ភ្នំពេញ ៖ បើ​តាម​ការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​លោក ស៊ន អេ​លី​ត ដែល​ជា​បងប្រុស បង្កើត​របស់​កញ្ញា ស៊ន សៀវ​ម៉ី ថ្ងៃ​ទី​២៤ តុលា ២០១៧​នេះ អោយ​ដឹង​ថា សៀវ​ម៉ី នឹង​ត្រូវ​ធ្វើការ​វះកាត់​ជង្គង់​ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ​នេះ​ហើយ ក្រោយ​តស៊ូ​ជាមួយ​របួស​ដ៏​រ៉ាំរ៉ៃ​នេះ​ជាង​មួយ​ឆ្នាំ ប៉ុន្តែ​ប្រាក់​រង្វាន់​សម្រាប់​ការ​ដណ្ដើម បាន​មេដាយមាស​ស៊ី​ហ្គេ​ម នា​ពេល​ថ្មី​ៗ​នេះ មិន​ទាន់​ឃើញ​បើក​អោយ​នៅឡើយ​ទេ ។

លោក ស៊ន អេ​លី​ត រៀបរាប់​លើ​ហ្វេ​ស​ប៊ុ​កថា «​ពេល​ខ្លះ​ខ្ញុំ​មិន​ចង់​និយាយ​ទេ តែ​អាណិត​ប្អូនស្រី​ពេក ខំប្រឹង​តស៊ូ ដើម្បី​មុខមាត់​ជាតិ ឡើង​ប្រកួត​ទាំង​ជើង​ដាច់​សរសៃ ដើម្បី​យក​មេដាយ​ជូន​ជាតិ តែ​ពេល​ចង់​វះ​ជង្គង់ ត្រូវ​ចេញ​លុយ​ដោយ​ខ្លូ​ន​ឯង ។ ប្រកួត​ស៊ី​ហ្គេ​ម ថា យក​លុយ​មក​ព្យាបាល​ជើង តែ​លុយ​មេដាយ អត់​បើក​ឥឡូវ ត្រូវ​ចេញ​ទៅ​ព្យាបាល នៅ​ប្រទេស​កូរ៉េ នា​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ។ ពេល​ប្រកួត​ចាញ់​គេ ថា​អត់​វៃ​មិនកើត ពេល​វៃ​ឈ្នះ​គេ​សប្បាយ ពេល​មាន​បញ្ហា​ដោះស្រាយ​ខ្លួនឯង ។ ក្រសួង​ដែរ​ពាក់​ពាន់ គួរតែ​គិតដល់​គ្នា​ផង​» ។

កញ្ញា ស៊ន សៀវ​ម៉ី ធ្លាប់​បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន មុន​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​២៩ នៅ​ម៉ា​ឡេ​ស៊ី​ថា ខ្លួន​មាន​បញ្ហា​របួស​ជង្គង់ ហើយ​ការ​ខិតខំ​ហ្វឹកហាត់ ព្រោះ​ចង់​ដណ្ដើម​មេដាយ​ជូន​ជាតិ និង​ទទួល​បាន​ប្រាក់​រង្វាន់​ខ្លះ សម្រាប់​ព្យាបាល ។

សូម​រំលឹក​ថា កីឡាការិនី​ជម្រើសជាតិ​តេ​ក្វា​ន់​ដូ​កម្ពុជា ស៊ន សៀវ​ម៉ី បាន​ដណ្តើម​យក​មេដាយមាស​ជូន​កម្ពុជា​ហើយ ក្រោយ​យកឈ្នះ​កីឡាការិនី​ហ្វី​លី​ពី​ន ក្នុង​លទ្ធផល​១៣ ទល់​៦ បន្ទាប់​ពី​បាន​ផ្តួល​ម្ចាស់ផ្ទះ​ម៉ា​ឡេ​ស៊ី ដោយ​លទ្ធផល​១៤ ទល់​នឹង​៣ សម្រាប់​ការ​ប្រកួត​ថ្ងៃ​ទី​២៩ សីហា ២០១៧ នៃ​ព្រឹ​ត្ត​ការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​២៩ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​ក្នុង​កីឡា SEA Games 2017 នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

គ្រា​ដែល​ប្រាក់​រង្វាន់​យឺត​យ៉ាង ឬ​យ៉ាងណា ក្រសួង​អប់រំ យុវជន និង​កីឡា ឫ​ក្រសួង​ពាក់ព័ន្ធ​ដែល​ជា​អ្នក​ទទួល​បន្ទុក​នោះ នៅ​មិន​ទាន់​បញ្ជាក់​បី​រឿង​នេះ​នៅឡើយ​ទេ ។

គេ​នៅ​ចាំ​បាន​ថា កន្លង​មក លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រគល់​ប្រាក់​រង្វាន់​ពី​រាជរដ្ឋាភិបាល ដល់​ដៃ​ម្ចាស់​មេដាយ​កីឡាការិនី​ស៊ន សៀវ​ម៉ី ព្រមទាំង​លោកគ្រូ​បង្វឹក​ជនជាតិ​កូរ៉េ លោក​ឆ​យ យ៉ុ​ង​សុក នៅ​ទីស្តីការក្រសួង ។

យោង​តាមសេចក្តី​ប្រកាស​អន្តរក្រសួង ជ័យ​លា​ភី​មេដាយមាស​ទទួល​បាន ប្រាក់​រង្វាន់​៤០​លាន​រៀល ចំណែក មេដាយ​ប្រាក់ បាន​៣០​លាន​រៀល​និង​ម្ចាស់​មេដាយ​សំរឹទ្ធ​១​គ្រឿង ទទួល​បាន​១៦​លាន​រៀល ។ ចំណែក គ្រូបង្វឹក​ក៏​ទទួល​បាន​ស្មើនឹង​អ្នក​ឈ្នះ​មេដាយ​ធំ​ជាងគេ ឯ​គ្រូ​ជំនួយ​ទទួល​បាន ៧០​ភាគរយ ផង​ដែរ ៕

Comments

comments