ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ​បាន​មាន​បន្ទូល​ថា ព្រះ​អង្គ​សុខចិត្ត​ទទួលយក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចែក​ឲ្យ​ក្រោយ​ពេល​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មែន​នោះ ។

នេះ​បើ​យោង​តាម​ប្រភព​មួយ​ចំនួន​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧​នេះ ។

បើ​តាម​សម្តេចក្រុមព្រះ​ដែល​ជា​ព្រះប្រធាន​ឧត្តម​ទីប្រឹក្សា​ព្រះមហាក្សត្រ ការណ៍​ដែល​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​យល់ព្រម​ទទួលយក​អាសនៈ​សភា ឬក៍​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ក៍​ព្រោះតែ​ព្រះ​អង្គ​ដើម្បី​សន្តិភាព​និង​ការ​បង្រួបបង្រួម​ជាតិ ។

សម្តេចក្រុមព្រះ​បាន​មាន​បន្ទូល​បញ្ជាក់​ទៀត​ថា ព្រះ​អង្គ​ក៍​នៅ​តែ​បន្ត​រួម​សហការ​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ទៀត​ផង​ដែរ ។

យ៉ាងណា​ក៍ដោយ មក​ទល់​នឹង​វេលា​ម៉ោង​៣​និង​០២​នាទី​រសៀល​ថ្ងៃ​ី​១៧ ខែតុលា​នេះ មិន​ទាន់​មាន​ប្រភព​ជាក់លាក់​ណាមួយ​ចេញពី​តុលាការ​កំពូល​ថា តុលាការ​ជាន់ខ្ពស់​មួយ​នេះ​នឹង​បើក​សវន​ការ​សម្រេច​រឿង​ក្តី​នយោបាយ​ដ៍​ក្តៅ​គគុក​មួយ​នេះ​នៅ​ពេល​ណា​នោះ​នៅឡើយ​ទេ បើ​ទោះបីជា​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​៦៧​រូប រាប់​ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ផង បាន​លើកដៃ​គាំទ្រ​នៅ​ក្នុង​សម័យប្រជុំ​រដ្ឋសភា​ដែល​គ្មាន​វត្តមាន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ ដោយ​អនុម័ត​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដើម្បី​បើកផ្លូវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) យក​អាសនៈ​សភា និង​កៅអី​ក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក ខណ្ឌ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​កំពុង​កាន់កាប់​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចែក​ជូន​គណ​ណ​បក្សនយោបាយ​ផ្សេង​ទៀត​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៣​និង ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ក្នុង​ឆ្នាំ​២០១៧ ប្រសិនបើ​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​នោះ​។

សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ដែល​តំណាងរាស្ត្រ​គណបក្សកាន់អំណាច​៦៧​រូប​លើ​៦៧​រូប​លើកដៃ​អនុម័ត​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ តុលា​នោះ​រួម​មាន​៖ វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ និង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

នៅ​រសៀល​ថ្ងៃ​អង្គារ​ដដែល​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា «​អង្រុត​» មិន​អាច​ទាក់ទង​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ ជុំវិញ​បន្ទូល​របស់​សម្តេចក្រុមព្រះ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ខាងលើ​នេះ។

ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង បាន​បញ្ជាក់​ប៉ុន្មាន​ម៉ោង​មុន​ពេល​រដ្ឋសភា​ដែល​ចូលរួម​តែ​ក្រុម​តំណាងរាស្ត្រ​គណបក្សកាន់អំណាច បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ទាំង​៤​ខាងលើ កាលពី​ថ្ងៃ​ម្សិលមិញ​ថា «​ប្រសិនបើ អ្នក​ណា​យក​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ​និង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ទៅ​អនុវត្ត​ក្នុង​បែងចែក​អាសនៈ​រដ្ឋសភា និង​អាសនៈ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ របស់​គណបក្ស​នយោបាយ​មួយ​ដែល​ត្រូវ​រំលាយ ទៅ​ចែក​ឲ្យ​គណបក្ស​នយោបាយ​ដទៃ គឺជា​ការ ” ប្លន់​ឆន្ទៈ​ប្រជាពលរដ្ឋ​” យ៉ាង​កម្រោល ហើយ​អ្នក​ទទួលយក​អាសនៈ​ពី​អំពើ​ប្លន់​នេះ មានឈ្មោះ ថា ” ទទួលផល​ចោរកម្ម​” ។​»៕

 

Comments

comments