ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​សុក្រ​ បាន​បន្ត​អប់រំ​មន្ត្រី​របស់​ខ្លួន​ដោយ​ណែនាំ​អភិបាល​ខេត្ត​ស្នងការ​នគរបាល និង​មន្ត្រី​នានា​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​ត្រៀម​ការពារ​មិន​ឲ្យ​មាន​ការ​ប៉ុនប៉ង​ធ្វើ​បាតុកម្ម​ណា​មួយ​ដែល​ពួកគេ​សង្ស័យ​ថា​នឹង​កើតឡើង​នៅ​ពេល​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​នាំ​យក​មក​ចូល​សវនាការ​ពី​បទ ​«​ក្បត់ជាតិ​»​។

ក្រសួង​មហាផ្ទៃ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ប្រារព្ធ​សិក្ខា​សាលា​បណ្តុះបណ្តាល​មួយ​សម្រាប់​មន្ត្រី​ក្រសួង​ព័ត៌មាន​ដោយ​បណ្តុះបណ្តាល​ពួកគេ​អំពី​ការ​ណែនាំ​របស់​រដ្ឋាភិបាល បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ ​«​ក្បត់ជាតិ​» ​ដែល​ត្រូវ​បាន​ថ្កោលទោស​យ៉ាង​ទូលំ​ទូលាយ ដោយ​សូម​ឲ្យ​ពួកគេ​ធានា​ថា​អ្នក​កាសែត​មិន​បង្ក​​ឲ្យ​មាន​កំហុស​ខុស​ឆ្គង ក្នុង​ការ​រាយការណ៍​អំពី​ការ​ណែនាំ​របស់​រដ្ឋាភិបាល​។

កាលពី​ថ្ងៃ​សុក្រ​ក្រសួង​បាន​ប្រារព្ធ​សិក្ខា​សាលា​មួយ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ហៅ​រឿងរ៉ាវ​ដែល​កើត​មាន​នាពេល​ថ្មីៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ជា​ «​បដិវត្តន៍​ពណ៌​ដែល​បរាជ័យ​» ដោយ​បន្ថែម​ថា​ការ​ប៉ុនប៉ង​ណា​មួយ​ដើម្បី​ធ្វើការ​តវ៉ា និង​បដិវត្តន៍​ពណ៌​ត្រូវ​តែ​កម្ចាត់​ចោល​ភ្លាមៗ ​ដែល​ជា​កំហុស​មួយ​ដែល​អាជ្ញាធរ​មិន​បាន​រារាំង​ប្រជាពលរដ្ឋ​តាម​ខេត្ត មិន​ឲ្យ​ចូល​មក​ក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង​អំឡុង​ការ​តវ៉ា​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ២០១៣​។

លោក​បាន​ថ្លែង​ថា​ វា​អាច​ទំនង​ជា​ថា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មក​ទីក្រុង​ម្តង​ទៀត​ក្នុង​អំឡុង​សវនាការ​លោក កឹម សុខា ដែល​ជា​ស្ថានភាព​មួយ​ដែល​ត្រូវ​ការពារ​មិន​ឲ្យ​មាន​។

លោក​បញ្ជាក់​ថា​៖ «​ពួកគេ​នឹង​មក​ភ្នំពេញ​យើង​មិន​គួរ​ត្រឹម​តែ​រារាំង​ពួកគេ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​ទៅ​ទី​នោះ​ដើម្បី​ស៊ើបអង្កេត​បញ្ហា​ទាំង​នេះ​»​។ លោក​ក៏​ហាក់បី​ដូចជា​ស្តីបន្ទោស​ទៅ​លើ​គណបក្ស​ប្រឆាំង​ផង​ដែរ​ថា​ញុះញង់​ឲ្យ​មាន​ប្រតិកម្ម​ហិង្សា​ពី​អាជ្ញាធរ បើ​ទោះបី​ជា​លោក​អះអាង​ថា​បាតុកម្ម​របស់​ពួកគេ​អហិង្សា​ដោយ​ថ្លែង​ថា​មន្ត្រី​ត្រូវ​ដឹង​អំពី​តាក់ទិក​របស់​គណបក្ស​ប្រឆាំង​។ «​ពួកគេ​ប្រើ​ពាក្យ​ផ្លាស់ប្តូរ​វិជ្ជមាន​ ប៉ុន្តែ​ពួកគេ​ញុះញង់​អាជ្ញាធរ​រដ្ឋ​ឲ្យ​ប្រើ​ហិង្សា​។ នេះ​គឺ​ដើម្បី​ពួកគេ​ [​គណបក្ស​សង្គ្រោះ​ជាតិ​] ​ប្រមូល​កម្លាំង​ច្រើន​ឡើង ដើម្បី​ផ្តួល​រំលំ​រដ្ឋ​។ នេះ​ជា​បញ្ហា​»​។

