គណបក្ស​ចំនួន ៣ បាន​ប្រកាស​ទទួលយក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​គណបក្សប្រឆាំង​ដ៏​ធំ​នេះ​ដែល​ជា​គូប្រជែង​នឹង​គណបក្សកាន់អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​រំលាយ​ចោល​។

ការ​ប្រកាស​ទទួលយក​កៅអី​មួយ​ចំនួន​ក្នុង​ចំណោម​កៅអី ៥៥ របស់​បក្ស​សង្គ្រោះ​ជាតិ​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពី​សមាជិក​សភា​ចំនួន ៦៧ រូប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​រួម​ទាំង​លោក ហ៊ុន សែន ផង​ដែរ​បាន​លើកដៃ​អនុម័ត​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ​។

លោក សេង សុខ​ខេ​ង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា (CNP) ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា​បក្ស​របស់​លោក​នឹង​ទទួលយក​អាសនៈ​សភា​របស់​សង្គ្រោះ​ជាតិ​ប្រសិនបើ​ត្រូវ​បាន​គេ​បែងចែក​។

លោក​ថ្លែង​ថា​៖ «​ខាង​គណបក្ស​ខ្ញុំ​គឺ​អត់​ប្រកែក​ទេ​ព្រោះ​អានេះ​ជា​ផ្លូវច្បាប់ ក្រោយ​សភា​អនុម័ត​ច្បាប់​ទាំង ៤ ហ្នឹងហើយ​មាន​ន័យ​ថា​កៅអី​ហ្នឹង​ខាង​ខ្ញុំ​ទទួល​បាន និង​ជា​កៅអី​ដែល​តំណាងរាស្ត្រ​អនុម័ត​មក​ដែរ មិនមែន​ជា​ការ​អី​ខុសច្បាប់​ទេ​»​។

លោក​បន្ថែម​ថា​គណបក្ស​លោក​មិន​ខ្វល់​នឹង​ការ​រិះគន់​ណាមួយ​ឡើយ​ចំពោះ​ជំហរ​គណបក្ស​ដោយ​អះអាង​ថា​ដើម្បី​សន្តិសុខ និង​ស្ថិរភាព​សង្គម​។

លោក​បញ្ជាក់​ថា​៖ «​គេ​ធ្វើ​ទៅ​តាម​ច្បាប់​អ៊ីចឹង យើង​ទទួល​គឺ​ទទួល​ស្របច្បាប់​អ៊ីចឹង​បក្ស​សញ្ជាតិ​កម្ពុជា​ត្រូវ​ទទួលយក​។ ខ្ញុំ​អត់​បារម្ភ​ពី​ការ​រិះគន់​អី​ទេ សកម្មភាព​គឺ​ធ្វើ​ដើម្បី​ប្រយោជន៍​ជាតិ​ដើម្បី​សុវត្ថិភាព និង​សន្តិសុខ​ជាតិ​ដើម្បី​ស្ថិរភាព​សង្គម ស្ថិរភាព​នយោបាយ​។ និយាយ​ឲ្យ​ខ្លី​គឺ​ដើម្បី​ប្រយោជន៍​ជាតិ​។

ដោយឡែក​លោក ហួ​ន រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច (KEDP) បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ថ្ងៃ​ចន្ទ​អម​ជាមួយ​អត្ថបទ​សម្ភាសន៍​ជាមួយ​កាសែត​រស្មី​កម្ពុជា​ថា​គណបក្ស​របស់​លោក​ក៏​នឹង​ទទួលយក​អាសនៈ​ទាំងនោះ​ផង​ដែរ​។ ប៉ុន្តែ​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក​ថ្លែង​ថា​៖ «​ប្រសិនបើ​យើង​មិន​ទទួលយក​ការ​បែងចែក​អាសនៈ​នេះ​គឺ​យើង​មិន​គោរព​នីតិរដ្ឋ ហេតុ​អ្វី​បានជា​យើង​និយាយ​ថា​មិន​គោរព​នីតិរដ្ឋ​ព្រោះ​រដ្ឋ​បាន​កំណត់​ឲ្យ​បក្ស​តូច​ៗ​ដែល​មាន​អាសនៈ​ក្នុង​ការ​បែងចែក​សម័យ​បោះ​ឆ្នោត ២០១៣ នៅ​ពេល​ដែល​បក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​សភា ឬ​ត្រូវ​បាន​រំលាយ​សំឡេង​ត្រូវ​បែងចែក​ឲ្យ​គណបក្ស​ទាំង ៥ ។

លោក​បាន​ហៅ​ការ​បដិសេធ​ណាមួយ​មិន​ទទួលយក​អាសនៈ​ថា​ជា​ការ «​បំផ្លាញ​ឆន្ទៈ​រាស្ត្រ​» ដែល​បោះ​ឆ្នោត​ឲ្យ​អ្នកនយោបាយ​ធ្វើការ​ក្នុង​សភា​។ «​បើ​យើង​ធ្វើ​នយោបាយ​ដើម្បី​អភិវឌ្ឍន៍​ជាតិ​ត្រូវ​តែ​ចូលរួម​អភិវឌ្ឍន៍​ជាតិ​ចូលរួម​នយោបាយ​ជាមួយ​រាជរដ្ឋាភិបាល​ទើប​អាច​ជួយ​ពលរដ្ឋ​ឲ្យ​រួច​ពី​វិបត្តិ​សេដ្ឋកិច្ច​»​។

