វៀតណាម ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ី​ន​ហួរ បាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃអាទិត្យ ទី​០៥ វិច្ឆិកា ២០១៧ អោយដឹងថា ព្យុះ​ទី​ហ្វុ​ង​ដ៏​កំណាច​មួយ​ដែល​មានឈ្មោះ​ថា «ដំរី» បាន​កើត​មាន​ឡើង​យ៉ាង​ទាន់ហន់ ហើយបាន​វាយប្រហារ​ភាគ​កណ្តាល​ប្រទេស​វៀតណាម និង​ផ្តាច់​យក​ជីវិត​មនុស្ស​កើនឡើង​ដល់១៩​នាក់​ហើយ ខណៈ​មនុស្ស១២​នាក់​ទៀតកំពុង​បាត់​ខ្លួន ​​។

អាជ្ញាធរ​វៀតណាម បាន​និយាយ​ថា ក្រៅពី​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​ជា​ច្រើន​នាក់ នៅ​​ខេត្ត​ភាគ​កណ្តាល​ ​ក្នុង​ខេត្ត Khanh Hoa, Phu Yen និង Binh Dinh ទូក​នេសាទ​ប្រមាណ​ជាង១០០​គ្រឿង ក៏​ត្រូវ​បាន​ព្យុះ​ដំរី​មួយ​នេះ បោក​ពន្លិច​ទៅ​ក្នុង​សមុទ្រ​ផង​ដែរ​ ។ សម្រាប់​ការ​ខូចខាត​ផ្សេង​ៗ​ទៀត​នោះ គឺ​ផលដំណាំ​ជា​ច្រើន​ហិ​កតា ត្រូវ​បាន​លិចលង់​ទៅ​ក្នុង​ជំនន់​ទឹកភ្លៀង​យ៉ាង​គំហុក ខណៈ​ផ្ទះ៣៧០​ខ្នង​បាន​ដួល​រលំ​ទាំងស្រុង និង​ប្រជាជន ៣៣,០០០​នាក់ ត្រូវ​បាន​ជម្លៀស​ ​៕