បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ ដែល​ចំ​នឹង​ថ្ងៃ​ប្រសូត​របស់​ព្រះ​បរម​រតន​កោដ្ឋ (​សម្តេចឪ​នរោត្តម​សីហ​នុ​) តុលាការ​កំពូល​នឹង​បើក​សវនាការ​លើ​បណ្តឹង​សារទុក្ខ​របស់​មេធាវី​លោក កឹ​ម សុខា ប្រឆាំង​នឹង​ការ​ឃុំខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ ។

បើ​យោង​តាម​លិខិត​អញ្ជើញលោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា របស់​មហាអយ្យការ​អម​តុលាការ​កំពូល ចុះ​ថ្ងៃ​ទី​១៩ ខែតុលា និង​ចុះហត្ថលេខា​ដោយ​អគ្គ​ព្រះរាជអាជ្ញា​រង លោក អ៊ុ​ក គឹ​មសិ​ទ្ឋិ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា​នោះ​រួម​មាន​៖​លោក ឃឹម ប៉ុណ្ណ ជា​ប្រធាន ,​លោក សាលី ធា​រ៉ា ,​លោក ទី ណេ​ង ,​លោក សេង នាង ,​លោក អឿ​ង សៀង ជា​ចៅក្រម​ប្រឹក្សា​នៃ​ក្រុមប្រឹក្សា​ជំនុំជម្រះ ។

ក្រុម​មេធាវី​ការពារ​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេចចិត្ត​ដាក់​បណ្ដឹង​សារទុក្ខ ប្រឆាំង​សាលដីកា​សាលាឧទ្ធរណ៍ ដែល​តម្កល់​ដីកា​សម្រេច​ឃុំខ្លួន​លោក កឹ​ម សុខា របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជា​បានការ​ដដែល​។ នៅ​ថ្ងៃ​សវនាការ មុន​អង្គសេចក្ដី កាលពី​ថ្ងៃ​ទី ២៦ ខែ កញ្ញា ក្រុម​មេធាវី​របស់​លោក កឹ​ម សុខា បាន​ដើរ​ចេញពី​បន្ទប់​សវនាការ​នៃ​សាលាឧទ្ធរណ៍​ព្រម​គ្នា ដោយសារ​ការ​ជំនុំជម្រះ​នៅ​ពេល​នោះ ពុំ​មាន​វត្តមាន​មេ​បក្ស​ប្រឆាំង​ចូលរួម​។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ម៉ោងជាង ១២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា គឺ​ប្រមាណ​ជាង ៣​ម៉ោង​បន្ទាប់​ពី​សារព័ត៌មាន ហ្វ្រែ​ស​ញូ​វ (Fresh News) ដែល​គាំទ្រ​រដ្ឋាភិបាល បាន​ផ្សព្វផ្សាយ​វី​ដេ​អូ ឃ្លី​បទ​ទួល​បាន​ពី​ម្ចាស់​ហ្វេ​ស​ប៊ុ​ក (Facebook) ឈ្មោះ​កូន​ខ្មែរ ដែល​សារព័ត៌មាន​មួយ​នេះ​អះអាង​ថា​ជា​របស់​លោក កឹ​ម សុខា​។

វី​ដេ​អូ​ឃ្លី​ប​មាន​រយៈពេល​ជាង ១៣​នាទី​ដែល​សារព័ត៌មាន​ហ្វ្រែ​ស​ញូ​វ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​បណ្ដាញសារព័ត៌មាន​មួយ​នេះ​អះអាង​ថា គឺជា​វី​ដេ​អូ​ដែល​លោក កឹ​ម សុខា បាន​ថ្លែង​នៅ​ប្រទេស​អូស្ត្រាលី តាំងពី​ខែធ្នូ ឆ្នាំ​២០១៣ ពោល​គឺ ៥​ខែ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥​។

នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​នោះ​គេ​ឃើញ​រូប​របស់​លោក កឹ​ម សុខា ដែល​ឈរ​ថ្លែង​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​មួយ​ចំនួន ប៉ុន្តែ​ថា​តើ​សំឡេង​នោះ​ជា​របស់​លោក កឹ​ម សុខា ឬ​ជា​សំឡេង​កាត់ត ឬ​យ៉ាងណា​នោះ​ទេ ខណៈ​ដែល​អាស៊ី​សេរី នៅ​ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក កឹ​ម សុខា និង​មន្ត្រី​បក្ស​ប្រឆាំង​បាន​នៅឡើយ​នោះ​ទេ​នៅ​ក្រោយ​ការ​ចាប់ខ្លួន​នេះ​។

ខ្លឹមសារ​ដែល​សារព័ត៌មាន​ហ្វ្រែ​ស​ញូ​វ​អះអាង​ថា​ជា​ការ​ថ្លែង​របស់​លោក កឹ​ម សុខា ដែល​ឈាន​ដល់​ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ គឺ​និយាយ​ពី​ការ​ដែល​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​តស៊ូ ២០​ឆ្នាំ​ហើយ​ដើម្បី​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ឈរ​លើ​គោលការណ៍​ច្បាស់លាស់ និង​ជា​ការ​សន្សំ​ការ​តស៊ូ​ជា​យូរណាស់​មក​ហើយ ហើយ​ថា​ការ​ដែល​ពលរដ្ឋ​ក្រោក​ឡើង​ប្រឆាំង​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ក្រោយ​​ការ​បោះ​ឆ្នោត​នោះ គឺ​កើតឡើង​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​របស់​អ្នកប្រឆាំង​៖ «​ខ្ញុំ​សូម​បញ្ជាក់​ជូន​បងប្អូន​ថា​ម៉េច​ជា​ដល់​ថ្ងៃនេះ ប្រជាពលរដ្ឋ​ខ្មែរ​ងើបឡើង​យ៉ាងច្រើន​កុះករ​រាប់​លាន​អ្នក លែង​ខ្លាច​ហើយ​ហ៊ាន ហើយ​បាន​យល់​ដឹង​ហើយ​បាន​បញ្ចេញ​នូវ​ទស្សនៈ​ល្អ​ៗ តើ​ដោយសារ​អី មិនមែន​ដោយសារ​តែ​ទើប​មួយ​ខែ​ឃោសនា​ហ្នឹង​ឬ​មួយ​ថ្ងៃនេះ​ទេ គឺ​ខ្ញុំ​សន្សំ ២០​ឆ្នាំ​ហើយ​បងប្អូន តាំងពី​ឆ្នាំ​១៩៩៣ ដែល​ខ្ញុំ​ជាប់​តំណាងរាស្ត្រ​ដំបូង រដ្ឋាភិបាល​អា​មេ​រិ​ក