សហរដ្ឋអាមេរិក​សំដែង​ការ​សោកស្ដាយ ចំពោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បន្ត​យក​បញ្ហា​មនុស្សធម៌ មក​ធ្វើ​ជា​រឿង​នយោបាយ ពាក់ព័ន្ធ​នឹង​គ្រាប់បែក​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក និង យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​របស់​អា​មេ​រិ​ក ដែល​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម យក​មក​ធ្វើ​ជា​បញ្ហា​ធំ​សម្រាប់​កម្ពុជា ហើយ​បន្ត​ផ្សព្វផ្សាយ​ឥត​ឈប់​ឈរ​។ អ្នកវិភាគ​ស្នើ​ថា បើ​លោក ហ៊ុន សែន និយាយ​ពី​សំណល់​សង្គ្រាម គាត់​គួរ​និយាយ​អំពី​គ្រាប់​មីន ដែល​វៀតណាម និង​ចិន ដាក់​រាយ​ប៉ាយ ស្ទើរ​គ្រប់កន្លែង​នៅ​កម្ពុជា​ផង​។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ចាត់​ទុក​ការ​ខំប្រឹង​យក​បញ្ហា​មនុស្សធម៌ មក​ធ្វើ​ជា​រឿង​នយោបាយ គឺជា​ការ​គួរ​ឲ្យ​សោកស្ដាយ​។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ស្ថានទូត​សហរដ្ឋអាមេរិក អះអាង​ថា អាជ្ញាធរ​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់​ស៊ី​ម៉ាក់ (CMAC) បានដឹង​ថា មាន​គ្រាប់បែក​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក នៅ​ទីតាំង​ក្នុង​ខេត្តស្វាយរៀង តាំង​តែ​ពី​យូរយារ​ណាស់​មក​ហើយ​។ ហើយ​ជឿជាក់​ថា អាជ្ញាធរ​កម្ពុជា ពិតជា​មាន​សមត្ថភាព និង​ធនធាន​ក្នុង​ការ​ដោះ និង​បំផ្លាញ​គ្រាប់បែក​ទាំងនោះ បាន​ដោយ​សុវត្ថិភាព និង​មិន​ប្រើ​ពេល​យូរ​ទេ ព្រោះ​អ្នកជំនាញ​ផ្នែក​យោធា​អា​មេ​រិ​ក បាន​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ក្នុង​ផ្នែក​គ្រាប់បែក​ឧស្ម័ន​នេះ ដល់​មន្ត្រី​ខ្មែរ រហូត​ដល់​ទៅ​ពីរ​លើក​ឯណោះ គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០១៥ និង​លើក​ទី​២ ក្នុង​ឆ្នាំ ២០១៦​។ មិនតែប៉ុណ្ណោះ មន្ត្រី​យោធា​អា​មេ​រិ​ក បាន​ប្រគល់​ឧបករណ៍​មួយ​ឈុត​គ្រប់គ្រាន់ ដើម្បី​ប្រតិបត្តិការ​ដោះ និង​បំផ្លាញ​គ្រាប់បែក​ឧស្ម័ន​ប្រភេទ​នេះ ទៅ​ដល់​កង​យោធពលខេមរភូមិន្ទ រួច​ហើយ​ដែរ​។

ប្រតិកម្ម​របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​ពេល​នេះ ធ្វើ​ឡើង​ភ្លាម​ៗ ជា​ការ​ឆ្លើយ​តប ទៅ​នឹង​សារ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បន្ត​វាយប្រហារ​ខ្លាំង​ៗ និង​ឥត​ឈប់​ឈរ មក​លើ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ដែល​បាន​កើតឡើង​នៅ​កម្ពុជា​តាំងពី​ជាង ៤០​ឆ្នាំ​មុន​។ ថ្លែង​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា រក​សំឡេង​ឆ្នោត​ពី​កម្មករ​រោងចក្រ​កាត់ដេរ នៅ​មុន​រដូវ​កាល​យុទ្ធនាការ​បោះ​ឆ្នោត​ចូល​មក​ដល់ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី ១៧ ខែតុលា ចាត់​ទុក​គ្រាប់បែក​ឧស្ម័ន បង្ហៀរ​ទឹកភ្នែក​ទាំងនោះ ថា ជា​គ្រាប់បែក​គីមី ដែល​ប៉ះពាល់​ដល់​សុខភាព​កុមារ ក្នុង​តំបន់​នោះ​៖ «​ជា​សោកនាដកម្ម នៅ​ស្រុក​ខ្មែរ តើ​គេ​មាន​ដែល​គិត​ពី​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឬទេ0x017d7​»​។

