យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ICJ ដែល​ទើបតែ​បាន​ចេញផ្សាយ​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​ថា​ប្រព័ន្ធ​តុលាការ​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​កណ្តាប់ដៃ​ដែក​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក​ហើយ​នីតិរដ្ឋ​ស្ទើរតែ​គ្មាន​វត្ត​មាននៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​នោះ​ទេ​។

អ្នក​ដែល​ចេញ​របាយការណ៍​នោះ​បាន​សរសេរ​ថា​៖ «​បញ្ហា​ធំ​បំផុត​តែ​មួយ​គត់​ដែល​ប្រឈម​នឹង​ប្រព័ន្ធ​យុ​តិ្ត​ធម៌​កម្ពុជា​គឺ​កង្វះ​ចៅក្រម ព្រះរាជអាជ្ញា​ដែល​ឯករាជ្យ និង​មិន​លម្អៀង​»​។

របាយការណ៍​បាន​អះអាង​ថា​ប្រទេស​កម្ពុជា មាន​កាតព្វកិច្ច​អនុវត្ត​ច្បាប់​អន្តរជាតិ និង​ច្បាប់​ក្នុង​ប្រទេស​ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​មើល​រំលង​ដោយ​ប្រព័ន្ធ​តុលាការ​។

ចំណុច​នេះ​គេ​បាន​សរសេរ​ថា រួម​បញ្ចូល​ទាំង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មិន​ត្រឹមត្រូវ​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ឧទាហរណ៍​មួយ​គឺថា​កិច្ចប្រជុំ​របស់​គណបក្សកាន់អំណាច​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​បាន​ពិភាក្សា​ដើម្បី​បង្វែរ​ប្រព័ន្ធ​ច្បាប់​ឲ្យ​ស្រប​តាម​ការ​ចង់បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

«​សកម្មភាព​ទាំងអស់​នៃ [​ការ​ប្រើប្រាស់​សំណុំរឿង​តុលាការ​] អាច​ជា​ផ្នែក​មួយ​នៃ​ផែនការ​ដែល​បាន​រៀបចំ​ដោយ​ប្រុង​ប្រយ័ត្ន​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​ដែល​បាន​បង្ហាញ​ពី​ចេតនា​របស់​គណបក្ស​នេះ​ដើម្បី​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ​តាម​មធ្យោបាយ​ផ្សេង​ៗ និង​ការ​អនុវត្ត​ច្បាប់​បន្ថែម​ដែល​ជា​សម្ពាធ​ដល់​ប្រព័ន្ធ​តុលាការ​»​។

របាយការណ៍​បញ្ជាក់​ថា ជា​ការ​ពិត​ណាស់​ម្តង​ហើយ​ម្តងទៀត​រដ្ឋាភិបាល​បាន​កែសម្រួល​ច្បាប់ មុន​ពេល​យក​មក​អនុវត្ត​ដើម្បី​ធ្វើ​ឲ្យ​សកម្មភាព​ដ៏​ចម្រូងចម្រាស​មាន​លក្ខណៈ​ត្រឹមត្រូវ​ដែល​មាន​រួម​ទាំង​វិធានការ​កាលពី​ពេល​ថ្មី​ៗ​នេះ​ក្នុង​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​វិធានការ​មួយ​ចំនួន​ទៀត​ដែល​បាន​ផ្ដោត​ទៅ​លើ​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​។

ICJ ក៏​បាន​លើក​ឡើង​អំពី​ការ​កំណត់​គោលដៅ​ដោយ​ប្រើប្រាស់​ពាក្យបណ្តឹង​ចំពោះ​អ្នកកាសែត និង​បញ្ហា​និទ្ទណ្ឌភាព​ផង​ដែរ ជា​ពិសេស​ក្នុង​ករណី​របស់​អ្នកវិភាគ​នយោបាយ​គឺ​លោក កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ ដែល​ករណី​ឃាតកម្ម​នេះ​ត្រូវ​បាន​គេ​ជឿ​ជា​ទូទៅ​ថា​ជា​រឿង​នយោបាយ​។

អ្នកនាំពាក្យ​ក្រសួង​យុ​តិ្ត​ធម៌​លោក ជិន ម៉ា​លី​ន បាន​ច្រានចោល​របាយការណ៍​នេះ​ដោយ​ថ្លែង​ថា​វា​មាន​ភាព​លម្អៀង​។

លោក​មាន​ប្រសាសន៍​ថា​៖ «​វា​ជា​រឿង​នយោបាយ​ដើម្បី​បង្ខូចឈ្មោះ​រាជរដ្ឋាភិបាល​។ ក្រុម​នេះ​បាន​ធ្វើការ​សិក្សា និង​វាយតម្លៃ​ផ្អែក​ទៅ​លើ​ព័ត៌មាន​តែ​ម្ខាង​។ ជា​ពិសេស​ពួក​គេ​មិន​បាន​ធ្វើការ​ជាមួយ​ស្ថាប័ន​តុលាការ​ពាក់ព័ន្ធ ឬ​រាជរដ្ឋាភិបាល​នោះ​ទេ​»​។

យោង​តាម​វិធីសាស្ត្រ​កត់ត្រា​ក្នុង​របាយការណ៍​នោះ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សម្ភាស​មេធាវី​ព្រះរាជអាជ្ញា​ចៅក្រម​មន្ត្រី​ក្រសួងយុត្តិធម៌ និង​តំណាង​គណៈមេធាវី​ដែល​មាននៅ​ក្នុង​ចំណោម​អ្នក​ដទៃ​ផ្សេង​ៗ​ទៀត​។

