រដ្ឋាភិបាល​គ្រោង​ខ្ចីប្រាក់​១​ពាន់​លាន SDR ឬ ១,៤​ពាន់​លាន​ដុល្លារ ដើម្បី​សម្រេច​បាន​ទិស​ដៅ​ថវិកា ដែល​គ្រោងទុក​របស់​ខ្លួន​សម្រាប់​ឆ្នាំ​ក្រោយ ដែល​នឹង​ធ្វើ​ឲ្យ​បំណុល​ជាតិ​សរុប​កើនឡើង​ដល់​៧,៦​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ចុងឆ្នាំ​២០១៨ ខណៈ​កម្រិត​បំណុល​បច្ចុប្បន្ន​គិត​ត្រឹម​ខែមិថុនា​ឆ្នាំ ២០១៧ មាន​ជាង ៦,២​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​សេចក្ដី​ព្រាង​ថវិកាជាតិ​ឆ្នាំ​២០១៨ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​។

សេចក្ដី​ព្រាង​ថវិកាជាតិ​ដែល​បាន​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​(MEF) បង្ហាញ​ថា កម្ចី​រហូត​ដល់ ១,៤​ពាន់​លាន​ដុល្លារ​កើតមក​ពី​គម្រោង​ដែល​បាន​អនុម័ត​២៦ ដែល​ចុះហត្ថលេខា​ជាមួយ​ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី​( ADB) ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាងត្បូង បារាំង និង​ឥណ្ឌា​។

គម្រោង​ទាំងនេះ​ភាគច្រើន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​វិស័យ​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹង​ការ​កំណត់​ទិស​ដៅ​ទេសចរណ៍​មួយ​ចំនួន ការ​ថែ​ទាំង​សុខភាព កសិកម្ម និង​ការ​អប់រំ​។

របាយការណ៍​នេះ​បាន​កត់​សម្គាល់ថា រដ្ឋាភិបាល​នៅ​តែ​កំពុង​ពិចារណា​គម្រោង ៣១ បន្ថែម​ទៀត ដែល​ប្រសិនបើ​ត្រូវ​បាន​អនុម័ត នឹង​បង្កើន​ការ​ខ្ចីប្រាក់​សរុប​២,៦​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ក្រោយ ដែល​បង្កើន​បំណុល​ជាតិ​ដល់​៨,៨​ពាន់​លាន​ដុល្លារ​។

កម្រិត​បំណុល​បច្ចុប្បន្ន​ត្រូវ​បាន​ជំរុញ​ភាគច្រើន​ដោយ​កម្ចីសម្បទាន​ទ្វេភាគី និង​ពហុភាគី ជាមួយ​ប្រទេស​ចិន​ខ្ពស់​ជាងគេ​។ បច្ចុប្បន្ន​កម្ពុជា ជំពាក់​ចិន​ប្រហែល​២,៩​ពាន់​លាន​ដុល្លារ ឬ ៤៧,៥​ភាគរយ​នៃ​ផលប​ត្រ​បំណុល​សរុប​របស់​ខ្លួន បន្ទាប់​មក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ដែល​មាន​១,៩​ពាន់​លាន​ដុល្លារ ឬ​៣០,១​ភាគរយ​នៃ​បំណុល​ជាតិ​។ ទាំងនេះ​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ បើ​ធៀប​នឹង​ចុងឆ្នាំ​២០១៦ ដែល​ប្រទេស​ចិន​គ្រប់គ្រង​បំណុល​របស់​កម្ពុជា​៨០​ភាគរយ​។

បំណុល​នៅ​សល់​គឺ​ជំពាក់​រុ​ស្ស៊ី ដែល​ត្រូវ​បាន​បន្សល់​ទុកជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដែល​មាន ៤៥៨​លាន​ដុល្លារ និង​អា​មេ​រិ​ក ១៦២​លាន​ដុល្លារ​។ ទន្ទឹម​នឹង​នេះ​រដ្ឋាភិបាល​ជំពាក់​ប្រទេស​កូរ៉េ​ខាងត្បូង ជប៉ុន និង​ដៃគូ​ទ្វេភាគី​ផ្សេង​ទៀត​សរុប ៧៧៥ លាន​ដុល្លារ​។

តួលេខ​បំណុល​ជាតិ​សរុប​គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៧ ដែល​មាន​ជាង ៦,២​ពាន់​លាន​ដុល្លារ​មាន​អត្រា​២៨​ភាគរយ​ធៀប​នឹង​GDP របស់​ប្រជាជន​កម្ពុជា​ជាង​១៥​លាន​នាក់ ដែល​ក្នុង​ម្នាក់់​ៗ​ជំពាក់​បំណុល​៤០០​ដុល្លារ​។