កាលពី​ថ្ងៃ​ទី​១៧ ខែតុលា រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា បាន​រក​ឃើញ​មនុស្ស​ចំនួន ១៩​នាក់ មាន​រោគ​សញ្ញា​រមាស់​លើ​ដងខ្លួន និង​មាន​ភាព​មិន​ប្រក្រតី​លើ​រាយ​កាយ ហើយ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​មន្ទីរពេទ្យ​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង ថា បាន​រក​ឃើញ​ក្មេង ៣​នាក់ កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​កើតមក​ខុស​ប្រក្រតី ហើយ​លោក​អះអាង​ថា អាច​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​ពី​ការ​សាយភាយ​គ្រាប់បែក ដែល​លោក​ហៅ​ថា​ជា​គ្រាប់បែក​គីមី​ទាំងនេះ​។

ទោះបីជា លោក ហ៊ុន សែន និង​លោក ម៉​ម ប៊ុ​ន​ហេង ចាត់​ទុក​គ្រាប់បែក​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​ទាំងនោះ ថា ជា​អាវុធ​គីមី​យ៉ាងណា​ក្តី ស្ថានទូត​សហរដ្ឋអាមេរិក បំភ្លឺ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​នេះ ថា​គ្មាន​ភស្តុ​តាង​ឯណា​មួយ រក​ឃើញ​ថា គ្រាប់បែក​ឧស្ម័ន​ទាំងនេះ មាន​ផល​ប៉ះពាល់ ដល់​សុខភាព​យូរអង្វែង ឬ​ធ្វើ​ឲ្យ​ទារក​កើតមក​មិន​គ្រប់លក្ខណៈ​នោះ​ទេ​។ ប្រសិនបើ​ប៉ះពាល់​ដល់​សុខភាព​មែន អាជ្ញាធរ​នៅ​ប្រទេស​ជា​ច្រើន រួម​ទាំង​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក​ផង ច្បាស់​ជា​មិន​អនុញ្ញាត ឲ្យ​ប្រើប្រាស់​គ្រាប់បែក​ឧស្ម័ន​ប្រភេទ​នេះ​ទេ​។ ស្ថានទូត​សហរដ្ឋអាមេរិក អះអាង​ទៀត ថា​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក​នេះ ទោះជា​មានការ​ខ្វែងយោបល់គ្នា ក្នុង​ការ​ប្រើប្រាស់​វា​យ៉ាងណា​ក្ដី ក៏​គេ​មាន​នីតិវិធី​ច្បាស់លាស់ ត្រឹមត្រូវ ដើម្បី​ដោះ ឬ​បំផ្លាញ​វា​ចោល​ដោយ​សុវត្ថិភាព​។

លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១១ ខែតុលា ពេល​ចុះ​ជួប​កម្មករ​រោងចក្រ​នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ក៏​មិន​ភ្លេច​ចំអក​ដាក់​សហរដ្ឋអាមេរិក ថា មិន​ដែល​ជួយ​យក​គ្រាប់បែក​ទៅ​វិញ​ទេ​។ លោក​ឆ្លៀត​យក​ឱកាស​នោះ ផ្ដល់​ភាព​យុត្តិធម៌​ដល់​រូប​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្សប្រឆាំង ដោយ​ចាត់​ទុក​ការ​ចាប់ចង​លោក កឹ​ម សុខា និង​ការ​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​បែប​នេះ ថា មិនអាក្រក់​ដូច​អ្វី ដែល​អា​មេ​រិ​ក ធ្លាប់​ធ្វើ​មក​លើ​ប្រទេស​កម្ពុជា កាលពី​ជាង ៤០​ឆ្នាំ​មុន​នោះ​ទេ​៖ «​កុំមក​គិតតែ​ទារ​យក​ឆ្អឹង​ខ្មោច គិត​ពី​យក​គ្រាប់បែក​គីមី​ទៅ​វិញ​ផង​។ យើង​ប្រើ​ច្បាប់​ការពារ​ជាតិ និង​សន្តិសុខ​ជាតិ គេ​ថា​យើង​រំលោភសិទ្ធិ​មនុស្ស​»​។

មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ធ្លាប់​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ស្នើ​ឲ្យ​អា​មេ​រិ​ក​ជួយ​ដោះស្រាយ​បញ្ហា​គ្រាប់បែក​នេះ​ទេ ហើយ​ថា កម្ពុជា​អាច​ប្រើប្រាស់​ថវិកា របស់​អា​មេ​រិ​ក ដែល​ត្រៀម​សម្រាប់​ដោះ​មីន ដើម្បី​យក​ទៅ​ដោះស្រាយ​បញ្ហា​គ្រាប់​បែប​ទាំងនេះ​បាន​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ទម្លាក់​គ្រាប់បែក ដោយ​សហរដ្ឋអាមេរិក​នេះ​ដែរ លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ ធ្លាប់​អះអាង​ប្រាប់​អាស៊ី​សេរី​ថា រដ្ឋាភិបាល​នៃ​របប​រាជា​និយម ដែល​ដឹកនាំ​ដោយ​អតីត​ព្រះ​មហា​វីរៈក្សត្រ ព្រះបាទ នរោត្តម សីហ​នុ ក្នុង​ទស​វត្ស​ឆ្នាំ​១៩៦៩ ក៏​ធ្លាប់​ជា​អ្នក​បើកដៃ ឲ្យ​សហរដ្ឋអាមេរិក​ទម្លាក់ គ្រាប់បែក​មក​លើ​ទាហាន​កុ​ម្មុ​យ​និ​ស្ត​យៀកកុង វៀតណាម​ខាងជើង ដោយសារ​តែ​ពេល​នោះ ពួក​គេ​មិន​ព្រម​ទទួលស្គាល់​អាជ្ញាធរ​ខ្មែរ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន នៅ​ភូមិភាគ​ឦសាន ដូច​ជា​ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ឬ​ខេត្តស្ទឹងត្រែង ដែល​ជាប់​ព្រំដែន​ជាមួយ​វៀតណាម​។ ចំណែក​នៅ​ឆ្នាំ​១៩៧០ រដ្ឋាភិបាល​របស់​លោក​សេនាប្រមុខ លន់ ណុ​ល ក៏​បាន​បើកដៃ អោយ​សហរដ្ឋអាមេរិក ទម្លាក់​គ្រាប់បែក លើ​កងទ័ព​វៀតណាម​កុ​ម្មុ​យ​និ​ស្ត​យៀកកុង របស់​វៀតណាម​ខាងជើង ដែល​ចូល​មក​ផ្ដួលរំលំ របប​ដឹកនាំ​របស់​លោក លន់ ណុ​ល ដែរ​។ លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ បន្ត​ថា ការ​ទម្លាក់​គ្រាប់បែក​របស់​អា​មេ​រិ​ក​នៅ​ពេល​នោះ សុទ្ធតែ​មានការ​អនុញ្ញាត ដោយ​រដ្ឋាភិបាល​កម្ពុជា​ទាំងអស់​។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​នេះ ស្ថានទូត​អា​មេ​រិ​ក​បញ្ជាក់​ថា ខ្លួន​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​ដោះស្រាយ​បញ្ហា ដែល​ជា​កេរដំណែល​របស់​ខ្លួន ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម និង​បញ្ជាក់​អំពី​ឆន្ទៈ​ដែល​ឥត​ប្រែប្រួល​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​ទទួលយក​មក​ពិចារណា នូវ​សំណើ​ដែល​ប្រកបដោយ​ភាព​ស្មោះស ពី​រដ្ឋាភិបាល​កម្ពុជា ប្រសិនបើ​ចង់​សុំ​ឲ្យ​សហរដ្ឋអាមេរិក​ជួយ​ពិតមែន​នោះ​។

ជា​ចុង​ក្រោយ សហរដ្ឋអាមេរិក​បញ្ជាក់​ថា ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​កន្លង​មកនេះ រដ្ឋាភិបាល​អា​មេ​រិ​ក បាន​ចំណាយ​ថវិកា មិន​តិច​ជាង ១៣១ លាន​ដុល្លារ​សហរដ្ឋអាមេរិក​នោះ​ទេ ដើម្បី​ជួយ​រុករក និង​សម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​។ ថវិកា​មួយ​ភាគ​ធំ បាន​យក​ទៅ​ប្រើប្រាស់ សម្រាប់​ដោះ​មីន​របស់​ចិន សូ​វៀត និង​វៀតណាម នៅ​ភាគ​ខាងលិច​ប្រទេស គឺ​នៅ​តាម​ចម្ការ​មីន​ដែល​មាន​គ្រោះថ្នាក់ ១០​ដង​លើស​គ្រាប់បែក ដែល​ទម្លាក់​ដោយ​អា​មេ​រិ​ក​ទៅ​ទៀត​។ ប្រតិបត្តិការ​នេះ បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន និង​ជួយ​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ផង​ដែរ​។ សហរដ្ឋអាមេរិក សង្ឃឹមថា អាច​វិល​ត្រឡប់​ទៅ​រក​កិច្ចសហការ​ក្នុង​កិច្ចការ​នេះ ជា​បន្ត​ទៀត ក្នុង​ពេល​ឆាប់​ៗ​នេះ​។

អ្នកវិភាគ​លើក​ឡើង​ថា ការ​បន្ត​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល ស្រប​ពេល​ដែល​លោក ហ៊ុន សែន តែងតែ​ប្រកាស អំពី​គ្រាប់បែក​ឧស្ម័ន​របស់​សហរដ្ឋអាមេរិក​ដូច្នេះ គឺជា​ផែនការ​មួយ របស់​លោក​ហ៊ុន សែន ដែល​ឥលូវ​នេះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​ចាត់ទុកជា​មេដឹកនាំ​ផ្ដាច់​ការ​នោះ កំពុង​ធ្វើ​យុទ្ធនាការ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្អប់​សហរដ្ឋអាមេរិក ខណៈ​ដែល​លោក​កំពុង​តែ​ងាក​ទៅ​រក​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​ចិន​៕

ប្រភព RFA

Comments

comments