គឺ​គេ​ហៅ​ខ្ញុំ​ទៅ​ស្រុក​អា​មេ​រិ​ក មុនគេ​បង្អស់​ក្នុង​នាម​អ្នកនយោបាយ​ខ្មែរ ដើម្បី​ឲ្យ​យល់​ពី​ដំណើរការ​ប្រជាធិបតេយ្យ ១​ឆ្នាំ ខ្ញុំ​ទៅ​ម្តង​ៗ​តាំងពី ៩៣ រហូត​ចុង​ក្រោយ​នេះ ក៏​គេ​បាន​សម្រេច​ថា​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា មានការ​ផ្លាស់​ប្ដូរ​នោះ គេ​ត្រូវ​ឲ្យ​ខ្ញុំ​ដកខ្លួន​ចេញពី​នយោបាយ​មួយ​គន្លាក់​សិន​។ ខ្ញុំ​ក៏​លាឈប់​ពី​នយោបាយ ពី​គណបក្ស​នយោបាយ​ដែល​ខ្ញុំ​ធ្លាប់​នៅ នៅ​ឆ្នាំ​២០០២ ដើម្បី​បង្កើត​អង្គការ​មួយ​ឈ្មោះ​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​។ តើ​គេ​ឲ្យ​បង្កើត​ដើម្បី​អី?គេ​ថា​ដើម្បី​ផ្តួល​មេដឹកនាំ​ផ្ដាច់​ការ​។ យើង​មិន​អាច​ទៅ​ជល់​ខាងលើ​ទេ មុន​នឹង​ដូរ​ខាងលើ​បាន យើង​ត្រូវ​គាស់​អា​ក្រោម​សិន ទាល់តែ​ដូរ​ពីក្រោម​ទៅ​មុន ជា​យុទ្ធសាស្ត្រ​នយោបាយ​ប្រទេស​ប្រជាធិបតេយ្យ​គេ​ធ្វើ ហើយ​សហរដ្ឋអាមេរិក ដែល​គេ​ជួយ​ខ្ញុំ​នេះ គេ​ឲ្យ​ខ្ញុំ​យក​ម៉ូ​ឌែ​លតា​ម​នៅ​ប្រទេស​យូ​ហ្គោ​ស្លា​វី នៅ​ស៊ែ​បី ដែល​គេ​ប្តូរ​មេដឹកនាំ​ផ្ដាច់​ការ​មី​ឡូ​សូ​វិច បាន​នោះ មី​ឡូ​សូ​វិច រថក្រោះ​សម្បើម​ណាស់​បងប្អូន​! ប៉ុន្តែ​គេ​ដូរ​បាន​ដោយសារ​គេ​ធ្វើ​យុទ្ធសាស្ត្រ​ហ្នឹង ហើយ​គេ​យក​បទ​ពិសោធន៍​ហ្នឹង​ឲ្យ​ខ្ញុំ​ធ្វើ​នៅ​ស្រុក​ខ្មែរ តែ​អត់​មាន​នរណា​ដឹង​ទេ ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​ដោយសារ​ថ្ងៃនេះ​យើង​ឈាន​ដល់​ជោគជ័យ​មួយ​ដំណាក់​ហើយ​។ ខ្ញុំ​ត្រូវ​តែ​ប្រាប់​បងប្អូន​ឲ្យ​ដឹង ហើយ​នៅ​បន្ត​ទៀត​ជោគជ័យ យើង​ទទួល​បាន​ឲ្យ​តែ​យើង​ដើរ​តាម បើ​យើង​ធ្វើ​ឆុងឆាំង អាង​ច្បាំង អាង​កាប់ អាង​ចាក់ យើង​យក​ក្បាល​យើង​ជល់​ថ្ម តើ​វា​បែកក្បាល ឬ​បែក​ថ្ម?វា​បែកក្បាល​»​។

