ក្រុមហ៊ុន KrisEnergy របស់​សិង្ហ​បុរី ដែល​ជា​ប្រតិបត្តិ​ករ​អណ្ដូងប្រេង​ក្នុង Block A របស់​កម្ពុជា​បាន​ប្រកាស​ពី​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ក្នុង​ការ​វិនិយោគ​លើ​ការ​បូម​ប្រេង​នៅ​កម្ពុជា នៅ​អណ្ដូងប្រេង​អប្សរា​ដោយ​អះអាង​ថា កម្ពុជា​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង​មួយ​ក្នុង​រយៈពេល​២៤​ខែ​ទៀត​។

ក្រុមហ៊ុន​នេះ​ប៉ាន់​ប្រមាណ​ថា ដំណាក់កាល​1A (Phase 1A) របស់​គម្រោង​នេះ​នឹង​មិន​ប្រើប្រាស់​កម្លាំង​មនុស្ស​ទេ ប៉ុន្តែ​គេ​នឹង​ប្រើ​ឧបករណ៍​បូម​ប្រេង​២៤​គ្រឿង​ដែល​មាន​សមត្ថភាព​ដំណើរការ​បាន​រហូត​ដល់​៣០ ០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ជាមួយ​ឧបករណ៍​បំបែក​ឧស្ម័ន ប្រេង និង​ទឹក​។ ប្រេង​នឹង​ត្រូវ​បាន​បញ្ចូល​តាម​រយៈ​បំពង់​បង្ហូរ​ប្រវែង​១,៥​គីឡូម៉ែត្រ​សម្រាប់​ស្ដុក​លើ​នាវា​បណ្ដែត​ទឹក​ដែល​ចត​ជា​អចិន្ត្រៃយ៍​។

លោក Kelvin Tang អគ្គនាយក​ក្រុមហ៊ុន KrisEnergy និង​ប្រធាន​ប្រតិបត្តិការ​នៅ​កម្ពុជា​ឲ្យ​ដឹង​ថា ការ​សម្រេចចិត្ត​វិនិយោគ​ចុង​ក្រោយ​(FID) បាន​ដាក់​ក្រុមហ៊ុន​នេះ​មួយ​ជំហាន​កាន់តែ​កៀក​នឹង​ការ​ទាញ​យក​ប្រេង បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​បែងចែក​ប្រាក់​ចំណូល​ប្រេង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ចុងខែ​សីហា​។ លោក​ថ្លែង​ថា​៖ «​ក្រុមបច្ចេកទេស និង​ប្រតិបត្តិការ​របស់​យើង​កំពុង​រៀបចំ​ការ​ដេញថ្លៃ​ចាំបាច់​សម្រាប់ សម្ភារ ឧបករណ៍ និង​សេវា​»​។ លោក​បន្ត​ថា​៖ «​ស្រប​ជាមួយ​គ្នា​នេះ​ដែរ ការពិគ្រោះ​យោបល់​បន្ត​ជា​ភាគី​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ចូលរួម​ការ​ចាប់ផ្ដើម​ដំណើរការ​គម្រោង​នេះ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ប្រតិបត្តិការ និង​ហានិភ័យ​ការ​ចំណាយ​ទុន​របស់​យើង​»​។

KrisEnergy គ្រប់គ្រង​ភាគហ៊ុន​៩៥​ភាគរយ​ក្នុង​អណ្ដូងប្រេង Block A កម្ពុជា ហើយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គ្រប់គ្រង​ភាគហ៊ុន​ដែល​នៅ​សល់​។

លោក អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បញ្ជាក់​ពី​ខែសីហា ថា អណ្ដូងប្រេង Block A ត្រូវ​គេ​ជឿជាក់​ថា នឹង​មាន​ប្រេង​ប្រហែល​៣០​លាន​បារ៉ែល ដែល​នឹង​ត្រូវ​ទាញ​យក​ក្នុង​រយៈពេល​៩​ឆ្នាំ​។ បច្ចុប្បន្ន​ដោយ​តម្លៃ​ប្រេង​ឆៅ Brent នៅ​ប្រហែល​៥០​ដុល្លារ​ក្នុង​១​បារ៉ែល រដ្ឋាភិបាល​រំពឹង​ថា នឹង​រក​ប្រាក់​ចំណូល​បាន​៥០០​លាន​ដុល្លារ​ពី​សួយសារអាករ និង​ពន្ធ​លើ​រយៈពេល​ដំណើរការ​របស់​គម្រោង​។

លោក Tang ពី​មុន​ព្យាករ​ថា អណ្ដូងប្រេង Phase 1A តែ​មួយ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ប្រេង​៨,៥​លាន​បារ៉ែល​។