ក្រសួង​សេដ្ឋកិច្ច ព្យាករ​ថា GDP របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៧ នឹង​កើនឡើង​ដល់​២២,២​ពាន់​លាន​ដុល្លារ ហើយ​បន្ទាប់​មក​នឹង​កើនឡើង​ជិត​២៤,៦​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ចុងឆ្នាំ​២០១៨​។

លោក ផៃ ស៊ី​ផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា អត្រា​បំណុល​ធៀប​នឹង GDP របស់​ប្រទេស​កម្ពុជា​គឺ​នៅ​អាច​គ្រប់គ្រង​បាន​យ៉ាង​ល្អ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​កម្ពុជា​ចាំបាច់​ត្រូវ​បន្ត​ខ្ចី​ដើម្បី​បង្កើត​កំណើនសេដ្ឋកិច្ច ជាមួយនឹង​ការ​ពង្រឹងសមត្ថភាព​សងបំណុល​។ លោក​ថ្លែង​ថា​៖ «​ចំនួន​បំណុល​របស់​យើង​គឺ​សមាមាត្រ​នឹង GDP ហើយ​ចំនួន​នោះ​នឹង​មិន​លើស​ពី​៤០​ភាគរយ​នោះ​ទេ​»​។ លោក​បន្ត​ថា​៖ «​រដ្ឋាភិបាល​បាន​បង្កើន​សមត្ថភាព​ប្រមូល​ពន្ធ​របស់​ខ្លួន ហើយ​នេះ​អាច​ឲ្យ​យើង​មាន​សមត្ថភាព​សង​កាន់តែ​ប្រសើរ ដើម្បី​យើង​អាច​ទទួល​បាន​កម្ចី​កាន់តែ​ច្រើន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​»​។

លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ បាន​ឲ្យ​ដឹង​ថា កម្រិត​កម្ចី​បច្ចុប្បន្ន​របស់​កម្ពុជា​ក្នុង​ចំនួន​ប្រហែល​៣០​ភាគរយ​នៃ GDP គឺ​អាច​គ្រប់គ្រង​បាន​។ លោក​ថ្លែង​ថា​៖ «​ប្រសិនបើ​យើង​សម្លឹង​មើល​ទំហំ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​( GDP) បំណុល​មិន​ទាន់​មាន​ហានិភ័យ​នៅឡើយ​ទេ​»​។ លោក​បន្ត​ថា​៖ «​តាម​ពិត រដ្ឋាភិបាល​កម្ពុជា​មានការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់​អំពី​កម្ចី​»​។

លោក​បន្ថែម​ថា អ្វី​ដែល​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ពង្រឹង​គឺ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ត្រួតពិនិត្យ​ប្រសិទ្ធភាព ក្នុង​ការ គ្រប់គ្រង​កម្ចី​ថ្មី​។ លោក​ថ្លែង​ថា​៖«​យើង​អាច​វាស់វែង​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​កម្ចី​ផ្អែក​លើ​ការ​វាយតម្លៃ​គម្រោង​ដែល​អនុម័ត ត្រួតពិនិត្យ​គម្រោង និង​ការ​វាយតម្លៃ​គម្រោង​។ ការ​វាយតម្លៃ​នេះ​សំខាន់​សម្រាប់​សាធារណជន​ក្នុង​ការ​ដឹង​ថា​តើ​គេ​ប្រើប្រាស់​កម្ចី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ចាំបាច់​ដូច​ម្តេច0x017d7​»​។

លោក ម៉ៅ មុន្នី​វណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា រាល់​ការ​ប្រើប្រាស់​កម្ចី​ពី​បរទេស​រដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​កម្ចី​ទាំងនោះ​ឲ្យ​មាន​តម្លាភាព និង​ចាយវាយ​ឲ្យ​ចំ​ទិស​ដៅ​។ លោក​ថ្លែង​ថា​៖ «​យើង​សង្កេត​ឃើញ​កន្លង​មក​ថវិកា​ដែល​យើង​ខ្ចីបុល​គេ​យក​មក​ធ្វើ​ផ្លូវថ្នល់ ជាក់ស្តែង​ផ្លូវថ្នល់​មួយ​ចំនួន​នឹង​ធ្វើ​ដោយ​គ្មាន​គុណភាព​ល្អ ហើយ​ធ្វើ​មិន​ត្រូវ​ស្តង់ដារ​។ លោក​បន្ថែម​ថា​៖ «​យើង​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​នូវ​អំពើ​ពុក​រលួយ យើង​ត្រូវ​យក​ថវិកា​ដែល​យើង​ខ្ចីបុល​គេ​ចាយ​ឲ្យ​ចំ​គោលដៅ ហើយ​ឲ្យ​មានគុណ​ភាពល្អ​»៕

ប្រភព P POST

Comments

comments