លើស​ពី​នេះ សំឡេង​ថ្លែង​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​ដដែល​បាន​លើក​ឡើង​នូវ​ពាក្យ​ដូរ ឬ​មិន​ដូរ ដែល​បក្ស​ប្រឆាំង​តែង​ប្រើ​នៅ​ក្នុង​បាតុកម្ម​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ហើយ​ថា​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ បក្ស​ប្រឆាំង​នឹង​ឆ្លាក់​សារ​នយោបាយ​ដូរ​ឬ​មិន​ដូរ និង​លេខ​៧ ដែល​ជា​លេខ​រៀង​របស់​គណបក្ស​ដ៏​ធំ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ដើម្បី​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ ផ្លាស់​ប្ដូរ​នៅ​កម្ពុជា​។ ក្រៅពី​នេះ ក៏​មានការ​ថ្លែង​ពី​ការ​ចុះ​ពន្យល់​ពលរដ្ឋ​អំពី​លទ្ធិប្រជាធិបតេយ្យ​ចាប់តាំងពី​ឆ្នាំ​២០០២ មក និង​ពី​សហរដ្ឋអាមេរិក ផ្ដល់​ជំនួយ​ដើម្បី​ជួល​ប៉ុស្តិ៍​វិទ្យុ​ដើម្បី​ផ្សាយ​អប់រំ​ពលរដ្ឋ ហើយ​ថា​ដោយសារ​តែ​ការ​អប់រំ​នេះ​ហើយ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ឆ្លាត​ជាង​លោក ហ៊ុន សែន ទៅ​ទៀត​៖ «​តើ​យុទ្ធសាស្ត្រ​របស់​យើង​យុទ្ធសាស្ត្រ​អី​ដែល​ខ្ញុំ​បាន​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​របស់​ខ្មែរ​យើង គឺ​គ្រោះថ្នាក់​របស់​ខ្មែរ​ដោយសារ​អី គឺ​ខ្លៅ ខ្លាច ឃ្លាន នេះ​ជា​យុទ្ធសាស្ត្រ ហើយ​ខ្ញុំ​នឹង​សរសេរ​សៀវភៅ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ដាច់ ហើយ​បាន​ជោគជ័យ​មែន​។ ខ្ញុំ​នឹង​ចេញ​សៀវភៅ​មួយ មិនមែន​ធម្មតា​ទេ​បងប្អូន​! ខ្ញុំ​អត់​មាន​ធ្វើ​តាម​ខ្ញុំ​នឹកឃើញ​ទេ គឺ​មាន​អ្នក​ជំនាញការ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តុ​ន ឌី​ស៊ី នៅ​ទីក្រុង​ម៉ុង​ត្រេ​អាល នៅ​ប្រទេស​កា​ណា​ដា ដែល​អា​មេ​រិ​កាំ​ង គេ​ជួល​មក​ដើម្បី​ធ្វើការ​ផ្តល់​មតិ​ឲ្យ​ខ្ញុំ​របៀប​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្លាស់​ប្ដូរ​មេដឹកនាំ​ផ្ដាច់​ការ​នៅ​ស្រុក​ខ្មែរ ហើយ​បើ​ខ្ញុំ​ធ្វើ​តាម​ក្បួន​ប៉ុណ្ណឹង​ហើយ មាន​យុទ្ធសាស្ត្រ​ប៉ុណ្ណឹង​ហើយ បើ​មិន​ជោគជ័យ​ទៀត ខ្ញុំ​មិនដឹង​ថា​យ៉ាងម៉េច​ទៀត​ទេ​។ ឥឡូវ​វា​ឃើញ​ដើរ​រហូត វា​ទៅ​មុខ​រហូត ដើរ​ត្រូវ​សព្វ​ថ្ងៃនេះ ដើរ​បង្រៀន​ពលរដ្ឋ​រហូត​ពលរដ្ឋ​ហ៊ាន​និយាយ​ការ​ពិត ហ៊ាន​ធ្វើ​បាតុកម្ម ហ៊ាន​ក្រោកឈរ​ឡើង មនុស្ស​រាប់​លាន​នាក់​»​។

ដោយសារ​តែ​ខ្លឹមសារ​ថ្លែង​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​ដូចនេះ​ហើយ ទើប​រដ្ឋាភិបាល​យក​ជា​ហេតុផល​សំអាង​ក្នុង​ការ​ចាប់ខ្លួន​លោក កឹ​ម សុខា ទាំង​លោក​កំពុង​មាន​អភ័យឯកសិទ្ធិ​សភា ដោយ​ចោទប្រកាន់​ថា​ជា​ការ​ឃុបឃិត​គ្នា​រវាង​លោក កឹ​ម សុខា និង​បក្សពួក​ជាមួយ​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ជាតិ និង​ជា​អំពើ​ក្បត់ជាតិ ហើយ​ដែល​រដ្ឋាភិបាល​អះអាង​ថា ជា​បទល្មើស​ជាក់ស្ដែង​៕

Comments

comments