អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៖ ស្ថានីយ៍​ទូរទស្សន៍​រដ្ឋ​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ថា​ ព្រះអង្គ​ម្ចាស់​អារ៉ាប៊ី​សាអ៊ូឌីត​បាន​សុគត់​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៥ វិច្ឆិកា ២០១៧ ខណៈ​ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង​ដែល​កំពុង​ដឹក​ក្រុម​មន្ត្រី​ជា​ច្រើន​រូប​នោះ​បាន​ធ្លាក់​នៅ​ក្បែរ​ព្រំ​ដែន​អារ៉ាប៊ី​សាអ៊ូឌីត​ នៅ​ភាគ​ខាង​ត្បូង​ជាប់​ព្រំ​ដែន​យេម៉ែន​ ដែល​ខ្ទេច​ខ្ទាំ​ដោយ​សារ​សង្គ្រាម​នោះ​។​

តាម​ទូរទស្សន៍​នេះ​ថា អ្នក​ទទួលខុសត្រូវ​ច្រើន​រូប​ទៀត​ជិះ​ក្នុង​ឧទ្ធម្ភាគចក្រ​នេះ​ដែរ តែ​ពុំ​បញ្ជាក់​ពី​វាសនា​ពួក​គេ​ឡើយ ។ ព្រះ​អង្គ​ម្ចាស់ MANSOUR BEN MOQREN អភិបាល​រង​ខេត្ត ASSIR បានសោយ​ទិវង្គត ​ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នេះ ។ ទូរទស្សន៍​ពុំ​បាន​លាត​ត្រដាង​ ក្នុង​ពេល​ភ្លាម​ៗ​ពី​មូលហេតុ​នៃ​ការ​ធ្លាក់ ឬ​អត្តសញ្ញាណ​របស់​អ្នក​ទទួល​ខុសត្រូវ​ឯទៀត​ៗ​ឡើយ ។ ឧទ្ធម្ភាគចក្រ​នេះ​បាន​បាត់ដាន​ពីលើ​ខេត្ត ASSIR មុន​ពេល​ធ្លាក់ ។

 

ឧទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ឧទ្ធម្ភាគ​ចក្រ​ក៏​បាន​កើត​ឡើង​ បន្ទាប់​ពី​អារ៉ាប៊ី​សាអ៊ូឌីត​ដែល​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ចាប់​និង​កម្ទេច​គ្រាប់​មីស៊ីល​បាលិ​ស្ទិក​មួយ​គ្រាប់​ នៅ​ក្បែរ​ព្រលាន​យន្ត​ហោះ​អន្ត​រ​ជាតិ​ក្រុង​រីយ៉ាដ​ បន្ទាប់​ពី​គ្រាប់​មីស៊ីល​នេះ​ត្រូវ​បាន​ចេញ​ពី​យេម៉ែន​នៅ​ក្នុង​ ខណៈ​​​កំពុង​មាន​កើន​ឡើង​នៃ​សង្គ្រាម​ប្រឆាំង​របស់​អារ៉ាប៊ី​សាអ៊ូឌីត​ប្រឆាំង​ក្រុម​ឧទ្ទាម​ហ៊ូធី​គាំទ្រ​ដោយ​អ៊ីរ៉ង់​ ។

ម្យ៉ាងទៀត អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រកាស​នា​ថ្ងៃ​ទី​៥ វិច្ឆិកា ថា ខ្លួន​នឹង​ផ្តល់​រង្វង់​មាន​ទឹកប្រាក់​សរុប​ដល់​៤០០​លាន​ដុល្លារ ចំពោះ​ជន​ណា​ដែល​អាច​ផ្តល់​ព័ត៌មាន​អំពី​មេដឹកនាំ​ពួក​ហ៊ូ​ធី​៤០​រូប ។ ក្រសួងមហាផ្ទៃ​ប្រទេស​នេះ​និយាយ​ថា រង្វាន់​នេះ​នឹង​ផ្តល់​ឱ្យ​អ្នក​ដែល​ដឹង​ថា ​តើ​អ្នក​ទទួលខុសត្រូវ​ទាំងនេះ​ស្ថិត​នៅ​ទីណា ឬ​ផ្តល់​ព័ត៌មាន​នានា​ដែល​អាច​នាំ​ទៅ​ដល់​ការ​ចាប់ខ្លួន​ពួក​គេ ​។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Mansour bin Muqrin ដែលបានសោយ​ទិវង្គតនៅក្នុងគ្រោះ​ថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ ​គឺជាបុត្រានៃ​អតីតទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Muqrin bin Abdul Aziz ។ ព្រះអង្គម្ចាស់ Muqrin នេះឯងត្រូវបានស្ដេច Salman ដកដំណែង​កាលពីឆ្នាំ២០១៥ ប្រគល់ឱ្យ​ព្រះអង្គម្ចាស់ Muhammad bin Nayef ដែលត្រូវបាន​ដកតំណែងបន្តប្រគល់ឱ្យរាជ​ទាយាទ​បច្ចុប្បន្ន​ព្រះអង្គម្ចាស់ Mohammad bin Salman កាលពី​ខែមិថុនា ឆ្នាំ២០១៧ ។

ខណៈ​ដែល​អារ៉ាប៊ី​សាអ៊ូឌីត​ស្វែង​រក​ការ​ធ្វើ​បន្សុទ្ធ​កម្ម ​ជា​ទូទៅ​មួយ​ក្នុង​ចំណោម​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​អារ៉ាប៊ី​សាអ៊ូឌីត​ដោយ​មាន​ព្រះ​អង្គ​ម្ចាស់ ​រដ្ឋ​មន្ត្រី​និង​មហា​សេដ្ឋី​ត្រូវ​បាន​ចាប់​ខ្លួន ​ហើយ​ព្រះ​រាជ​ទាយាទ​ព្រះ​អង្គ​ម្ចាស់​ Mohammed​bin ​Salman ​ព្យាយាម​ពង្រឹង​អំណាច​ និង​ឥទ្ធិពល​របស់​ទ្រង់​នោះ​ ។​

ដោយ​ទ្រង់​ត្រូវ​បាន​មើល​ឃើញ​ថា​ ជា​មេ​ដឹក​នាំ​ត្រួត​ត្រា​លើ​គ្រប់​មុខ​តំណែង​សំខាន់​ៗ​ នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​រាប់​ចាប់​តាំង​ពី​ក្រសួង​ការ​ពារ​ជាតិ​រហូត​ដល់​ក្រសួង​សេដ្ឋ​កិច្ច​នោះ​ ព្រះ​អង្គ​ម្ចាស់​ Mohammed​ ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា ​កំពុង​ព្យាយាម​ទប់​ស្កាត់​ និង​បង្ក្រាប​គ្រប់​មុខ​សញ្ញា​នៃ​អ្នក​ប្រឆាំង​ផ្ទៃ​ក្នុង​ទាំង​អស់​ មុន​ពេល​មាន​ការ​ផ្ទេរ​អំណាច​ជា​ផ្លូវ​ការ​ពី​ព្រះ​រាជ​បិតា​របស់​ទ្រង់​ដែល​មាន​ព្រះ​ជន្មាយុ​ ៨១​ឆ្នាំ​ព្រះ​មហា​ក្សត្រ ​Salman​ ៕