ប្រធានគណៈកម្មការហិរញ្ញវត្ថុនិងសវនកម្មនៃរដ្ឋសភាលោកបណ្ឌិត ជាម យៀប បាននិយាយថា សមាសភាពគណបក្សសង្គ្រោះជាតិ(CNRP) នៅក្នុង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) អាចរក្សានៅដដែល បើសិនជាអ្នកទាំងនោះចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
យ៉ាងណាក៍ដោយ បើតាមលោកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា (CPP) រូបនេះបានត្រូវប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកស្រង់សម្តីរបស់លោកចុះផ្សាយទៀតថា«តាមការឯកភាពរបស់គណបក្សជាប់ឆ្នោតទាំងពីរឬកន្លងមក គឺសមាសភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ទាំង៩រូប នឹងត្រូវរលាយជាស្វ័យប្រវត្តិ នៅពេលបក្សណាមួយត្រូវរំលាយ។»។
លោក ជាម យៀប មិនអាចរកការសុំបញ្ជាក់បន្ថែមបានទេនៅយប់ថ្ងៃទី១៨ ខែតុលានេះ ក៍ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៍ត្រូវបានប្រព័ន្ឋផ្សព្វផ្សាយស្រង់សម្តីលោកចុះផ្សាយពាក់ព័ន្ឋបញ្ហាគ.ជ.ប ប្រសិនបើCNRP ត្រូវរំលាយដោយបញ្ជាក់ថា បញ្ហាទាក់ទងគ.ជ.ប គឺមានច្បាប់មួយដោយឡែក ហើយថាសមាសភាព គ.ជ.ប ទាំងនោះបានលាលែងចេញពីសមាជិកគណបក្សរួចហើយមុនចូលកាន់តំណែង។ ដូចនេះលោកថា ទោះគណបក្សសង្គ្រោះជាតិត្រូវរំលាយក៏សមាសភាពគ.ជ.បនៅរក្សាដដែល។
ការលើកឡើងរបស់លោក ជាម យៀប ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមជ្ឈដ្ឋានមួយចំនួនបានចោទសួរគ្នាទៅវិញទៅមកអំពីវាសនា គ.ជ.ប ប្រសិនបើតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ។ អ្នកខ្លះថា គ.ជ.ប ក៍ត្រូវរលាយដោយស្វ័យប្រវត្តិ ខ្លះថាមិនរលាយដោយសារសមាជិកគ.ជ.បទាំងអស់រក្សាតួនាទីអព្យាក្រឹត្យ បើទោះបីជាសមាសភាព០៩រូបមក គឺ០៤រូបមកពីគណបក្សកាន់អំណាច (CPP) ០៤រូបមកពីបក្សប្រឆាំង(CNRP)និង០១រូបមកពីសង្គមស៊ីវិលនោះក្តី ។
យ៉ាងណាក្តីការលើកឡើងរបស់លោកបណ្ឌិត ជាម យៀប ខាងលើនេះដែរ ក៍មិនទាន់មានប្រតិកម្មនៅឡើយដែរពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គិតត្រឹមវេលាម៉ោង១០និង១៩នាទីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ។
សមាសភាពគ.ជ.បទាំង០៩រូបដែលរដ្ឋសភាជាតិបានបោះឆ្នោតជាកញ្ចប់ផ្តល់សុពលភាពកាលពីខែមេសា ឆ្នាំ២០១៥នោះរួមមាន៖ខាងCPP គឺលោក ស៊ិក ប៊ុនហុក លោកឌុច សុន លោកមាន សទិ និងលោក ឯម សូផាត រីឯខាងCNRPនោះវិញរួមមាន៖លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន លោក ហ៊ីង ធីប្ញទ្ឋិ និងលោកស្រី តែ ម៉ានីរ៉ុង ។ ចំណែក០១រូបទៀតដែលមកពីសង្គមស៊ីវិលនោះ គឺលោក ហង្ស ពុទ្ឋា ៕