លោក Kingsley Abbott ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ច្បាប់​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​របស់ ICJ បាន​ថ្លែង​ពី​ម្សិលមិញ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​បាងកក​ថា​រដ្ឋាភិបាល​បាន​ប្រើប្រាស់​នីតិរដ្ឋ​ដើម្បី​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​គាបសង្កត់​។

លោក Abbott បាន​អំពាវនាវ​ឱ្យ​រដ្ឋ​ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​សន្តិភាព​ទី​ក្រុងប៉ារីស​កោះ​ប្រជុំ​នៅ​ក្រោម​មាត្រា ២៩ នៃ​កិច្ចព្រមព្រៀង​ដែល​ត្រូវ​អនុវត្ត​ក្នុង​ករណី​មានការ​រំលោភ​បំពាន ឬ​គំរាមកំហែង​លើ​កិច្ចព្រមព្រៀង​នោះ​ដែល​តម្រូវ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា និង​រដ្ឋាភិបាល​ត្រូវ​គោរព​សិទ្ធិ​មនុស្ស​។

លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​នៅ​ឯ​សន្និសីទ​នោះ​ដែរ​ថា​ការ​កើន​អាសនៈ​របស់​បក្ស​ប្រឆាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​កាលពី​ខែមិថុនា ក្នុងឆ្នាំនេះ​វា​បាន​ក្លាយទៅជា​ចំណុច​របត់​មួយ​។

លោក​ថ្លែង​ថា​៖ «​វា​ហាក់បីដូចជា​នៅ​ទីបំផុត​ផែនការ​យូរអង្វែង​របស់​គណបក្ស​ប្រជាជន​បាន​លេចឡើង​ទាក់ទង​ទៅ​នឹង «​បដិវត្តន៍​ពណ៌​» ក្លែងបន្លំ​ដែល​ពួក​គេ​កំពុងនិយាយ​»​។

លោក​ថ្លែង​ថា​៖ «​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​កើតឡើង ហើយ​ប្រសិនបើ​វា​កើតឡើង​មែន​នោះ ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នឹង​ក្លាយជា «​រឿង​គួរ​ឲ្យ​អស់សំណើច​មួយ​»​។

តាម​រយៈ​អ៊ីមែល​មួយ​លោក​ក៏​បាន​អំពាវនាវ​ផង​ដែរ​ថា​ការ​ដាក់​ទណ្ឌកម្ម​កម្ពុជា គួរតែ​កើតឡើង​។

លោក​ថ្លែង​ថា​៖ «[​សហភាព​អឺរ៉ុប​] និង​ប្រទេស​ជប៉ុន​ភ្លាម​ៗ​គួរតែ​កាត់​ជំនួយ​ដែល​មាន​ស្រាប់ និង​ជំនួយ​នា​ពេល​អនាគត​របស់​ពួក​គេ​សម្រាប់​ការ​បោះ​ឆ្នោត …​ហើយ​ប្រកាស​ជា​សាធារណៈ​ថា​ការ​រំលាយ​គណបក្សប្រឆាំង​ដ៏​សំខាន់​នេះ​នឹង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​មិន​សេរី និង​យុត្តិធម៌​នោះ​ទេ​»​។

លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា សហរដ្ឋអាមេរិក​គួរ​ពិចារណា​ដាក់​ទណ្ឌកម្ម​គោលដៅ​ប្រឆាំង​នឹង​រដ្ឋាភិបាល​គណបក្ស​ប្រជាជន និង​មន្ត្រី​យោធា​ផ្សេង​ៗ​ទៀត​ប្រសិនបើ​ស្ថានការណ៍​នៅ​បន្ត​កាន់តែ​អាក្រក់​។

លោក​បញ្ជាក់​ថា​៖ «​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរការ​រឹបអូស​ទ្រព្យសម្បត្តិ​នៅ​សហរដ្ឋអាមេរិក និង​ការ​ធ្វើ​ឲ្យ​បាត់បង់​សមត្ថភាព​ធ្វើ​ជំនួញ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ អា​មេ​រិ​ក​ទាំង​អស់នេះ​គឺជា​ចំណាត់ការ​ដ៏​ធ្ងន់ធ្ងរ​ប៉ុន្តែ​ពួក​គេ​សម​នឹង​ទទួល​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេ​រំលាយ​ហើយ​ស្ថានភាព​នៅ​បន្ត​កាន់តែ​អាក្រក់​នោះ​»​។

អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ី​ផា​ន ហាក់​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​អំពាវនាវ​ឲ្យ​មានការ​ដាក់​ទណ្ឌកម្ម​នេះ​ទេ​ដោយ​លោក​លើក​ហេតុផល​ថា​រដ្ឋាភិបាល​កម្ពុជា​គ្មាន​ឥទ្ធិពល​លើ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ទាក់ទង​ទៅ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​។ លោក​បញ្ជាក់​ថា​៖ «​យើង​គឺជា​រដ្ឋ​អធិបតេយ្យ​។

យើង​ត្រូវធ្វើ​នូវ​អ្វី​ដែល​យើង​ត្រូវធ្វើ​»​។ ពួក​គេ​ធ្វើ​នូវ​អ្វី​ៗ​ដែល​ពួក​គេ​ចង់​ធ្វើ​»​។

លោក ផៃ ស៊ី​ផា​ន បាន​ថ្លែង​ថា លោក​មិន​ខ្វល់​អំពី​ទ្រព្យសម្បត្តិ​របស់​លោក​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ​។ លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ពុក​រលួយ​… ទ្រព្យសម្បត្តិ​របស់ខ្ញុំ​គឺជា​ទ្រព្យសម្បត្តិ​របស់ខ្ញុំ​»៕

ប្រភព P POST

Comments

comments