យោង​តាម​របាយការណ៍​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF)​ស្ដី​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដោយសារ​រដ្ឋាភិបាល​កម្ពុជា​បាន​ដំឡើង​ប្រាកបៀវត្សរ៍​ដល់​មន្ត្រីរាជការ និង​ការ​ចំណាយ​សម្រាប់​ការ​រៀបចំ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ក្នុង​ឆ្នាំ​២០១៧ បាន​ធ្វើ​ឲ្យ​ចំណាយ​ខ្ពស់​ជាង​ចំណូល​។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ក៍បាន​ធ្វើការ​ព្រមាន​ថា កម្ពុជា​គួរ​ត្រៀមខ្លួន ក្នុង​លក្ខខណ្ឌ​ដែល​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​កំណើនសេដ្ឋកិច្ច​ធ្លាក់​ចុះ​។

បើ​តាម​របាយការណ៍​ដដែល ការ​ចំណាយ​លើស​ប្រាក់​ចំណូល ជា​ហេតុ​នាំ​ឲ្យ​មាន​ឱនភាព​ប្រចាំឆ្នាំ​ធ្លាក់​ចុះ ដោយសារ​ផលិតផល​ក្នុងស្រុក​សរុប GDP ក្នុង​ឆ្នាំ​២០១៦ ធ្លាក់​ចុះ ២,៨% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន គឺ​អត្រា ១,៦%​។ បន្ថែម​ពី​នេះ​គឺ​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​វិនិយោគិន​បរទេស​។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ក៍​ស្នើ​ដល់​ស្ថាប័ន​ជាតិ​ពាក់​ព័​ន្ឋ​ទាំងអស់ ត្រូវ​ពង្រឹង​ការ​យកចិត្តទុកដាក់​ផ្នែក​ហិរញ្ញវត្ថុ និង​ធ្វើការ​កែទម្រង់​បន្ថែម​ទៀត ដើម្បី​លើក​ស្ទួយ​ឲ្យ​មាន​បរិយាកាស​ល្អ ក្នុង​ការ​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​។

កំណើនសេដ្ឋកិច្ច​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៧​នេះ គឺ​អត្រា​ប្រមាណ​ជា ៦% ដែល​ផ្ទុយ​ពី​ការ​រំពឹង​ទុក​ពី​មុន ថា​នឹង​អាច​មាន​កំណើនសេដ្ឋកិច្ច ដល់​ទៅ ៦,៩%៕