ភ្នំពេញ ៖ វី​រៈ​កីឡាការិនី​កម្ពុជា ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយមាស​កីឡា​តៃ​ក្វា​ន់​ដូ បាន​សម្រេច​ចេញ​លុយ​ផ្ទាល់ខ្លួន ដើម្បី​វះកាត់​ព្យាបាល​ជង្គង់ ក្រោយ​របួស​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ បន្ទាប់​ពី​នាង​អស់​ទ្រាំ​នឹង​ការ​រង់ចាំ​ប្រាក់​រង្វាន់​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ។

បើ​តាម​ការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​លោក ស៊ន អេ​លី​ត ដែល​ជា​បងប្រុស បង្កើត​របស់​កញ្ញា ស៊ន សៀវ​ម៉ី ថ្ងៃ​ទី​២៤ តុលា ២០១៧​ បានអោយ​ដឹង​ថា សៀវ​ម៉ី នឹង​ត្រូវ​ធ្វើការ​វះកាត់​ជង្គង់​ក្នុង​ពេល​ឆាប់​ៗ ខាង​មុខ​នេះ​ហើយ ក្រោយ​តស៊ូ​ជាមួយ​របួស​ដ៏​រ៉ាំរ៉ៃ​នេះ​ជាង​មួយ​ឆ្នាំ ប៉ុន្តែ​ប្រាក់​រង្វាន់​សម្រាប់​ការ​ដណ្ដើម បាន​មេដាយមាស​ស៊ី​ហ្គេ​ម នា​ពេល​ថ្មី​ៗ​នេះ មិន​ទាន់​ឃើញ​បើក​អោយ​នៅឡើយ​ទេ ។

បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​សំណាក់​អតីត​កីឡាករ​ជម្រើសជាតិ ស៊ន អេ​លី​ត រឿង​ប្រាក់​រង្វាន់​រាជរដ្ឋាភិបាល ស្រប​ពេល​ប្អូនស្រី​ខ្លួន​ត្រូវ​វះកាត់​ជង្គង់​នេះ ក៏​មាន​គណនី​ហ្វេ​ក​ប៊ុ​កមួយ​ឈ្មោះ Sport Khmer បាន​បង្ហោះ​ជា​បន្ដបន្ទាប់​នូវ​រឿង​ប្រាក់​រង្វាន់ សម្រាប់​ក្រុមកីឡា​ប៉េតង់កម្ពុជា ដែល​ដណ្ដើម​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​កម្រិត​អាស៊ី នៅ​មី​យ៉ា​ន់​ម៉ា​កាលពី​ចុងឆ្នាំ​២០១៦ កន្លង​ទៅ ហើយ​មិន​ទាន់​បាន​រហូត​មក​ទល់​ពេល​នេះ​ផង​ដែរ​។

គ្រា​ដែល​ប្រាក់​រង្វាន់​មានការ​យឺត​យ៉ាងនោះ គណនី​ហ្វេ​ក​បុក​អគ្គនាយកដ្ឋាន​កីឡា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​បាន​ឆ្លើយ​តប​ចំពោះ​ករណី យឺតយ៉ាវ​នេះ​ផង​ដែរ ដោយ​បាន​លើក​ឡើង​ថា «​ដោយសារ​ប្រាក់​រង្វាន់​ឆ្នាំ​២០១៧ មាន​ចំនួន​ច្រើន​លើស​ពី​ឥណទាន​ដែល​មាន ហើយ​ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​ខិតខំ​ប្រមែប្រមូល​ឥណទាន​ពី ជំពូក​ផ្សេង​ៗ ដើម្បី​យក​បំពេញ​នូវ​កង្វះខាត​លើ​ឥណទាន​ប្រាក់​រង្វាន់​នេះ សូម​កីឡាករ កីឡាការិនី​ទាំងអស់​យោគយល់ និង​អធ្យាស្រ័យ​ក្នុង​ការ​យឺតយ៉ាវ​» ។

យោង​តាម​សេចក្តី​ប្រកាស​អន្តរក្រសួង ជ័យ​លា​ភី​មេដាយមាស​ទទួល​បាន ប្រាក់​រង្វាន់​៤០​លាន​រៀល ចំណែក មេដាយ​ប្រាក់ បាន​៣០​លាន​រៀល​និង​ម្ចាស់​មេដាយ​សំរឹទ្ធ​១​គ្រឿង ទទួល​បាន​១៦​លាន​រៀល ។ ចំណែក គ្រូបង្វឹក​ក៏​ទទួល​បាន​ស្មើនឹង​អ្នក​ឈ្នះ​មេដាយ​ធំ​ជាងគេ ឯ​គ្រូ​ជំនួយ​ទទួល​បាន ៧០​ភាគរយ ផង​ដែរ ៕

Comments

comments