លោក​បាន​ថ្លែង​ ដូច​ហេតុផល​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ចាប់​ខ្លួន​លោក សុខា ដោយ​ភ្ជាប់​ការ​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​របស់​លោក កឹម សុខា ​និង​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​សិទ្ធិមនុស្ស ជាមួយ​គណបក្ស​ សម រង្ស៊ី ​ថា​ដើម្បី​សម្រួល​ឲ្យ​មាន​បដិវត្តន៍​ពណ៌​។

អគ្គស្នងការរង​នគរបាល​ជាតិ​លោក ឆៃ ស៊ីណារិទ្ធ បាន​ថ្លែង​ថា​មាន​ភ័ស្តុតាង​បង្ហាញ​ថា​គណបក្ស​ប្រឆាំង​កំពុង​រៀបចំ​ធ្វើ​បដិវត្តន៍​ពណ៌​ក្រោម​ជំនួយ​ពី​អង្គ​ការបរទេស​។ «​ការងារ​រដ្ឋបាល និង​តួនាទី​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅក្នុង​វិស័យ​នីមួយៗ​នៅ​មាន​ចន្លោះ​ប្រហោង​ដោយ​ធ្វើឲ្យ​មាន​ការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​»​។

អត្ថាធិប្បាយ​របស់​លោក ស ខេង បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​លើក​ឡើង​ស្រដៀង​គ្នា​ពី​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ និង​មន្ត្រី​ប្រដាប់​អាវុធ​ដទៃៗ​ទៀត​ដែល​បាន​ប្តេជ្ញា​ការពារ​មិន​ឲ្យ​មាន​ប្រតិកម្ម​ចំពោះ​ការ​ចាប់​ខ្លួន​លោក សុខា ខណៈ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​កាលពី​សប្តាហ៍​មុន​បាន​សូម​ឲ្យ​មេបញ្ជាការ​ទាំងអស់​ដែល​នៅ​ក្រោម​ឱវាទ​របស់​លោក​ឲ្យ​បង្ក្រាប​ «​ធាតុ​ជ្រុល​និយម​»​។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី មូរ សុខហួរ បាន​ថ្លែង​ថា​គណបក្ស​ប្រឆាំង​គ្មាន​គម្រោង​ធ្វើការ​តវ៉ា​ណា​ទេ​ដោយសារ​ភាគច្រើន​នៃ​មន្ត្រី​តវ៉ា​របស់​ខ្លួន​បច្ចុប្បន្ន​កំពុង​នៅ​ក្រៅ​ប្រទេស​រួម​ទាំង​លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ចាកចេញ​កាលពី​សប្តាហ៍​មុន​ដោយសារ​ហេតុផល​ណាត់​ជួប​ជាមួយ​ពេទ្យ​ហើយ​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​ ២៣ ខែ​តុលា​។

លោកស្រី​បន្ថែម​ថា ​បញ្ហា​នាពេល​ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​​ក្តីបារម្ភ​ហើយ​នឹង​តាមដាន​សវនាការ​របស់​លោក កឹម សុខា ដែល​នឹង​អាច​ធ្វើឲ្យ​មាន​ការ​បង្ក្រាប​ពី​រដ្ឋាភិបាល​ទៅ​លើ​ពួកគេ​។

លោកស្រី​បាន​ថ្លែង​ដោយ​សំដៅ​ទៅ​សវនការ​របស់​លោក កឹម សុខា ថា​៖ «​ពួកគេ​នឹង​ចង់​បង្ហាញ​ខ្លួន ហើយ​ពួកគេ​នឹង​ចង់​មាន​វត្តមាន​នៅ​តុលាការ​»​។ «​ប៉ុន្តែ​នឹង​មិន​មាន​អ្វី​ហិង្សា​ទេ​។ កម្ទេច​មនុស្ស​ទាំង​នោះ​នឹង​មិន​ផ្តល់​អត្ថប្រយោជន៍​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ទាល់​តែ​សោះ​»៕

ប្រភព P POST

Comments

comments