ទីបំផុត​ទៅ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​កោតសរសើរ​ជា​សាធារណៈ​អំពី​ស្នាដៃ​ការងារ ដោយ​ថាបើ​មាន​អភិបាលខេត្ត​ធ្វើ​ការងារ​បម្រើ​ប្រជារាស្ត្រ​ដូច​លោក​ច័ន្ទ សុផល​នោះ​ប្រទេស​ជាតិ​នឹង​មានការ​អភិវឌ្ឍ​រីក​ចម្រើន​នោះ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ដាក់​ឲ្យ​ចូល​និវត្តន៍​ហើយ ។

ចំណែក​អភិបាលខេត្ត​បាត់ដំបង​ដែល​ឡើង​មក​ជំនួស​តំណែង​លោក ច័ន្ទ សុផល​នោះ គឺ​អភិបាលរង​ខេត្តបាត់ដំបង លោក ងួ​ន រតនៈ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៥ ។

នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧ តាម​សំណើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។

មុន​ការ​ត្រាស់​បង្គាប់​តែងតាំង លោក ងួ​ន រតនៈ គឺជា​អភិបាលរង​ខេត្តបាត់ដំបង​មានការ​ចុះ​ផ្សាយ​ថា ការ​តែងតាំង អភិបាលខេត្ត​បាត់​ដំ​ង​ថ្មី មាន​ភាព​មិន​ប្រក្រតី គឺ​ធ្វើ​ឡើង​តាម​រយៈ លោក ប្រាជ្ញ ចន្ទ អតីត​អភិបាលខេត្ត​ត្បូងឃ្មុំ ជា​អ្នក​សូកប៉ាន់​។

ការ​ចោទប្រកាន់​នេះ​បាន​ធ្វើ​ឱ្យ​ក្រសួងមហាផ្ទៃ​ប្រតិកម្ម​យ៉ាង​ខ្លាំង ដោយ​ចាត់​ទុក​ថា​ជា​ការ​រិះគន់​មូលដ្ឋាន​ច្បាស់លាស់​នេះ ហើយ​បាន​ព្រមាន​ឱ្យ​សារព័ត៌មាន​ដើម​ត្នោត ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ពាក់ព័ន្ធ​នឹង​ការ​ចុះ​ផ្សាយ ក្នុង​អត្ថបទ​របស់​ខ្លួន​ដែល​ថា ការ​តែងតាំង លោក ងួ​ន រតនៈ ជា​អភិបាលខេត្ត​បាត់ដំបង ជំនួស​លោក ចាន់ សុផល ដែល​ចូល​និវត្តន៍​នោះ ធ្វើ​ឡើង​ដោយ​ការ​សូកប៉ាន់​។

ជុំវិញ​ការ​ចោទប្រកាន់ ក្រសួងមហាផ្ទៃ បាន​អះអាង​ថា រាល់​ការ​តែងតាំង ការ​ផ្លាស់​ប្តូរ​និង​ការ​បញ្ចប់​ភារកិច្ច​មន្ត្រីរាជការ​ទាំង​នៅ​ក្នុង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ត្រូវ​អនុលោម​តាម​គោលការណ៍ បែបបទ និង​នីតិវិធី​ដែល​បាន​កំណត់ នៅ​ក្នុង​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ មន្ត្រីរាជការ​ស៊ី​វិល ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ជា​ធរមាន​៕

លោក ច័ន្ទ សុផល ដែល​ជា​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជាជា​ខេត្តបាត់ដំបង​ផង​នោះ បាន​កាន់​តំណែង​ជា​អភិបាលខេត្ត​បាត់ដំបង​នេះ​តាំងពី​ឆ្នាំ​២០១៤ មក បន្ទាប់​ពី​លោក​បាន​ផ្លាស់​ពី​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ។

ប្រភព​មិន​ទាន់​ផ្លូវការ​ថា លោក ច័ន្ទ សុផល ទំនង​ត្រូវ​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​៕

Comments

comments