ចាប់ពី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​តទៅ ប្រទេស​ថៃ​នឹង​មិន​អនុញ្ញាត​ឲ្យ​មានការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវគោក​ពី​ប្រទេស​ដទៃ​ឆ្លងកាត់​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ឬ ដឹក​ទំនិញ​ពី​កម្ពុជា ឆ្លងកាត់​ប្រទេស​ថៃ ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​នោះ​ឡើយ​។

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ របស់​ប្រទេស​ខ្មែរ ចុះ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧​នេះ​។

បើ​តាម​សេចក្តី​សេចក្តីជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ថា ការណ៍​ដែល​ប្រទេស​ថៃ​មិន​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​ទំនិញ​ពី​កម្ពុជា ទៅ​កាន់​ប្រទេស​ដទៃ ឬ​ពី​ប្រទេស​ដទៃ​ចូល​មក​កម្ពុជា​នេះ ដោយសារ​តែ​ច្បាប់​គយ​ថ្មី​របស់​ប្រទេស​ថៃ បាន​ហាមឃាត់​មិន​ឲ្យ​មានការ​ដឹក​ទំនិញ​ពី​បណ្តា​ប្រទេស​នានា​តាម​ផ្លូវគោក​ឆ្លងកាត់​ប្រទេស​ថៃ​នោះ​ឡើយ​។

យ៉ាងណា​ក៍ដោយ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ខ្មែរ​បាន​និង​កំពុង​ប្រឹងប្រែង​រៀបចំ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​មួយ ស្តី​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់ តែ​រហូត​មក​ដល់​ពេល​នេះ អនុស្សា​រណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ កំពុង​រង់ចាំ​សេចក្តីសម្រេច​ពី​ភាគី​ថៃ​។

អគ្គនាយករ​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អះអាង​ថា ខ្លួន​នឹង​បន្ត​ជំរុញ​ភាគី​ថៃ ឲ្យ​ព​ន្លឿ​ន​ការ​សម្រេច​លើ​ការ​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​របស់​ធុរជន​នានា ។

ក្រុម​អ្នក​តាមដាន​សេដ្ឋកិច្ច​មួយ​បាន​និយាយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ថៃ​ហាក់​នៅ​តែ​តាំងខ្លួន​ជា​បងធំ​លើ​បញ្ហា​ចរាចរណ៍​ទំនិញ​ឆ្លងកាត់​ប្រទេស​ខ្លួន ឬ យក​ប្រទេស​ខ្លួន​(​ថៃ​)​ដើម្បី​ឆ្លងកាត់ ប៉ុន្តែ​បើ​តាម​មន្ត្រី​ជំនាញ​ប្រចាំ​ព្រំដែន​ខ្មែរ​-​ថៃ ប្រសិនបើ​ខ្មែរ​រឹង​មាំ​និង​ឯករាជ្យ​ទាំង​នយោបាយ​និង​សេដ្ឋកិច្ច ដូច​អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​អះអាង​ជា​ច្រើន​ដង​ថា មិន​ខ្វល់​នឹង​ការ​ដាក់​សម្ពាធ ឬ​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​សហគមន៍​អន្តរជាតិ និង​ធ្លាប់​និយាយ​ថា ដាក់​ទណ្ឌកម្ម​អី​ដាក់​ទៅ ហ៊ុន សែន មិន​ស្លាប់​ទេ​នោះ រដ្ឋាភិបាល​ខ្មែរ​ត្រូវ​តែ​បិទ​ទំនិញ​ថៃ ឬ ការ​ចរាចរណ៍​ទំនិញ​ណាមួយ​ពី​ប្រទេស​ថៃ​ចូល​ដី​ខ្មែរ ដូច​អ្វី​ដែល​ថៃ​ធ្លាប់​បាន​បិទ​បើក​ច្រកព្រំដែន​ខ្មែរ​-​ថៃ​តាម​ទំនើងចិត្ត ខណៈ​ដែល​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម​ខ្មែរ​-​ថៃ​ហាក់​ឆ្ងាយ​គ្នា​ដាច់ ពោល​គឺ​តាម​ទិន្ន័យ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អន្តរជាតិ ទំហំ​ពាណិជ្ជកម្ម សរុប​រវាង​កម្ពុជា និង​ថៃ ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន ៥,៥១៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឆ្នាំ​២០១៦ មាន​ចំនួន ៥,៥៥១​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​បាន​កើនឡើង ០,៦%​។ ជាមួយ​គ្នា​នេះ ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​កាន់​ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន ៦៣៨​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឆ្នាំ​២០១៦ មាន​ចំនួន ៩៤៤​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​បាន​កើនឡើង ៤៧,៩៦% រីឯ​ការ​នាំ​ចូល​របស់​កម្ពុជា ពី​ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន ៤,៨៨០​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឆ្នាំ​២០១៦ មាន​ចំនួន ៤,៦០៧​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​បាន​ថយ​ចុះ ៥,៥៩% ។

ជាង​នេះ​ទៀត លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​និង​ថៃ បាន​ប្រកាស​រួម​គ្នា​នៅ​ក្នុង​សន្និសីទកាសែត ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ចម្រុះ​ថៃ​-​កម្ពុជា លើក​ទី​៣ កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៧​កន្លង​មកនេះ​ថា នឹង​រួមដៃគ្នា​ធ្វើ​យ៉ាងណា​ឲ្យ​ទំហំ​សេដ្ឋកិច្ច​នៃ​ប្រទេស​ជាប់​ភូមិ​ផង​ទាំង​ពីរ មានការ​កើនឡើង​១៥,០០០​លាន​ដុល្លារ ខណៈ​បច្ចុប្បន្ន​ជញ្ជីងពាណិជ្ជកម្ម នៃ​ប្រទេស​ទាំង​ពីរ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ ពោល​គឺ​ការ​នាំ​ចូល​ទំនិញ​របស់​ថៃ មក​កម្ពុជា​លើស​រហូត​ដល់​៥​ដង ពី​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ ដែល​ការ​នេះ​ទាមទារ​ឲ្យ​ប្រទេស​ទាំង​ពីរ ត្រូវ​តែ​រិៈ​រក​វិធីសាស្ត្រ​ថ្មី​ៗ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា ៕

 

Comments

comments