ផលិតករ​ជា​ច្រើន​បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ ក្រោយ​ពី​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​កោះ​ប្រជុំ​ជាមួយនឹង​ផលិតករ មក​ពី​ផលិតកម្ម​នានា កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ កន្លង​ទៅ ប្រយោជន៍​ធ្វើការ​ផ្សព្វផ្សាយ អំពី​គោលការណ៍​របស់​មន្ត្រី​ពន្ធដា ក្នុង​ការ​ប្រមូល​ពន្ធ ពី​វិស័យ​ភាពយន្ត​។

ពន្ធ​ដែល​ផលិតកម្ម​នានា បង់​ជូន​រដ្ឋ​ត្រូវ​បាន​ផលិតករ​លើក​ឡើង​ថា ជា​ការ​រុញច្រាន​ឲ្យ​ផលិតកម្ម ស្ទើ​តែ​ទាំងអស់​បិទទ្វារ ផ្អាក​ដំណើរការ​ទាំងស្រុង ព្រោះតែ​មិន​មាន​លទ្ធភាព​បង់ពន្ធ​នោះ​។

ប្រភព​បញ្ជាក់​ថា ពន្ធ​ទី​មួយ គឺ​ពន្ធ​ពី​ចំណូល​នៃ​ការ​បញ្ចាំង ក្នុង​រោង​កាត់​១០​ភាគរយ​ទៅ​រដ្ឋ​។ ទី​២​ក្រោយ​ចែក​ជាមួយ​រោងកុន ត្រូវ​កាត់​១​ភាគរយ​ទៅ​រដ្ឋ​។ ទី​៣​ត្រូវ​បង់ពន្ធ​អាករ​១០​ភាគរយ​រាល់​ខែ នៃ​ប្រាក់​ចំណូល​របស់​ផលិតកម្ម​។

ទី​៤​ត្រូវ​បង់ពន្ធ (vat)​ប្រចាំឆ្នាំ​។ ទី​៥ ពន្ធ​កាត់​ទុក​ពី​ប្រាក់​ចំណូល ចំនួន​១៥​ភាគរយ​។ ទី​៦ គឺ​ការ​កាត់​ពន្ធ ១០​ភាគរយ​ពី​តម្លៃ​ជួល​ទីតាំង ការិយាល័យ​។ ទី​៧​ពន្ធ​កាត់​ពី​បុគ្គលិក​ពេញ​ម៉ោង ១០​ភាគរយ សម្រាប់​បុគ្គលិក​មាន​ប្រាក់បៀវត្ស​រិ៍ ចាប់ពី​៣០០​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ​។

ទី​៨​ពន្ធ​លើ​អ្នកដឹកនាំ​សម្តែង អ្នកនិពន្ធ ក្រុមការងារ​ផលិត សិល្បករ ចំនួន​១០​ភាគរយ​។ ទី​៩​ពន្ធ​លើ​កម្មសិទ្ធិ ឬ​ស្នាដៃ ចំនួន​១៥​ភាគរយ​។ ទី​១០​ពន្ធ​កម្រៃ​នៃ​ប្រាក់​ចំណូល​តួ​សម្តែង ១៥​ភាគរយ​។ ទី​១១​ពន្ធ​លើ​ការ​ជួល​ទីតាំង​ថត ការ​ជួល​សម្ភារៈ ១០​ភាគរយ​… .​ល​.​។

ផលិតករ​ខាងលើ​រិះគន់​ថា ក្រោយ​បញ្ចប់​ការ​ប្រជុំ​ជិត​២​ម៉ោង ផលិតករ​មាន​ពេល​ត្រឹម​១០​នាទី​ប៉ុណ្ណោះ ដើម្បី​និយាយ​ពី​ទុក្ខ​លំបាក​របស់​ខ្លួន ប្រាប់​ទៅ​មន្ត្រី​ក្រសួង ហើយ​បញ្ហា​និង​សំណើរ​ទាំងនោះ ត្រូវ​បាន​ក្រសួង​បដិសេធ​មិន​ទទួលយក​។

នៅ​មិន​ទាន់​អាច​ស្វែង​រការ​បញ្ជាក់​បាន​នៅឡើយ​ទេ ពី​មន្ត្រី​ក្រសួង​ពាក់​ពន្ធ​។ ប៉ុន្តែ​បញ្ហា​ពន្ធ និង​បញ្ហា​ប្រឈម​ជា​ច្រើន សម្រាប់​ផលិតករ​នេះ ត្រូវ​បាន​គេ​ជឿជាក់​ថា នឹង​ធ្វើ​ឲ្យ​ផលិតកម្ម ស្ទើ​តែ​ទាំងអស់​ផ្អាក​ការ​ផលិត​របស់​ខ្លួន ព្រោះតែ​ប្រាក់​ចំណូល​ដែល​ទទួល បាន​ក្រៅពី​ចែក​ពាក់កណ្តាល ជាមួយ​រោងកុន​ហើយ ត្រូវ​យក​មក​កាត់​ពន្ធ​ជូន​រដ្ឋ​ជា​ច្រើន​ទៀត​។ គ្រា​ដែល​ផលិតកម្ម​ខ្លះ មួយ​ឆ្នាំ​ចេញ​ថត​ស្ទើ​មិន​បាន​មួយ​រឿង​ផង ត្រូវ​ប្រឈម​នឹង​បញ្ហា​ប្រាក់​ចំណូល​ទៀត ទើបត្រូវ​បង្ខំចិត្ត​បិទ​ផលិតកម្ម ចោល​តែ​ម្តង​។

គួរ​បញ្ជាក់​ដែរ​ថា វិស័យ​ភាពយន្ត ខ្មែរ​ចាប់ផ្តើម​មាន​សន្ទុះ​បន្តិច ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ពិសេស​ក្រោយ​ពេល​ដែល​ក្រសួង​ចេញ​សេចក្តី​ប្រកាស ហាម​ចាក់​បញ្ចាំងភាពយន្ត និង​កម្មវិធី​បរទេស ក្នុង​ម៉ោង​មាស​។ ប៉ុន្តែ​ផលិតករ​ជា​ច្រើន បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ នៃ​ការ​ធ្លាក់​ចុះ​ជា​ថ្មី​នៃ​វិស័យ​នេះ ក្រោយ​ពី​ការ​ប្រកាស​យកពន្ធ ទៅ​លើ​បុគ្គលិក​ទាំងអស់ ដែល​ជាប់​កាតព្វកិច្ច​បង់ពន្ធ​។

ផលិតករ​បាន​ស្នើ​ឲ្យ​រដ្ឋ​កំណត់​ពន្ធ លើ​ផលិតកម្ម​ទាំងអស់ ពី​ខ្នាត​មធ្យម​មក​ត្រឹម​ខ្នាត​តូច​វិញ ព្រោះតែ​ផលិតកម្ម ពិបាក​នឹង​ធ្វើ​របាយការណ៍​រៀង​រាល់​ខែ ។​ពួក​គេ​ក៏​បាន ស្នើ​សុំ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​ជួយ​អនុគ្រោះ​ទៅ​លើ​ការ​បង់ពន្ធ ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ ដោយ​លើកលែង​ពន្ធ​ពី​១០ ទៅ​១៥ ឆ្នាំ ដោយ​រង​ចាំ​ឲ្យ​វិស័យ​ខាងលើ​នេះ ដើរទៅ​មុខ​បាន​បន្តិច​សិន​៕

ប្រភព THE PHNOM PENH TIMES

Comments

comments