គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្សកាន់អំណាច​បាន​ប្រកាស​ថា​នឹង​ទទួលយក​អាសនៈ​ទាំងឡាយ​ណា​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​ការ​បែងចែក​របស់ គ​.​ជ​.​ប ប្រសិនបើ​គណបក្ស​ផ្សេង​ដែល​គ្មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ធ្វើ​ពហិការ​ទទួលយក​អាសនៈ​ទាំងនោះ​។

ការ​ថ្លែង​បែប​នេះ​របស់​គណបក្សកាន់អំណាច​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​ចំនួន ២ គឺ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក ខឹ​ម វាសនា និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​របស់​លោក ក្រ​វ៉ា​ញ ដា​រ៉​ន បាន​ប្រកាស​ពី​ជំហរ​ជំទាស់​ក្នុង​ការ​ទទួលយក​អាសនៈ​សភា​របស់​បក្ស​ប្រឆាំង​ដោយ​ចាត់​ទុក​ថា អាសនៈ​ទាំងនោះ «​គ្មាន​ន័យ​» និង​ជា​រឿង «​អយុត្តិធម៌​» ផ្ទុយ​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា​គណបក្សកាន់អំណាច​នឹង​ទទួលយក​អាសនៈ​សភា​សេសសល់​របស់​គណបក្សប្រឆាំង​ដែល​នឹង​ត្រូវ​រំលាយ​ចោល​ស្រប​តាម​ច្បាប់ ប្រ​សិន​គណបក្ស​ផ្សេង​ៗ​ទៀត​ដែល​អាច​ទទួល​បាន​អាសនៈ​ធ្វើ​ពហិការ​ទទួលយក​អាសនៈ​ទាំងនោះ​។

លោក​បាន​ហៅ​សេណា​រី​យោ​បែងចែក​អាសនៈ​ថា​ជា​ការ «​គោរព​ច្បាប់​»​។

លោក​ថ្លែង​ថា​៖ «​ហើយ​ក្នុង​ករណី​ដែល​គណបក្ស​ទាំងអស់ គេ​មិន​យក អាហ្នឹង​គឺថា​មាន​រូបមន្ត​គេ​បែងចែក បើ​បែងចែក​ទៅ​វា​ធ្លាក់​មក​លើ​គណបក្ស​ប្រជាជន​។ គណបក្ស​ប្រជាជន​ប្រកែក​មិនកើត ព្រោះ​អាហ្នឹង​ជា​ច្បាប់​តម្រូវ​ឲ្យ​។ អាហ្នឹង​យើង​មិន​អាច​និយាយ​ថា​ចង់បាន ឬ​មិន​ចង់បាន​ទេ ក៏​ប៉ុន្តែ​យើង​និយាយ​ពី​ការ​គោរព​ច្បាប់​»​។

លោក​បន្ថែម​ថា បើ​គណបក្ស​ប្រជាជន​មិន​ចង់បាន​អាសនៈ​ទាំងនោះ​ទេ ព្រោះ​បក្ស​កាន់​អំណាច​មាន​អាសនៈ​គ្រប់គ្រាន់​ក្នុង​សភា​ដើម្បី​អនុម័ត​ច្បាប់​ហើយ ប៉ុន្តែ​បើ​គណបក្ស​ទាំងនោះ​បដិសេធ​នោះ​បក្ស​របស់​ពួក​គេ​នឹង​ត្រូវ​ធីប​ចោល​ក្នុង​រូបមន្ត​បែងចែក​អាសនៈ​។

លោក ឥ​សាន ថ្លែង​ថា​៖ «​យើង​មិន​និយាយ​ពី​គណបក្ស​ប្រជាជន​ទេ យើង​និយាយ​ពី​គណបក្ស​ឈរឈ្មោះ​ក្នុង​មណ្ឌល​…​យើង​ចាំបាច់​ត្រូវ​តែ​អនុវត្ត​ច្បាប់​ក៏​ប៉ុន្តែ​ឲ្យ​ទៅ​ដណ្តើម​យក​អាសនៈ​គេ យើង​អត់​យក​ទេ​»​។

មាត្រា ១៣៨ ស្ទូ​ន​នៃ​សេចក្តី​ស្នើ​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ច្បាប់ ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ចែង​ថា «​ក្នុង​ករណី​ពុំ​មាន​គណបក្ស​នយោបាយ​ទទួលយក​អាសនៈ​ដែល​នៅ​ទំនេរ​របស់​គណបក្ស​នយោបាយ​ដែល​ប្រកាស​បោះបង់​ចោល​អាសនៈ ឬ​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្ស​នយោបាយ ឬ​ដែល​ត្រូវ​រំលាយ​ស្រប​តាម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ​ឲ្យ​ទៅ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​»​។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែង​ថា គ​.​ជ​.​ប នឹង​អនុវត្ត​តាម​ខ្លឹមសារ​ដែល​ច្បាប់​បាន​កំណត់​តែ​ថា គ​.​ជ​.​ប នៅ​មិន​ទាន់​បាន​ពិនិត្យ​ខ្លឹមសារ​ច្បាប់​នេះ​នៅឡើយ ខណៈ​វា​ទើបតែ​ឆ្លង​ផុត​រដ្ឋសភា​។

