អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកោះកុង ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ច្រក​ចាំ​យាម ពង្រឹង​ការ​ត្រួតពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ទំនិញគេចពន្ធ និង​ខូចគុណភាព​ឲ្យ​មាន​ប្រសិទ្ធភាព​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចំនួន មាន​សមាគម​អា​ដ​ហុ​ក (Adhoc) និង​អង្គការ​លី​កាដូ (Licadho) ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​២០ ខែតុលា ថា ពួក​គេ​បាន​ទទួល​ព័ត៌មាន​ទាក់ទង​សកម្មភាព​នាំ​ចូល​ទំនិញគេចពន្ធ និង​ខូចគុណភាព បន្ត​កើត​មាន​តាម​ច្រករបៀង តាម​សមុទ្រ ពិសេស​តាម​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​-​ថៃ ច្រក​ចាំ​យាម​ខេត្តកោះកុង​។

អ្នកសម្របសម្រួល​សមាគម​អា​ដ​ហុ​ក ប្រចាំ​ខេត្តកោះកុង លោក ញៀប សំ​អឿ​ន ឲ្យ​ដឹង​ថា ទំនិញ​ដឹក​តាម​រទេះ និង​តាម​រថយន្ត​ធំ​ៗ បាន​ឆ្លងកាត់​ច្រក​ចាំ​យាម​រាល់​ថ្ងៃនេះ មន្ត្រី​សាខា​គយ និង​មន្ត្រី​កាំកុងត្រូល​ខេត្តកោះកុង ត្រួតពិនិត្យ​មិន​បាន​ត្រឹមត្រូវ​ទេ​។ បញ្ហា​នេះ លោក​ស្នើ​ដល់​លោក គុណ ញឹ​ម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​លោក ម៉ក ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ពិសេស​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិ​ន​ទៀង ឲ្យ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត​ទៅ​លើ​សកម្មភាព របស់​មន្ត្រី​ប្រចាំការ​នៅ​ច្រកព្រំដែន​ចាំ​យាម ខេត្តកោះកុង ថា​តើ​មាន​ជាប់​ពាក់ព័ន្ធ ក្នុង​ការ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និង​ខូចគុណភាព ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុក​រលួយ​ដែរ​ឬទេ​។

លោក ញៀប សំ​អឿ​ន បន្ត​ថា កន្លង​មក​ឃើញ​មាន​មន្ត្រី​ជំនាញ​ស្ថាប័ន​ខ្លះ​ប្រចាំការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ ច្រក​ចាំ​យាម ភាគច្រើន​មិន​បាន​ត្រួតពិនិត្យ​ទំនិញ​ដឹក​នៅ​លើ​រថយន្ត​ធំ​ៗ និង​រទេះដឹក​ទំនិញ​ទាំងនោះ​ទេ ដោយ​ទទួលយក​ត្រឹម​សំណូក​លុយកាក់ ដែល​ឈ្មួញ ឬ​ពាណិជ្ជករ​ទាំងនោះ​បង់​ជូន​ស្ថាប័ន​នីមួយ​ៗ​ជា​ប្រចាំ​ថ្ងៃ នៅ​តាម​ច្រក​ទ្វារ ដោយ​មិន​បាន​ត្រួតពិនិត្យ​ទំនិញ​នាំ​ចូល​ទាំងនោះ​ឡើយ​។

ទាក់ទិន​ករណី​នេះ ទាំង​មន្ត្រី​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ ដែល​មាន​របរ​ចិញ្ចឹមជីវិត​នៅ​តាម​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា​ថៃ ខេត្តកោះកុង ក៏​ធ្លាប់​រិះគន់​ចំពោះ​ការ​អនុញ្ញាត ឲ្យ​ពាណិជ្ជករ​ថៃ នាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព ជា​ថ្នូរ​ទទួល​សំណូក​ពុក​រលួយ ឬ​ចែក​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មកនេះ​ដែរ​។

ប៉ុន្តែ រាល់​ការ​ចោទប្រកាន់​នេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ប្រចាំការ​នៅ​ច្រក​ទ្វារ​ចាំ​យាម ខេត្តកោះកុង ច្រានចោល​។ មន្ត្រី​ទាំងនោះ តែង​ឆ្លើយ​បដិសេធ​ថា ពួក​គេ​មិន​បាន​ឃុបឃិត អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព តាម​ព្រំដែន​ច្រក​ចាំ​យាម និង​ច្រករបៀង​ផ្សេង​ៗ ជា​ថ្នូរ​ទទួល​បាន​សំណូក​លុយកាក់​នោះ​ទេ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ប្រចាំ​ខេត្តកោះកុង បាន​អះអាង​ថា ធ្លាប់​ទទួល​បណ្ដឹង​ពី​ប្រជាពលរដ្ឋ អំពី​សកម្មភាព​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ដោយ​ធ្វើ​សកម្មភាព​ដឹក​តាម​រថយន្ត តាម​ច្រក​ទាំងនេះ យ៉ាង​អនាធិបតេយ្យ​ជា​ហូរហែ​មកនេះ​។