លោកស្រី Tanya Pang អនុប្រធាន​ក្រុមហ៊ុន KrisEnergy ទទួល​បន្ទុក​ទំនាក់ទំនង​វិនិយោគិន និង​ទំនាក់ទំនង​ក្រុមហ៊ុន​ឲ្យ​ដឹង​ថា ដោយសារ​ក្រុមហ៊ុន​នេះ​ចុះបញ្ជី​លើ​ផ្សារ​ហ៊ុន​ប្រទេស​សិង្ហ​បុរី ក្រុមហ៊ុន​នេះ​មិន​អាច​ចេញផ្សាយ​ការ​ប៉ាន់​ប្រមាណ​ទឹកប្រាក់ ដែល​ក្រុមហ៊ុន​នេះ​នឹង​ចំណាយ​លើ Phase 1A នោះ​ទេ​។

លោក Adrian Pooh អ្នកឯកទេស​រុករក​ប្រេង​អាស៊ី​នៅ​ក្នុង​ក្រុមហ៊ុន​ស្រាវជ្រាវ Wood Mackenzie បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន KrisEnergy ចាំបាច់​ត្រូវ​ដំណើរការ​ឆ្ពោះទៅ​មុខជា​មួយ​គម្រោង​នេះ ទោះបីជា​ការ​ព្យាករ​ប្រាក់​ចំណេញ​មាន​កម្រិត​ទាប​ក៏​ដោយ​។

លោក​បន្ថែម​ថា ដោយសារ​ទុន​វិនិយោគ​ដ៏​សំខាន់​ចាំបាច់​ត្រូវ​ចាប់ផ្ដើម​គម្រោង​នេះ ដែល​លោក ប៉ាន់​ប្រមាណ​ថា នឹង​ចំណាយ​ពី ១៤៥ ដល់ ១៥០ លាន​ដុល្លារ ក្នុង​រយៈពេល​កំណត់​២៤​ខែ ដែល​ក្រុមហ៊ុន KrisEnergy ចាំបាច់​ត្រូវ​ប្រញាប់​ស្វែងរក​ដៃគូ​ដើម្បី​ផ្ដល់​មូលនិធិ​ដល់​ការ​វិនិយោគ​នេះ​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេង​នៅ​ក្រសួង​រ៉ែ និង ថាមពល បាន​ឲ្យ​ដឹង​ថា KrisEnergy បាន​បោះ​ជំហាន​ដ៏​ធំ​មួយ​ដើម្បី​ធ្វើ​សេដ្ឋកិច្ច​កាន់តែ​ប្រសើរ​។ លោក​ថ្លែង​ថា​៖ «​សម្រាប់​សេដ្ឋកិច្ច​ទាំងមូល រដ្ឋាភិបាល​អាច​ទទួល​បាន​ប្រាក់​ចំណូល​កាន់តែ​ច្រើន​ពី​ការ​បែងចែក​៥​ភាគរយ​នៅ​អណ្ដូងប្រេង Block A ហើយ​ក៏​រកបាន​ប្រាក់​ចំណូល​កាន់តែ​ច្រើន​ពី​ពន្ធ​ដែល​បាន​បង់​ដោយ​ក្រុមហ៊ុន​នេះ​ផង​ដែរ​»​។

លោក​មាន​សុទិដ្ឋិនិយម​ថា ត្រឹម​ឆ្នាំ​២០២០ គម្រោង​ចម្រាញ់​ប្រេង​១,៦២ ពាន់​លាន​ដុល្លារ​ដោយ​ក្រុមហ៊ុន Cambodia Petrochemical Company (CPC) នៅ​ខេត្តកំពត និង​ខេត្ត​ព្រះ​សីហ​នុ​នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ទាំងស្រុង​។ លោក​ថ្លែង​ថា​៖ «​បើ​យើង​មិន​មាន​សមត្ថភាព​ចម្រាញ់​ប្រេង​នៅ​ពេល​នោះ​ទេ យើង​នឹង​នាំ​ចេញ​ប្រេង​ឆៅ​ទៅ​ចម្រាញ់​នៅ​ប្រទេស​ក្រៅ ហើយ​ការ​នាំ​ចេញ​នេះ​នឹង​មិន​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទេ ប៉ុន្តែ​ពេល​យើង​អាច​ចម្រាញ់​ប្រេង​ឆៅ​នៅ​កម្ពុជា តម្លៃ​ប្រេងសាំង​នឹង​កាន់តែ​ទាប ដោយសារ​យើង​នឹង​មិន​ត្រូវការ​នាំ​ចូល​ច្រើន​»៕

ប្រភេព P POST

Comments

comments