លោក ញ៉េ​ប ប៊ុ​ន​ជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដែល​បាន​ដាក់​បណ្ដឹង​ស្នើ​ឲ្យ​រំលាយ​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ជំហរ​ទទួលយក​អាសនៈ​ទាំងនោះ​។ លោក​បាន​ចោទសួរ​ថា​៖ «​ខ្ញុំ​បង្វែរ​សំណួរ​ទៅ​អ្នក​វិញ​ថា​តើ​យើង​មាន​គម្រោង​ទទួល ៤១ អាសនៈ​ដែរ​ឬទេ​។ ប្រសិនបើ​អ្នក​ទទួល​បាន ១ លាន​ដុល្លារ តើ​អ្នក​នឹង​ទទួលយក​វា​ទេ? ប្រសិនបើ​គេ​ប្រគល់​ឲ្យ​មក​ខ្ញុំ​។ តើ​ហេតុ​អ្វី​មិន​យក? និយាយ​ដោយ​ស្របច្បាប់​វា​ស្អាតស្អំ​ណាស់​»​។

លោក​បន្ថែម​ថា ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​មិន​ចាប់អារម្មណ៍​ខ្វល់ខ្វាយ​នឹង​ការ​រិះគន់​ណាមួយ​ពី​សំណាក់​សាធារណជន​ចំពោះ​ជំហរ​របស់​ខ្លួន​នោះ​ទេ​។

លោក ចាន់ យ៉េ​ត អនុប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ (RDP) ដែល​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ទទួល​បាន​អាសនៈ​ប្រសិនបើ​គណបក្ស​ដទៃ​ទៀត​ប​ដិ​សេ​ដ​ធ​លើក​ឡើង​ថា​គណបក្ស​របស់​លោក​ត្រូវការ​ជជែក​បន្ថែម​ជាមួយ​លោកស្រី សុខ រ័​ត្ន​សុវណ្ណ​ប​ច្ចៈ​សីលា ដែល​ជា​ប្រធាន​បក្ស​នឹង​កំពុង​នៅ​បរទេស​សិន​មុន​នឹង​សម្រេច​។

ប៉ុន្តែ​លោក​បាន​បង្ហាញ​គំនិត​មិន​ស្រប​នឹង​ការ​បែងចែក​អាសនៈ​របស់​បក្ស​ប្រឆាំង​ឲ្យ​គណបក្ស​ដែល​មិន​ត្រូវ​បាន​ពលរដ្ឋ​ផ្តល់​ការ​គាំទ្រ​នោះ​ទេ​។ លោក​បាន​ថ្លែង​បញ្ជាក់​ថា​៖ «​ការ​ដែល​បែងចែក​ហ្នឹង​តាម​ពិត​ទៅ បើ​យើង​យល់​ពី​លទ្ធិប្រជាធិបតេយ្យ​គឺ​ប្រជាពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ឲ្យ​ដល់​យើង​បែងចែក​ដោយ​គ្មាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​អ៊ីចឹង​វា​ដូច​មិន​មាន​ប្រជាធិបតេយ្យ​ទេ​»​។

យ៉ាង​ហោច​ណាស់​មាន​គណបក្ស​ចំនួន​ពីរ​បាន​បដិសេធ​ទទួលយក​អាសនៈ​សភា​របស់​បក្ស​ប្រឆាំង​ប្រសិនជា​ត្រូវ​បាន​បែងចែក​គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) របស់​លោក ខឹ​ម វាសនា និង​គណបក្ស​ខ្មែរ​ឈប់​ក្រ (KAPP) របស់​លោក ក្រ​វ៉ា​ញ ដា​រ៉​ន ដោយ​លើក​ឡើង​ថា​វា​ជា​រឿង «​អយុត្តិធម៌​» និង​គ្មាន​ន័យ​។

កាលពី​ម្សិលមិញ​នេះ​ដែរ​លោក កូវ គា អ្នកនាំពាក្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​ជំហរ​ម៉ឺងម៉ាត់​ថា LDP នឹង​មិន​ទទួលយក​អាសនៈ​ណាមួយ​ដែល​អាច​នឹង​ត្រូវ​បាន​បែងចែក​ឲ្យ​ទេ​។

លោក​ថ្លែង​ថា​៖ «​បើ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​គេ​បែងចែក​មក​ឲ្យ​យើង នៅ​ពេល​ដែល​លិខិត​ហ្នឹង​ចូល​មក​ដល់​យើង​កុំ​ថា​ឡើយ​គេ​ចែក​ឲ្យ ៦ កៅអី ទោះបីជា​ចែក​ឲ្យ​លើស​ហ្នឹង​ក៏​យើង​មិន​យក​ដែរ​ព្រោះ​យក​ទៅ​ធ្វើ​អី​វា​មិនកើត​»​។ លោក​លើក​ជា​សំនួរ​សំដៅលើ​ចំនួន​កៅអី​របស់​សង្គ្រោះ​ជាតិ​ក្នុង​សភា​ថា​៖ «​បើ ៥៥ ធ្វើ​មិនកើត​ផង​តើ ៦ កៅអី​ទៅ​ធ្វើ​អ្វី​កើត​ទៅ0x017d7​»​។

តាម​សេណា​រី​យោ​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​បាន​បង្ហាញ​ថា ប្រសិនបើ​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេ​រំលាយ​មែន​នោះ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ត្រូវ​គេ​ជឿ​ថា អាច​ទទួល​បាន ៤១ អាសនៈ​គណបក្ស LDP ៦ អាសនៈ​គណបក្ស​ខ្មែរ​ឈប់​ក្រ ៥ អាសនៈ​គណបក្ស​សញ្ជាតិ​កម្ពុជា ២ អាសនៈ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ១ អាសនៈ​៕

ប្រភព P Post

 

Comments

comments