ​អ្នក​តាមដាន​នយោបាយ​ថា​លោក ហ៊ុន សែន ចង់​សំដៅ​គណបក្ស​សង្គ្រោះ​ជាតិ ។

ការ​លើក​ឡើង​របស់​លោក​ហ៊ុន សែន នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ជាង​១​ម៉ឺន​នាក់ នៅ​រោងចក្រ ISI ផ្លូវ​វេ​ង​ស្រេង នា​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល បាន​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា ដាក់​ឯកសារ​ត្រៀម​ឆ្លើយ​តប​នឹង​ពាក្យសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងអំឡុងពេល​២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៩ ខែតុលា​។ រីឯ​គណបក្ស សង្គ្រោះ​ជាតិ មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ដោយ​រង់ចាំ​ជជែក​ជាមួយ​មេធាវី​ជា​មុន​សិន​។

បណ្ដឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​ក្រសួងមហាផ្ទៃ ដោយ​យោង​តាម​ពាក្យបណ្ដឹង របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​របស់​សម្ដេច ក្រុមព្រះ និង​គណបក្ស​យុវជន​កម្ពុជា របស់​លោក ពេជ្រ ស្រស់ ហាក់​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​ដោយ​តុលាការ​កំពុង​ចាត់ការ ទៅ​មុខ​យ៉ាង​លឿន​ជា​បន្តបន្ទាប់ ទោះបីជា មាន​សំឡេង​រិះគន់​យ៉ាងណា​ក្ដី​។

យោង​តាម​ដីកា​តុលាការ​កំពូល​ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​១០ ខែតុលា គឺ ចៅក្រម​ទទួល បញ្ជា​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោកស្រី សែ​ម សក្ដិ​កូ​ឡា បាន​ចេញ​ដីកា​បង្គាប់ ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដាក់​ឯកសារ​ត្រៀម​ឆ្លើយ​តប ទៅ​នឹង​ពាក្យ​បណ្ដឹងសុំ​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ​ក្នុងអំឡុងពេល​២០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៩ ខែតុលា​។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ ប្រធាន​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក សុ​ន ឆ័​យ បាន ថ្លែងប្រាប់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​កិច្ចប្រជុំ​ក្រុមការងារ និង​គណៈកម្មាធិការ​ប្រតិបត្តិ ២៥​រាជធានី​-​ខេត្ត នៅ​ទីស្នាក់ការ គណបក្ស​នៅ​ថ្ងៃ​ទី​១០ តុលា ថា គណបក្ស​បាន​ទទួល​ដីកា​បង្គាប់​នេះ​ហើយ ប៉ុន្តែ នៅ​មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​។ លោក សុ​ន ឆ័​យ បន្ត​ថា គណបក្ស​នឹង​ជួប​ប្រជុំ​ជាមួយ នឹង​ក្រុម​មេធាវី​ជា​មុន​សិន​។

បើ​តាម​លោក សុ​ន ឆ័​យ មាន​ស្ថានទូត​មួយ​ចំនួន​បាន​ប្រាប់​ថា គណបក្ស​ប្រជាជន កម្ពុជា បាន​ធានា​ជាមួយនឹង​ស្ថានទូត​ទាំងនោះ​ថា ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​មិន​រំលាយ​គណ បក្ស​សង្គ្រោះ​ជាតិ​ដែរ​។ ទន្ទឹម​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ព្យាយាម​រក​ច្រក​ចរចា​ជាមួយ គណបក្សកាន់អំណាច ដើម្បី​សម្រួល​ឲ្យ​ស្ថានភាព​នយោបាយ​វិល​ទៅ​រក​ប្រក្រតី​ភាព ដើម្បី​ផល​ប្រ យោជន៍​ជាតិ និង​ប្រជាជន​៕

Comments

comments