ទំនិញគេចពន្ធ​ទាំងនោះ មាន​សាច់​ស្រស់ ឬ​អាហារ​សមុទ្រ​ស្រស់​ៗ គ្រឿង​សម្អាត​កាយ ភេសជ្ជៈ អាហារ​កំប៉ុង​គ្រប់​ប្រភេទ ដែល​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជា​ពិសេស ម៉ូតូ​ស៊េរី​ទំនើប​ៗ​ជាដើម ដោយ​មន្ត្រី​ប្រចាំ​ព្រំដែន​ទទួល​បាន​សំណូក​ពី​ឈ្មួញ​ជា​ប្រចាំ​ថ្ងៃ និង​ប្រចាំខែ​។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកោះកុង បន្ត​ចោទ​ថា រាល់​ថ្ងៃនេះ ទំនិញគេចពន្ធ​ជា​ច្រើន​ប្រភេទ​ទៀត​ដូច​ជា​៖ ស្រា​បៀរ ភេសជ្ជៈ​គ្រប់​ប្រភេទ អីវ៉ាន់​ចាប់ហួយ និង​សម្ភារៈ​សំណង់ ត្រូវ​ក្រុម​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ ស្ទើរ​ជា​រៀងរាល់ថ្ងៃ ពិសេស​ច្រក​ទ្វារ​ចាំ​យាម​តែ​ម្ដង ទំនិញ​ខ្លះ​ឈ្មួញ​បាន​ដឹក​តាម​រថយន្ត និង​ដឹក​តាម​ទូក មក​ចែកចាយ​នៅ​ទីរួមខេត្ត​កោះកុង និង​បន្ត​ដឹក​យក​ទៅ​ចែក​ឲ្យ​ម៉ូយ​នៅ​តាម​បណ្ដា​រាជធានី​ខេត្ត​ផ្សេង​ៗ ដោយ​ឈ្មួញ​ទាំងនោះ បាន​បង់លុយ​ជូន​មន្ត្រី​ស្ថាប័ន​ជំនាញ ប្រចាំការ​នៅ​តាម​ច្រកព្រំដែន និង​បង់លុយ​ជូន​មន្ត្រី​ស្ថាប័ន​ជំនាញ ដែល​ដាក់​ពង្រាយ ប្រចាំការ​នៅ​តាម​ផ្លូវ​ឆ្លងកាត់ ជា​ថ្នូរ​អាច​ដឹក​ទំនិញគេចពន្ធ និង​ខូចគុណភាព ឆ្លងកាត់​ដោយ​រលូន​។

អ្នកសម្របសម្រួល​អង្គការ​លី​កាដូ ប្រចាំ​ខេត្តកោះកុង លោក អ៊ិ​ន គង់​ជិត បាន​ស្នើ​ដល់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ គួរ​បញ្ជូន​មន្ត្រី​ស្អាតស្អំ​ចុះ​ស៊ើបអង្កេត​សកម្មភាព​របស់​មន្ត្រី​ស្ថាប័ន​ជំនាញ​ប្រចាំការ នៅ​ច្រក​ទ្វារ​ចាំ​យាម​ខេត្តកោះកុង ដើម្បី​ទប់ស្កាត់​អំពើ​ពុក​រលួយ ដើម្បី​កុំអោយ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​។

បញ្ហា​នេះ​ដែរ កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៧ លោក​វរសេនីយ៍ឯក មីន រស្មី ស្នងការ​រង​នគរបាល​ខេត្តកោះកុង បាន​ដឹកនាំ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រចាំ​ខេត្ត ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប បទល្មើស​នាំ​ចូល​សាច់​មាន់ និង​ប្រហិត​ស្រស់ ពី​ប្រទេស​ថៃ​ចូល​មក​ខេត្តកោះកុង ដោយ​ត្រៀម​ចែកចាយ និង​នាំ​ចេញ​ទៅ​កាន់​ខេត្ត​មួយ​ចំនួន​ទៀត ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ទាក់​ស្កាត់​បាន​ទាន់​ពេល និង​ដកហូត​ទំនិញ​ខុសច្បាប់​ចំនួន ១.៦៨៧​គីឡូក្រាម​។ ក្នុង​នោះ​មាន​សាច់​មាន់​ខូចគុណភាព ១.១១៤ គីឡូក្រាម និង​ប្រហិត​ខូចគុណភាព ៥៦៤​គីឡូក្រាម​។ ក្រោយ​ការ​បង្ក្រាប ទំនិញ​ទាំងនេះ កម្លាំង​នគរបាល បាន​ប្រគល់​ជូន​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកោះកុង យក​ទៅ​ដុត​បំផ្លាញ​ចោល​៕

ប្រភព RFA

 

Comments

comments