លោក​ថ្លែង​ថា​៖ «​គ​.​ជ​.​ប នឹង​ពិនិត្យ​ហើយ​អនុវត្ត​តាម​ខ្លឹមសារ​ហ្នឹង​នៅ​ពេល​ដែល​ព្រះករុណា​លោក​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ហើយ​»​។

លោក យឿ​ង សុធា​រ៉ា មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ខុមហ្វ្រែល យល់​ថា​ការ​បដិសេធ​ទទួលយក​អាសនៈ​សភា​សង្គ្រោះ​ជាតិ​របស់​គណបក្ស​ចំនួន ២ ខាងលើ វា​នឹង​ផ្តល់​ផលប្រយោជន៍​បន្ថែម​ទៀត​ទៅ​ឲ្យ​បក្ស​កាន់​អំណាច​ទៅ​វិញ​ទេ​។

លោក​ថា​៖ «​បើសិន​គណបក្ស​ដែល​គេ​គ្រោង​ផ្តល់​អាសនៈ​ដល់​គាត់ គាត់​មិន​ព្រមយក​ទៅ​វិញ អាសនៈ​ហ្នឹង​ចង់ ឬ​មិន​ចង់​គឺ​នឹង​យក​ទៅ​ឲ្យ​គណបក្សកាន់អំណាច ហើយ​ពេល​នោះ​អាសនៈ​របស់​គាត់​នឹង​កើន​បន្ថែម​ទៀត​»​។

លោក​ពន្យល់​បន្ថែម​ថា​៖ «​បើ​យោង​តាម​ការ​បកស្រាយ​របស់​គាត់​គឺថា​គណបក្សកាន់អំណាច នឹង​កើន​កៅអី​បន្ថែម​។ ហេតុ​អ្វី​កើន​បន្ថែម​ព្រោះ​នៅ​ក្នុង​បញ្ញត្តិ​ដែល​ចែង​អំពី​អាសនៈ​ដែល​ត្រូវ​បោះបង់​ចោល​…​បើ​គណនា​អាសនៈ​ដែល​ត្រូវ​បោះបង់​ចោល​គណបក្សកាន់អំណាច​ក៏​ទទួលយក​ដែរ បាន​ន័យ​ថា​សមាសភាព​គណបក្ស​គាត់​ក៏​ចូលរួម​គណនា​ដែរ​។ សមាសភាព​ចូលរួម​គណនា​អ៊ីចឹង ចង់​ឬ​មិន​ចង់ វា​ត្រូវ​តែ​កើនឡើង​ព្រោះ​មធ្យមភាគ​គាត់​ខ្ពស់​ជាងគេ​»​។

ទោះ​យ៉ាងណា​លោក សុធា​រ៉ា យល់​ថា​គោលបំណង​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​គឺ​ដើម្បី​បំពេញ​ភាព​ស្របច្បាប់​របស់​សភា និង​គេច​ចេញពី​ការ​ទិតៀន​របស់​សាធារណជន​ពី​ប្រព័ន្ធ​ឯក​បក្ស​នៅ​កម្ពុជា​។ «​ដូច្នេះ​ចង់ ឬ​មិន​ចង់ គណបក្ស (​ប្រជាជន​) ប្រើ​រូបមន្ត​បែប​ម៉េច​ដើម្បី​ឲ្យ​សភា​ហ្នឹង​ពហុបក្ស​»​។

យ៉ាងណា​ក៏​ដោយ​មាន​គណបក្ស​ចំនួន ៣ បាន​បង្ហាញ​ជំហរ​ទទួលយក​អាសនៈ​សភា​របស់​គណបក្សប្រឆាំង បើ​ត្រូវ​បាន​បែងចែក​ឲ្យ​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​។ គណបក្ស​ទាំងនោះ​រួម​មាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។

ទោះ​យ៉ាងណា​កាលពី​ថ្ងៃ​អង្គារ​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋសភា​ដែល​មាន​សុទ្ធតែ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​ចំនួន ៦៧ រូប​បាន​ធ្វើការ​អនុម័ត​ជា​ឯកច្ឆន្ទ​ទៅ​លើ​វិសោធនកម្ម​ច្បាប់​ចំនួន ៤ ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា​ខ្លួន​មិន​គាំទ្រ​ជា​ដាច់ខាត​ចំពោះ​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ចំនួន ៤ ដោយ «​រដ្ឋសភា​ឯក​បក្ស​» នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។

ក្រុម​តំណាងរាស្ត្រ​គណបក្សប្រឆាំង​បាន​ចាត់​ទុក​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​នេះ​ថា​គឺជា​ការ​រំលោភ​លើ​ឆន្ទៈ​ដែល​ជា​សិទ្ធិ​អំណាច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ធ្វើ​សេចក្តីសម្រេច​ជ្រើសរើស​តំណាងរាស្ត្រ​របស់​ខ្លួន​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​យ៉ាងធ្ងន់ធ្ងរ​ដែល​តំណាងរាស្ត្រ​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា ៥១ ថា «…​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន​។ អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ​»​។

នៅ​ចុងបញ្ចប់​នៃ​សេចក្តីថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ថា «​យើង​ជា​សមាជិក​រដ្ឋសភា ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ រាជធានី ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ នៅ​តែ​ជា​តំណាង​ស្របច្បាប់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​»៕

ប្រភព P POST

Comments

comments